អានតួអត្ថបទ
អាមេរិក-ភូមា

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​កងទ័ពភូមា​ពី​បទ​ចូលរួម​បោសសំអាត​ជនជាតិ​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​សុក្រ ទី១៧ សីហា អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​កងទ័ព​ភូមា​ចំនួន ៤នាក់ និង​អង្គភាព​កងទ័ព​ចំនួន ២កងពល​ពី​បទ​បាន​ចូលរួម​ប្រើ​អំពើ​ហិង្សា​បោសសំអាត​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​ក្នុង​ទឹកដី​ភូមា។ វិធានការ​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ សូម​ជម្រាប​ជូន​ថា អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​បាន​ចាត់​ទុក​អំពើ​ហិង្សា​លើ​ពួក​រ៉ូហ៊ីងយ៉ា​ថា​ជា​ទង្វើ​បំបាត់​ពូជសាសន៍​រ៉ូហ៊ីងយ៉ា តែ​ត្រូវ​បាន​រដ្ឋអំណាច​ភូមា​បដិសេធ​ជានិច្ច។

លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក
លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក REUTERS/Marcos Brindicci
ផ្សាយពាណិជ្ជកម្ម

មេបញ្ជាការ​ភូមា​ទាំង ៤រូប​ដែល​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​ទណ្ឌកម្ម​របស់​អាមេរិក​រួម​មាន លោក Aung Kyaw Zaw លោក Khin Maung Soe លោក Khin Hlaing និង​លោក Thura San Lwin រួម​ទាំង​កងអង្គភាព​ចំនួន ២កងពល​ផង​ដែរ។ ក្រៅ​ពី​ដៅ​ចំ​ឈ្មោះ​មេបញ្ជា​កងទ័ព​ភូមា​ទាំង ៤រូប រួម​ទាំង​កងអង្គភាព​ភូមា​ទាំង​ពីរ​កងពល រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ថ្លែង​ជា​លក្ខណៈ​ទូទៅ​ថា កម្លាំង​សន្តិសុខ​ភូមា​បាន​ចូលរួម​នៅ​ក្នុង​អំពើ​ហិង្សា​ប្រឆាំង​លើ​ជនជាតិ​ភាគតិច​នៅ​ទូទាំង​ប្រទេស​ភូមា។ អំពើ​ហិង្សា​ទាំង​អស់​រួម​មាន ការ​បោសសំអាត​ជាតិពិន្ធុ ការ​សម្លាប់​រង្គាល ការ​បំពាន​លើ​ផ្លូវភេទ ការ​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​រំលោភ​សិទ្ធិមនុស្ស​តាម​វិធី​ផ្សេងៗ​ទៀត​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

ជាតិ​ពិន្ធុ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​និយាយ​ផ្តោត​ខ្លាំង​ជាង​គេ គឺ​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​រស់នៅ​ក្នុង​រដ្ឋរ៉ាក់​ឃីន និង​ដែល​ពួក​គេ​កំពុង​បន្ត​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ជាង​គេ​ពី​រដ្ឋអំណាច​ភូមា។ ចន្លោះ​ខែ​សីហា និង​ខែ​ធ្នូ ឆ្នាំ ២០១៧ មាន​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៧០០ ០០០នាក់​បាន​រត់ភៀសខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរខាង ក្រោយ​ពី​កងទ័ព​ភូមា​បាន​បើក​ការ​វាយប្រហារ​សងសឹក​លើ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ដែល​បាន​ធ្វើ​ការ​វាយឆ្មក់​លើ​ប៉ូស្តិ៍​ប៉ូលិស​ភូមា​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ប្រតិបត្តិការ​សឹក​របស់​កងទ័ព​ភូមា​កាល​ណោះ​ថា​ជា​ការ​បោសសំអាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា តែ​រដ្ឋអំណាច​ភូមា​តែង​ចេញ​មុខ​បដិសេធ។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​បញ្ជាក់​ថា គេ​ត្រូវ​តែ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ ហើយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ត្រូវ​តែ​ទទួល​ទោស។ ទណ្ឌកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​លើ​មេបញ្ជា​កងទ័ព​ភូមា​ទាំង ៤រូប​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋបាល​អាមេរិក​រឹបអូស ឬ​បង្កក​ទ្រព្យសម្បត្តិ​របស់​មេបញ្ជាការ​កងទ័ព​ភូមា​ទាំង ៤នាក់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ