អានតួអត្ថបទ
ចិន-អាមេរិក

ចិនថា មហិច្ឆតា​កងទ័ព​ចិន​មាន​គោលដៅ​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​ចិន

នៅ​ថ្ងៃ​សុក្រ ទី១៧ សីហា ចិន​តាម​រយៈ​ក្រសួង​ការពារជាតិ​បាន​ចាត់​ទុក​របាយការណ៍​របស់​មន្ទីរបញ្ចកោណ​អាមេរិក​ថា ជា​ការ​មូលបង្កាច់​នឹង​ចេតនា​ពិត​នៃ​យុទ្ធសាស្រ្ត​របស់​ចិន។ នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ សីហា មន្ទីរបញ្ចកោណ​បាន​គូសបញ្ជាក់​ពី​ការ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក និង​ថា កងទ័ព​ចិន​កំពុង​បន្ត​ហ្វឹកហាត់​ដើម្បី​វាយប្រហារ​លើ​ផ្ទាំងស៊ីប​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

លោក Wei Fenghe រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចិន
លោក Wei Fenghe រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចិន DR Net
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ក្រសួង​ការពារជាតិ​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ ទី១៧ សីហា។ សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ច្បាស់ៗ​ថា របាយការណ៍​របស់​មន្ទីរបញ្ចកោណ​អាមេរិក​ដែល​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​យោធា​ចិន​ជា​ការ​មូលបង្កាច់​គោលបំណង​ពិត​នៃ​យុទ្ធសាស្រ្ត​របស់​ចិន។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ចិន​កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិភាព និង​កំពុង​បន្ត​អនុវត្ត​យុទ្ធសាស្រ្ត​ការពារជាតិ រួម​ទាំង​ចូលរួម​លើក​ស្ទួយ​សន្តិភាព​ក្នុង​លោក និង​ការ​ការពារ​សណ្តាប់ធ្នាប់​ពិភពលោក​ទៀត​ផង។

ទាក់ទង​នឹង​ការ​ធ្វើ​ទំនើបកម្ម​យោធា​ចិន​ត្រូវ​បាន​ក្រសួង​ការពារជាតិ​ចិន​អះអាង​ថា មិនមែន​ជា​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​លោក​ទេ តែ​​មាន​មាន​គោលដៅ​ការពារ​អធិបតេយ្យ ផលប្រយោជន៍​ផ្នែក​សន្តិសុខជាតិ និង​ការ​អភិវឌ្ឍ រួម​ទាំង​ការពារ​សន្តិភាព និង​ស្ថិរភាព​ពិភពលោក។ ប្រតិកម្ម​ខ្លាំងៗ​របស់​ចិន​ពេល​នេះ​បាន​ឆ្លើយ​តប​នឹង​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ សីហា។ នៅ​ក្នុង​របាយការណ៍ អាមេរិក​បាន​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​ចិន​ក្នុង​វិស័យ​កងទ័ព​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​លោក និង​ថា កងទ័ព​ចិន​កំពុង​ពង្រឹង​ការ​ហ្វឹកហ្វឺន​ដើម្បី​វាយប្រហារ​លើ​ផ្ទាំងស៊ីប​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ជា​យថាហេតុ។

ក្រសួង​ការពារជាតិ​ចិន​បាន​ចាត់​ទុក​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ថា​កំពុង​ធ្វើ​ឲ្យ​ខូចបង់​ជំនឿ​ទុកចិត្ត​រវាង​គ្នា និង​បាន​ស្នើ​អាមេរិក​ឲ្យ​បោះបង់​ចោល​នូវ​គំនិត​សល់​ពី​សម័យ​សង្រ្គាមត្រជាក់។ នៅ​ចុង​បញ្ចប់ ចិន​បាន​អំពាវនាវ​ដល់​អាមេរិក​ឲ្យ​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ជួយ​លើក​កម្ពស់ និង​ការពារ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ស្ថិរភាព​នៃ​ទំនាក់ទំនង​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ។ សូម​ជម្រាប​ជូន​ថា​ក្នុង​ខែ​មករា ក្រសួង​ការពារជាតិ​អាមេរិក​បាន​ចាត់​ទុក​យុទ្ធនាការ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន និង​រុស្ស៊ី​ជា​សំណុំរឿង​អាទិភាព​នៃ​យុទ្ធសាស្រ្ត​ការពារជាតិ។ កំណត់​សម្គាល់​មួយ​ទៀត សង្រ្គាម​ពាក្យ​សម្តី​រវាង​ក្រសួង​ការពារ​អាមេរិក និង​ចិន​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ភាគី​ទាំង​ពីរ​កំពុង​ស្គាល់​ភាព​តានតឹង​យ៉ាង​ខ្លាំង​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ