អានតួអត្ថបទ

ទឹកជំនន់នៅឥណ្ឌា តុល្យការកាន់តែធ្ងន់ទៅៗ មនុស្ស​ស្លាប់​កាន់​តែ​ច្រើនឡើងៗ

ក្រុម​សង្គ្រោះ​ឥណ្ឌា អប​ដោយ​ឧទ្ធម្ភាចក្រ​រាប់​សិប​គ្រឿង នាវា​រាប់​រយ​គ្រឿង កំពុង​បន្ត​សាក​ល្បង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឥណ្ឌា​រាប់​សិប​ពាន់​នាក់ ដែល​ជាប់​កុន​ក្នុង​គ្រោះ​​ទឹក​ជំនន់ នៅ​រដ្ឋ​កេរ៉ាឡា ភាគ​ខាង​ត្បូង​ប្រទេស។ ជា​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន និង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​ណាស់ ៣៧០​នាក់ និង​ជាង​៧សែន​នាក់​ បោះបង់​ទី​ជម្រក​ត្រូវ​រត់​រក​ទី​ទួល។​ នេះ​បើ​តាមតុល្យការ​បណ្តោះ​អាសន្ន​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ១៩ សីហា ២០១៨។

ប្រតិបត្តិការ​សង្គ្រោះ ថ្ងៃទី ១៨ សីហា ២០១៨
ប្រតិបត្តិការ​សង្គ្រោះ ថ្ងៃទី ១៨ សីហា ២០១៨ REUTERS/Sivaram V
ផ្សាយពាណិជ្ជកម្ម

តុល្យាការ​នៃ​ជន​រងគ្រោះ​ កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់ដូច​គេ​ចាក់​ទឹក​ដដែល។ អាកាសធាតុ​បែប​នេះ នឹង​ត្រូវ​បន្ត​អូស​បន្លាយ​ យ៉ាង​ហោច​ក៏​មួយ​សប្តាហ៍​ទៀត​ដែរ។ នេះ​បើ​តាម​ភ្នាក់ងារ​ឧតុនិយម។ នេះ​ជា​គ្រោះ​ទឹក​ជំនន់​ ដ៏​ធ្ងន់ធ្ងរ ប្រចាំ​សតវត្សរ៍​ ដែល​រដ្ឋកេរ៉ាឡា គ្មាន​ប្រវត្តិ​​ធ្លាប់​ស្គាល់ និង​ជួប​ប្រទះ​ ពីមុន​មក​ទេ។​ ​លិច​អស់​ក្រុងតូច​ក្រុង​ធំ​ ​ភូមិតូច​ភូមិ​ធំ​ ! ខ្លះ​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​ពី​ពិភពលោក ! បណ្តាញ​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ស្ពាន មួយភាគ​ធំ​ បានក្លាយ​ជា​ចំណី​ទឹក។ ទ្វារ​ទំនប់​​ បារាយស្តុកទឹក​ រាប់​សិប​ មាន​កម្ពស់​ទឹក​ឡើង​ដល់​កំរិត​គ្រោះ​ថ្នាក់​ទាំង​អស់។

​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ ចំនួន​មនុស្ស​ស្លាប់ បាន​ឡើង​ដល់​៣៧០​នាក់​។ ជិត​៧សែន​ពីរម៉ឺន​៥ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​រក​ជម្រក​ទីទួល។ ២​សែន​នាក់​គ្មាន​ជម្រក និង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ជំរំ​​​អាសន្ន​ ក្នុង​តំបន់ចំនួន ៣០០០​កន្លែង។ ខ្លះ​កំពុង​បន្ត​ជាប់​កុន​លើ​ចុង​ឈើ លើ​ដំបូល​ផ្ទះ រង់​ចាំ​ការ​​សង្គ្រោះ​។

ប្រឈម​មុខ​នឹង​ទំហំ​នៃ​គ្រោះ​ធម្មជាតិ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ចេញ​​កម្លាំង​យោធា ទ័ព​ជើង​គោក ទ័ព​ជើង​ទឹក​ ទ័ព​អាកាស​ ឆ្មាំ​សមុទ្ទ រាប់​សិប​ពាន់​នាក់ ព្រមទាំង​នាវា​ជាង​បីរយ​គ្រឿង ឧទ្ធម្ភាគចក្រ រាប់​សិប​គ្រឿង មក​ជួយ​ធ្វើ​អន្តរាគមន៍​​សង្គ្រោះ។ ទឹក​ស្អាត ចំណីអាហារ ដែល​ជា​តម្រូវការ​ចាំបាច់​និង​ខ្វះខាត​បំផុត ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​។ លោក​នាយករដ្ឋមន្ត្រី ម៉ូឌី បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ៦២​លាន​អឺរ៉ូ​ដល់​រដ្ឋ​កេរ៉ាឡា បន្ទាប់​ពី​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​និង​ដឹកនាំ​​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់​។

បើ​តាម​ការ​ប៉ាន់​ស្មាន ការ​ខូច​ខាត​ជា​សម្ភារៈ​មាន​តម្លៃ​ដល់ជាង​មួយ​ពាន់​លាន​ដុល្លារ។ តុល្យការជន​រងគ្រោះ​ដល់​ជីវិត​ មាន​​កាន់​ខ្ពស់ ឯ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ​ត្រដាបត្រដួស​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ