អានតួអត្ថបទ
ម៉ាឡេស៊ី

សភា​ម៉ាឡេស៊ី​បោះឆ្នោត​លុបចោល ច្បាប់​ស្តីពី​ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត

សមាជិក​សភា ម៉ាឡេស៊ី នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បោះឆ្នោត លុបចោល​ទៅវិញ ច្បាប់​ដ៏ចម្រូងចម្រាស ដែល​និយាយ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ ច្បាប់មួយនេះ ដែល​ត្រូវ​បាន​បង្កើត ដោយ​រដ្ឋាភិបាល​មុន និង​ត្រូវ​បាន​គេ​ចាប់អនុវត្ត តាំង​ពី​ខែ វិច្ឆិកា ត្រូវ​បាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​វាយតម្លៃ​ថា ជា​ឧបករណ៍​នយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់​បង្ក្រាប និង​បិទមាត់​អ្នកប្រឆាំង រិះគន់។ 

ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ក្នុង​រទេះភ្លើង​នៅ​គូឡាឡាំពួរ​ដែល​និយាយ​ពីការប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត កាលពី​ខែ​មីនា ២០១៨
ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ក្នុង​រទេះភ្លើង​នៅ​គូឡាឡាំពួរ​ដែល​និយាយ​ពីការប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត កាលពី​ខែ​មីនា ២០១៨ © REUTERS/Stringer/File Photo
ផ្សាយពាណិជ្ជកម្ម

សភា​ម៉ាឡេស៊ី បាន​បោះឆ្នោត​ចាត់ទុកជា​និរាករណ៍ ច្បាប់​ស្តី ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទៅតាម​ការសន្យា​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​មហាធៀរ មហាម៉ាត់។ កាលនៅ​ជា​មេបក្ស​ប្រឆាំង លោក​មហាធៀរ ផ្ទាល់​ដែល​ធ្លាប់​រង​ការស៊ើប​អង្កេត ពី​រដ្ឋាភិបាល​មុនក្នុង​រឿងផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ធ្លាប់​បាន​សន្យា​នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត​ថា នឹង​ទាមទារ​ឲ្យ​លុប​ចោល​ច្បាប់​នេះ​ទៅវិញ នៅពេល​លោក​ឈ្នះឆ្នោត ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី។

ច្បាប់​ស្តី​ពីការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដែល​បាន​តាក់តែង បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល មុន ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ណាជីព រ៉ាហ្សាក់ បាន​បង្ក​ឲ្យ​មាន​រលកតវ៉ា​ខ្លាំង​ពី ក្រុម​អ្នកប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​លោក​ណាជីព រ៉ាហ្សាក់ ថា បាន​បង្កើត​ច្បាប់​នេះ​ឡើង ក្នុងគោលដៅ បិទមាត់ ទប់ស្កាត់​មិន​ឲ្យ​គេ​និយាយ​រិះគន់​រូបលោក ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ នៅ​មុន​ការបោះឆ្នោត កាលពី​ខែ ឧសភា កន្លងទៅ។

លោក​រ៉ាហ្សាក់ ខ្ទាតចេញពី​អំណាច​ដោយសារ​មិនអាច​ឈ្នះ លោក​មហាធៀរ នៅក្នុង​ការបោះឆ្នោត។ ដូច្នេះ ច្បាប់​ដ៏​ចម្រូងចម្រាស​របស់​លោក​ក៏ត្រូវ​ស្លាប់​រលាយ​ទៅវិញ ជា​យថាហេតុ។ រ៉ាហ្សាក់ បច្ចុប្បន្ន កំពុង​ត្រូវ​ចាប់ខ្លួន និង​រង​ការចោទប្រកាន់ ពី​តុលាការ ក្នុង​បទបន្លំ​លួច​លុយ​ពី​មូលនិធិរដ្ឋ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក។

សូមអាន៖ ជាប់គុក​​​១០​​ឆ្នាំ​​ចំពោះ​​​ជនណា​​ដែល​​​​​​​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​​

ច្បាប់​ដ៏ចម្រូងចម្រាស បាន​ចូល​ជា​ធរមាន តាំង​ពី​ខែ​មេសា និង​មាន​ចែង​ពី​ការដាក់​ទោស​ជន​ដែល​”ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត” ឲ្យ​ជាប់​ពន្ធនាគារ រហូត​ដល់​៦ឆ្នាំ និង​បង់ប្រាក់​ពិន័យ ១សែន ២ម៉ឺនដុល្លារ។

សម្រាប់​សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច ការលុបចោល​ច្បាប់​ស្តីពីការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ថ្មី របស់​លោកមហាធៀរ ដែល​គ្រោង​នឹង​សើរើ លុបចោល​ឲ្យ​អស់​ច្បាប់ ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព បញ្ចេញមតិ និង​សិទ្ធិមនុស្ស នៅ​ម៉ាឡេស៊ី។

លោក​Teddy Baguilat សមាជិក​របស់​ក្រុមសមាជិកសភា អាស៊ីអាគ្នេយ៍ ដែល​ប្រយុទ្ធប្រឆាំង​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​បាន​ថ្លែង​ស្វាគម និង​ចាត់ទុក ចំណាត់ការ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ថា​ជាការបោះជំហាន​ដ៏​វិជ្ជមានមួយ។

នៅមុន​សភា ម៉ាឡេស៊ី សម្រេច​លុបចោល​ច្បាប់​ដ៏ចម្រូងចម្រាស ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ី​មួយចំនួន ដែល​ចាប់​បង្កើត​ច្បាប់​ស្តីពី​ព័ត៌មាន​មិនពិត ដែល​មាន​ប្រភព​ដំបូង​ចេញពី​មាត់​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ។ សម្រាប់​សកម្មជន របប​ផ្តាច់ការ​បាន​ឆ្លៀតឱកាស​បង្កើត និង​ប្រើប្រាស់​ច្បាប់ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ដើម្បី វាយប្រហារ​បង្រ្កាប​ក្រុមអ្នកប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ