ទឹកជំនន់នៅឥណ្ឌា តុល្យការកាន់តែធ្ងន់ទៅៗ មនុស្សស្លាប់កាន់តែច្រើនឡើងៗ
ក្រុមសង្គ្រោះឥណ្ឌា អបដោយឧទ្ធម្ភាចក្ររាប់សិបគ្រឿង នាវារាប់រយគ្រឿង កំពុងបន្តសាកល្បងជួយសង្គ្រោះប្រជាពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់ ដែលជាប់កុនក្នុងគ្រោះទឹកជំនន់ នៅរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេស។ ជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន និងដែលបានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោចណាស់ ៣៧០នាក់ និងជាង៧សែននាក់ បោះបង់ទីជម្រកត្រូវរត់រកទីទួល។ នេះបើតាមតុល្យការបណ្តោះអាសន្នគិតត្រឹមថ្ងៃអាទិត្យទី ១៩ សីហា ២០១៨។
ចុះផ្សាយនៅថ្ងៃ៖
តុល្យាការនៃជនរងគ្រោះ កើនឡើងជារៀងរាល់ថ្ងៃ ហើយទឹកភ្លៀងនៅបន្តធ្លាក់ដូចគេចាក់ទឹកដដែល។ អាកាសធាតុបែបនេះ នឹងត្រូវបន្តអូសបន្លាយ យ៉ាងហោចក៏មួយសប្តាហ៍ទៀតដែរ។ នេះបើតាមភ្នាក់ងារឧតុនិយម។ នេះជាគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរ ប្រចាំសតវត្សរ៍ ដែលរដ្ឋកេរ៉ាឡា គ្មានប្រវត្តិធ្លាប់ស្គាល់ និងជួបប្រទះ ពីមុនមកទេ។ លិចអស់ក្រុងតូចក្រុងធំ ភូមិតូចភូមិធំ ! ខ្លះត្រូវកាត់ផ្តាច់ទាំងស្រុងពីពិភពលោក ! បណ្តាញផ្លូវថ្នល់ ផ្លូវដែក ស្ពាន មួយភាគធំ បានក្លាយជាចំណីទឹក។ ទ្វារទំនប់ បារាយស្តុកទឹក រាប់សិប មានកម្ពស់ទឹកឡើងដល់កំរិតគ្រោះថ្នាក់ទាំងអស់។
គិតមកត្រឹមថ្ងៃអាទិត្យ ចំនួនមនុស្សស្លាប់ បានឡើងដល់៣៧០នាក់។ ជិត៧សែនពីរម៉ឺន៥ពាន់នាក់ ត្រូវបានជម្លៀសទៅរកជម្រកទីទួល។ ២សែននាក់គ្មានជម្រក និងត្រូវបានជម្លៀសទៅកាន់ជំរំអាសន្ន ក្នុងតំបន់ចំនួន ៣០០០កន្លែង។ ខ្លះកំពុងបន្តជាប់កុនលើចុងឈើ លើដំបូលផ្ទះ រង់ចាំការសង្គ្រោះ។
ប្រឈមមុខនឹងទំហំនៃគ្រោះធម្មជាតិនេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ចេញកម្លាំងយោធា ទ័ពជើងគោក ទ័ពជើងទឹក ទ័ពអាកាស ឆ្មាំសមុទ្ទ រាប់សិបពាន់នាក់ ព្រមទាំងនាវាជាងបីរយគ្រឿង ឧទ្ធម្ភាគចក្រ រាប់សិបគ្រឿង មកជួយធ្វើអន្តរាគមន៍សង្គ្រោះ។ ទឹកស្អាត ចំណីអាហារ ដែលជាតម្រូវការចាំបាច់និងខ្វះខាតបំផុត ក៏ត្រូវបានរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុ ៦២លានអឺរ៉ូដល់រដ្ឋកេរ៉ាឡា បន្ទាប់ពីបានចុះទៅត្រួតពិនិត្យនិងដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់។
បើតាមការប៉ាន់ស្មាន ការខូចខាតជាសម្ភារៈមានតម្លៃដល់ជាងមួយពាន់លានដុល្លារ។ តុល្យការជនរងគ្រោះដល់ជីវិត មានកាន់ខ្ពស់ ឯប្រតិបត្តិការជួយសង្គ្រោះប្រព្រឹត្តទៅក្នុងលក្ខខណ្ឌត្រដាបត្រដួសបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ