អានតួអត្ថបទ

ចិន ៖ អ្នកមាន​កូន​តិច​ជាង​ពីរ​នាក់ នឹង​ត្រូវ​បង់​ពន្ធ ?!

ចង់​ហើយ​នយោបាយ​កូន​​ទោល ! ប្រឈម​នឹង​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ ពេល​នេះ​ ​ចិន​កំពុង​ស្វែង​រក​គំនិត​ថ្មី ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ ឱ្យ​យុវជន-យុវនារី​​ចិន​សម័យថ្មី​​បង្កើត​កូន​​ឱ្យ​បាន​ច្រើន។ មានកូន​តិច​ជាង​ពីរ​នាក់ នឹង​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ ! នេះ​ជា​វិធានការ​ដែល​សំណើ​របស់​​អ្នក​ស្រាវជ្រាវ និង​ ដែល​កំពុងបង្ក​ឱ្យ​មាន​ការ​តស៊ូ​មតិ​​បំផុស​បំផុល​បំផុត ក្នុង​បណ្តាញ​អ៊ីនធ័រនែត។

មាន​កូន​តិច​ជាង​ពីរ​នាក់ អាច​នឹង​ត្រូវ​បង់​ពន្ធ ​
មាន​កូន​តិច​ជាង​ពីរ​នាក់ អាច​នឹង​ត្រូវ​បង់​ពន្ធ ​ 路透社REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

« បង្កើន​ការ​បង្ក​កំណើត ៖ បេសកកម្ម​ថ្មី​សម្រាប់​អភិវឌ្ឍន៍​ប្រជាសាស្ត្រ​ចិន​សករាជ​ថ្មី » នេះ​ជាចំណង​ជើង​​អត្ថបទ​ដែល​សរសេរ​ដោយ​សាស្ត្រាចារ្យ​ពីរ​រូប ទើប​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត Xinhua Daily កាសែត​​របស់​បក្ស​កុម្មុយនិស្ត​ចិន​ កាលពី​ថ្ងៃអង្គារ។

បើ​តាម​ខ្លឹម​សារ​នៃ​​អត្ថបទ ចិន​កំពុង​ត្រៀម​ស្នើ​វិធានការ​ថ្មី គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​ពលរដ្ឋ​ចិន​អាយុ​ក្រោម៤០​ឆ្នាំ មិនថា​ភេទ​ស្រី ឬ​ភេទ​ប្រុស​ទេ នឹង​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ រហូត​ទាល់​តែ​មាន​កូន​ពីរ​នាក់​ទើប​ឈប់។ ពន្ធ​នោះនឹងត្រូវ​​កាត់​ដក​យក​ ​ពី​ប្រាក់​ខែដោយ​ផ្ទាល់​ ទៅ​ដាក់​​​បំពេញ​ហិប​មូលនិធិ​មាតុភាព។

នៅ​ថ្ងៃ​កំណើត​កូន​ទី​ពីរ ប្តី​ប្រពន្ធ​អាច​ចាប់​ផ្តើម​ធ្វើ​សំណុំ​បែប​បទ​ទារ​ប្រាក់​សំណង​ ពី​មូលនិធិ​មក​វិញ​ផង និងអាច​​សុំ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​មក​បង្គ្រប់​ចំណូល​ដែល​អាក់ខាន​ពេល​ពរ​ពោះ​មិន​ទៅធ្វើការ។ ចំណែក​ពលរដ្ឋ​ចិន​ណា​ដែល​មាន​កូន​តែ​ម្នាក់ ឬ​គ្មាន​កូន​សោះ អាច​ទារ​សំណង​ពន្ធ​មក​វិញ នៅ​ពេល​ចូលនិវត្តន៍ តែ​ប៉ុណ្ណោះ។

គំនិត​ផ្តួច​ផ្តើម​នេះ បាន​ទទួល​ការ​ស្វាគមន៍​ ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ! ថ្វី​បើ​ពលរដ្ឋ​ចិន​ភាគ​ច្រើន​យល់​ថា ជា​ការ​បង្កើត​មូលនិធិ​មាតុភាព​ជា​សំណើ​ល្អ តែ​ការ​បំពេញ​ហិប​គួរ​តែ​ជា​ភារកិច្ច​របស់​ពលរដ្ឋ​ចិន​គ្រប់​រូប មិនមែន​តែ​ចំពោះ​អ្នកគ្មាន​កូន​ឡើយ។ នេះ​ជា​ប្រតិកម្ម​ដែល​គេ​ឃើញ​ចុះ​ផ្សាយ​យ៉ាង​ផុស​ផុល​នៅ​លើ​ទំព័​រអ៊ីនធ័រនែត។

ចិន​មាន​​នយោបាយ​កូនទោល​ ​តាំង​ពី​ឆ្នាំ​១៩៧០​មក ប៉ុន្តែ​ប្រឈម​នឹង​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ​ ចិន​សម្រេច​លុប​ចោល​ច្បាប់​នេះ នៅ​ឆ្នាំ​២០១៥ ដោយ​អនុញ្ញាត​ឱ្យ​​គូ​ស្វាមី​ភរិយា​ចិន អាចបង្កើត​កូន​​ពីរ​នាក់។ ភ្លាមដំបូង គេ​សង្កេត​ឃើញ​ពលរដ្ឋ​ចិន​ត្រេកអរ​នាំ​គ្នា​បង្កើត​កូន​ទីពីរ ប៉ុន្តែ​ពលរដ្ឋ​ចិន​ភាគ​ច្រើន​យល់​ថាជីវិត​ថ្លៃខ្លាំង​​ណាស់ មិន​អាច​​កូន​ពីរ​នាក់បាន​ទេ។ នៅ​ឆ្នាំ​២០១៧ អត្រា​កំណើត​បាន​ធ្លាក់​ចុះមក​ត្រឹម​ ១៧,២៣​លាន​ទារក ទល់​នឹង​១៧,៨៦​លាន​នាក់​នៅ​ឆ្នាំ​២០១៦។ ទោះ​ជា​យ៉ាង​ដូច្នេះក្តី​ ក៏​ចិន​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ សរុប​ប្រមាណ​១៣៨០​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ