ហេតុអ្វីបានជាថៃហាមលែងឲ្យនាំចូលសំរាមអេឡិចត្រូនិកពីបរទេស?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ទី ១៦ សីហាបានប្រកាស ឈប់ឲ្យគេនាំចូលសំរាមអេឡិចត្រូនិក ចំនួន ៤៣២ប្រទេស ពីបរទេស។ បម្រាមរបស់ក្រសួងបរិស្ថានថៃនឹង ចូលជាធរមាន នៅក្នុងរយៈពេល ៦ខែទៀត ចំណែកសំរាមប្លាស្ទិក នាំចូលពីបរទេស នឹងត្រូវហាមឃាត់ទាំងស្រុង នៅ២ឆ្នាំខាងមុខ។ ថៃស្ថិតនៅក្នុងចំណោមប្រទេសនាំមុខ ៥ នៅអាស៊ី ដែលពូកែបញ្ចេញសំរាមប្លាស្ទិក ទៅក្នុងមហាសមុទ្រ។ ប៉ុន្តែ ហេតុអ្វីបានជាថៃទើបភ្ញាក់ខ្លួន ចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងសំរាមប្លាស្ទិក។
តាមការប្រកាសរបស់ក្រសួងបរិស្ថានថៃ សំរាមអេឡិចត្រូនិកចំនួន ៤៣២ប្រភេទនឹងត្រូវហាមលែងឲ្យនាំចូលក្នុងប្រទេសថៃ នៅ ៦ខែខាងមុខ។ ការសម្រេចរបស់រដ្ឋាភិបាល ធ្វើឡើងនៅតែប៉ុន្មានខែក្រោយប្រតិបត្តិការបង្រ្កាបចាប់បានសំរាមអេឡិចត្រូនិករាប់ម៉ឺនតោន ដែលគេបានលួចនាំចូលដោយខុសច្បាប់។
ថៃ ក៏ដូចជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែបារម្ភថា ខា្លចខ្លួន ក្លាយជាកន្លែងចាក់សំរាមថ្មី អេឡិចត្រូនិក ថ្មី នៅបន្ទាប់ពីប្រទេសចិន ដែលធ្លាប់ជាកន្លែង ចាក់សំរាមអេឡិចត្រូនិក ដ៏ធំជាងគេនៅអាស៊ី បានសម្រេចឈប់ឲ្យគេនាំចូលសំរាមអេឡិចត្រូនិកចំនួន ២១ប្រភេទពីអាមេរិក ឬពីសហភាពអឺរ៉ុប។ បម្រាមរបស់ចិន បានចូលជាធរមានចាប់តាំងពីឆ្នាំមុន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងសំរាមបរទេស។ ប្រទេសវៀតណាមវិញ កាលពីប៉ុន្មានសប្តាហ៍មុននេះ ទើបតែបានប្រកាសផងដែរថា នឹងឈប់ផ្តល់អាជ្ញាប័ណ្ណថ្មី ដើម្បីឲ្យគេប្រកបមុខរបរ នាំចូល និងកែច្នៃសំរាមអេឡិចត្រូនិកតទៅទៀត។
នៅថៃវិញ នៅពេលអាជ្ញាធរ និងអ្នកការពារបរិស្ថាន ព្រួយបារម្ភពីការហូរចូលកាន់តែច្រើនសំរាមអេឡិចត្រូនិក ដោយសារតែ ចិន និងប្រទេសអាស៊ីជិតខាងផ្សេងទៀត បិទទ្វារ អ្នកជំនួញថៃ បានសំឡឹងឃើញផលប្រយោជន៍ និងឱកាសដែលគេមិនអាចខកខានបាន។ នៅក្នុងជំនួញ អេតចាយ ឬសំរាមអេឡិចត្រូនិក គេចំណាយទុនតិច ប៉ុន្តែ ផលចំណេញវិញ មានច្រើន។ ចំណេញសេដ្ឋកិច្ច ប៉ុន្តែ គេមិនបានគិតថា ផលប៉ះពាល់ បរិស្ថាន និងសុខភាពមនុស្សដោយសារតែសំរាមអេឡិចត្រូនិក ខ្លាំងប៉ុណ្ណានោះទេ។ នៅប្រទេសចិន អ្នកធ្វើការជាច្រើន នៅរោងចក្រ សំរាមអេឡិចត្រូនិក ដែលប៉ះពាល់ដោយផ្ទាល់ សារធាតុបារត និងសំណរ នៅក្នុងសំរាមអេឡិចត្រូនិក កំពុងរងគ្រោះដោយសារជម្ងឺមហារីក គ្រប់មុខ។
តើអ្វីទៅជាសំរាមអេឡិចត្រូនិក?
សំរាមអេឡិចត្រូនិក សំគាល់ទៅឧបករណ៍ទាំងឡាយ ដែលមានខ្សែអគ្គសិនី ហើយនិងថ្មពិល ដូចជាទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កុំព្យូទ័ ដែល គេបោះចោល លែងប្រើប្រាស់។ រហូតមកដល់ពេលនេះ សំរាមអេឡិចត្រូនិក មានប្រភពចេញមកពីប្រទេសមហាឧស្សាហកម្ម ប្រទេសមានបច្ចេកវិទ្យាទំនើប ដូចជា អាមេរិក ប្រទេសនៅអឺរ៉ុប សិង្ហបុរី ហុងកុង ឬជប៉ុនជាដើម។
នៅប្រទេសថៃ អាជ្ញាធរបានអនុញ្ញាតឲ្យនាំចូលសំរាមអេឡិចត្រូនិក ព្រោះថា វាអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើន ដែលអាចធ្វើអាជីវកម្ម ទាញយកប្រយោជន៍ ពីសំរាមអេឡិចត្រូនិក។ នៅក្នុងសំរាមអេឡិចត្រូនិក គេអាចរកឃើញ មានបំណែកលោហៈតូចៗ ដែលមានតម្លៃ ដូចជា មាស ប្រាក់ ស្ពាន់ជាដើម។
ប៉ុន្តែ ជាមួយនឹងវត្ថុមានតម្លៃ មានប្រយោជន៍ សំរាមអេឡិចត្រូនិកមានបង្កប់ នាំមកជាមួយផងដែរ សារធាតុពុល ដូចជា សំណ បារត ដែលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពមនុស្ស ហើយនិងបរិស្ថាន ជាពិសេស នៅពេល វាបានហូរចូលទៅក្នុងទឹកទន្លេ ឬប្រភពទឹកក្រោមដី។
ក្រុមហ៊ុន រោងចក្រកៃច្នៃសំរាមប្លាស្ទិក មិនសប្បាយចិត្ត
រឿងសំរាមប្លាស្ទិកនេះ ថៃស្ថិតនៅក្នុងចំណោមប្រទេសអាស៊ី នាំមុខ ៥ ដូចជាចិន ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និងថៃ ខាងបញ្ចេញសំរាមប្លាស្ទិក ទៅក្នុងមហាសមុទ្រ។ របាយការណ៍របស់អ្នកជំនាញបរិស្ថានរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០៥ បានបង្ហាញថា ៦០ភាគរយនៃសំរាមប្លាស្ទិក នៅក្នុងមហាសមុទ្រ មានប្រភពមកពីប្រទេស៥ខាងលើ ដែលគេវាយតម្លៃថា ពូកែខាងផលិត ប្រើប្រាស់ ប៉ុន្តែ មិនពូកែ ប្រមូល គ្រប់គ្រង កែច្នៃសំរាមប្លាស្ទិកនោះទេ។ នៅប្រទេសថៃ គេបានទាញសញ្ញាអាសន្ន ពីគ្រោះថ្នាក់របស់ប្លាស្ទិក នៅក្រោយពេលគេរកឃើញ ថា ត្រីបាឡែន មួយក្បាល ដែលមកស្លាប់ ទើនៅលើឆ្នេរ ប្រទេសថៃ កាលពីខែមិថុនា ស្លាប់ដោយសារតែលេបថង់ប្លាស្ទិក។
នៅក្នុងប្រទេសថៃ ជាទីដែលរាល់ការប្រើប្រាស់ វេចខ្ចប់ គឺមិនអាចជៀសផុតពីបា្លស្ទិក សំរាមប្លាស្ទិក មានប្រមាណ ២លានតោន ក្នុងមួយឆ្នាំៗ។
ថៃ មានសំរាមប្លាស្ទិកក្នុងស្រុក ប៉ុន្តែ សម្រាប់ក្រុមហ៊ុន និងរោងចក្រកែច្នៃសំរាមប្លាស្ទិក សំរាមប្លាស្ទិកថៃ នៅតែថ្លៃ គឺមានតម្លៃទ្វេរ មួយជាពីរបើប្រៀបធៀបនឹងសំរាមប្លាស្ទិកដែលនាំចូលមកពីបរទេស។ ដូច្នេះ នៅពេលរដ្ឋាភិបាលថៃសម្រេច ហាមឈប់ឲ្យគេនាំចូល សំរាមប្លាស្ទិក មកពីបរទេស នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រុមហ៊ុន និងរោងចក្រថៃ ជាច្រើនបារម្ភថា ពួកគេនឹងត្រូវប្រឈមនឹងការខាតបង់ ឬត្រូវបិទទ្វារ។
នៅថ្ងៃពុធម្សិលមិញ នៅក្រោយការប្រជុំរបស់ក្រសួង រដ្ឋមន្រ្តីបរិស្ថានថៃបានអះអាង រដ្ឋាភិបាលដឹងថា វិធានការរបស់រដ្ឋាភិបាលនឹងប៉ះពាល់ដល់ផលចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្ម ដែលធ្វើការកែច្នៃសំរាមប្លាស្ទិក។ ប៉ុន្តែ រដ្ឋាភិបាលថៃវិញ នៅតែមានគោលដៅ ចង់ឲ្យជំរុញឲ្យគេកែច្នៃ សំរាមប្លាស្ទិកក្នុងស្រុក ជាមុនសិន ជាជាង នាំចូល សំរាមប្លាស្ទិកបន្ថែមមកពីបរទេស។ សម្រាប់អាជ្ញាធរថៃ បញ្ហាសេដ្ឋកិច្ចសំខាន់មែនហើយ ប៉ុន្តែ បរិស្ថាន គឺសំខាន់ជាង។ គេត្រូវការបរិស្ថានល្អស្អាតមួយសម្រាប់ឲ្យក្មេងថៃជំនាន់ក្រោយ អាចរស់នៅបាន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ