អានតួអត្ថបទ
ប៉ាគីស្ថាន-ឥណ្ឌា

ប្រមុខការបរទេស​ប៉ាគីស្ថាន៖រដ្ឋាភិបាល​ថ្មី​​ចង់​បាន​ការចរចា​​ជាប់ជានិច្ច​ជាមួយ​ឥណ្ឌា

រដ្ឋាភិបាល​ថ្មី​របស់​ប៉ាគីស្ថាន ចង់​បន្ត​ការចរចា​ជាប់រហូត ជាមួយ ឥណ្ឌា។ នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន Mehmood Qureshi។ នៅ​ក្នុង​ឱកាស​ស្បថ​ចូល​កាន់តំណែង កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រមុខការបរទេស​ថ្មី​របស់​ប៉ាគីស្ថាន​បាន​និយាយ​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការចរចា​រវាង​ប្រទេស​ជិតខាងទាំងពីរ ដែល​បាន​ប្រយុទ្ធ​ធ្វើសង្រ្គាម​នឹងគ្នា ដល់​ទៅ ៣​លើក ចាប់តាំង​ពី​ប៉ាគីស្ថាន​ត្រូវ​បាន​បំបែក​ចេញពី​ឥណ្ឌា នៅ​ឆ្នាំ ១៩៤៧។ 

រដ្ឋមន្រ្តីការបរទេស​​ថ្មី​របស់​ប៉ាគីស្ថាន លោក​Mehmood Qureshiនៅក្នុង​សន្និសីទ​កាសែត នៅក្រោយ​ពិធីស្បថ​ចូល​កាន់តំណែង នៅថ្ងៃទី ២០ សីហា ២០១៨
រដ្ឋមន្រ្តីការបរទេស​​ថ្មី​របស់​ប៉ាគីស្ថាន លោក​Mehmood Qureshiនៅក្នុង​សន្និសីទ​កាសែត នៅក្រោយ​ពិធីស្បថ​ចូល​កាន់តំណែង នៅថ្ងៃទី ២០ សីហា ២០១៨ ©REUTERS/Faisal Mahmood
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជម្លោះ​ដណ្តើម​ទឹកដី​នៅ​តំបន់​កាស្មៀរ វា​មាន​សារៈសំខាន់​ណាស់ ដែល​ឥណ្ឌា និង​ប៉ាគីស្ថាន​ត្រូវ​ពិភាក្សា​គ្នា ជាប់​មិន​ដាច់ ព្រោះ​ថា ឥណ្ឌា និង​ប៉ាគីស្ថាន មិនត្រឹមតែ​ជាប្រទេស​ជិតខាង​នឹងគ្នាទេ ប៉ុន្តែ ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា។ នេះ​ជា​ប្រសាសន៍​របស់លោក Mehmood Qureshi​រដ្ឋមន្រ្តី​ការបរទេស​ថ្មី​របស់​ប៉ាគីស្ថាន។

ប្រមុខការបរទេស​ថ្មី​របស់​ប៉ាគីស្ថាន​ដែល​ទើប​ស្បថ​ចូលកាន់តំណែង កាលពី​ថ្ងៃ​ចន្ទ បាន​លើក​ឡើង​ផងដែរ​ពី​ចេតនា​របស់​ឥណ្ឌា ដើម្បី​ពិភាក្សា​ជម្លោះ​ព្រំដែន​ជាមួយ​ប៉ាគីស្ថាន។ បើតាមរដ្ឋមន្រ្តីការបរទេស​ប៉ាគីស្ថាន នៅក្នុង​នៅក្នុង​សំបុត្រ​សរសេរ​ទៅ អបអរ​ជ័យជំនះ​ឆ្នោត​របស់​លោក​អ៊ីមរ៉ាន់ ខាន់ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ផ្ទាល់​បាន​ផ្ញើ​សារ ចង់​ឲ្យ​ចាប់ផ្តើម​ការចរចា​ជាមួយ​ភាគី​ប៉ាគីស្ថាន។

ក្រសួងការបរទេស​ឥណ្ឌា​វិញ​មិន​បានអត្ថាធិប្បាយ​ជុំវិញ​ខ្លឹមសារ​សំបុត្រ​របស់​លោកណារិនដ្រា ម៉ូឌី ផ្ញើទៅកាន់​នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន​នោះទេ។ ប៉ុន្តែ កាសែត​ក្នុង​ស្រុក​ឥណ្ឌា​ធ្លាប់​បាន​សរសេរ​បញ្ជាក់​រួចហើយ ពី​ខ្លឹមសារ និង​សំបុត្រ​របស់​លោក​ម៉ូឌី។ នៅក្នុង​សារ​តាម​ទូរទស្សន៍ ជាលើកទី១​របស់​លោក កាលពីថ្ងៃ​អាទិត្យ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់​ខាន់ បាន​អំពាវនាវ​ចង់​ឲ្យ​ទំនាក់ទំនង​ប៉ាគីស្ថាន ឥណ្ឌា ល្អប្រសើរ ដូច​ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​មុន របស់​លោកនាយក​រដ្ឋមន្រ្តី ណាវ៉ា ស្ហារីហ្វ។

នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ស្ហារីហ្វ ទំនាក់ទំនង​ប៉ាគីស្ថាន និង​ឥណ្ឌា បាន​ល្អូកល្អឺន​នឹងគ្នា មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិតានតឹង​រវាង​បងប្អូន​សត្រូវ​ទាំងពីរ។ តាម​អ្នក​តាមដាន​នយោបាយ​ប៉ាគីស្ថាន គឺ​ការងាក​ទៅត្រូវរ៉ូវ​ជាមួយ​ឥណ្ឌា ដែល​ផ្ទុយពីការចង់​បាន​របស់​កងទ័ព​ប៉ាគីស្ថាន ដែល​បានធ្វើ​ឲ្យ​លោក​ណាវ៉ា ស្ហារីហ្វ ត្រូវ​ខ្ទាត​ចេញពី​តំណែងនាយករដ្ឋមន្រ្តី (លោកស្ហារីហ្វ បច្ចុប្បន្ន​កំពុង​ជាប់ឃុំឃាំង នៅក្រោយ តុលាការ​កំពូល​ដកហូត​តំណែង និង​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ)។

ក្រៅតែ​ពី​ចង់​ត្រលប់ទៅ​ចងចរចា​ជាមួយ​ឥណ្ឌា រដ្ឋមន្រ្តីការបរទេស​ថ្មី​របស់​ប៉ាគីស្ថាន​បាន​ថ្លែង​ចង់​ទៅ​ធ្វើ​ទស្សនកិច្ច​ឲ្យ​បាន​ឆាប់ នៅ​ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​ផ្ញើសារ​ស្តីពី​ការស្រឡាញ់​មិត្តភាព ហើយ​និង​ការចាប់ផ្តើម​ថ្មី។ សម្រាប់​ប្រមុខ​ការបរទេស​ប៉ាគីស្ថាន “គ្មាន​សន្តិភាព និង​ស្ថិរភាព​នៅ​អាហ្វហ្កានីស្ថាន គ្មាន​ទេ សន្តិភាព​និង​ស្ថិរភាព នៅ​ប៉ាគីស្ថាន”។

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​រហូតមក បាន​ចោទប្រកាន់​ទីក្រុង​អ៊ីស្លាម៉ាបាត ថា ជាអ្នកចិញ្ចឹម សាបព្រួស​ឲ្យ​កើតមាន​អំពើហិង្សា នៅ​អាហ្វហ្កានីស្ថាន តាមរយៈ​ការជួយ​ឧបត្ថម្ភ ការពារ ក្រុមតាលីបង់​នៅ​អាហ្វហ្កានីស្ថាន។ គេ​ជឿថា ទាំងក្រុមតាលីបង់​នៅ​អាហ្វហ្កានីស្ថាន ហើយ​និង​ក្រុមប្រដាប់​អាវុធ អ៊ីស្លាមជ្រុលនិយម​ជាច្រើន​ក្រុម​មានទំនាក់ទំនង ការពារបិទបាំង​ដោយ​កងទ័ព​ប៉ាគីស្ថាន ដែល​ចង់​ប្រើ​ក្រុម​ទាំងនេះ ជាកូនអុក សម្រាប់​វាយប្រហារ ផលប្រយោជន៍​ឥណ្ឌា។ កាលពីខែ​មករា​ដើមឆ្នាំនេះ ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ផ្អាក​ជំនួយ​យោធា​ដល់​កងទ័ព​ប៉ាគីស្ថាន​ដែល​អាមេរិក​ចោទប្រកាន់​ថា បាន​លួច​ជួយ ក្រុមប្រដាប់អាវុធ អ៊ីស្លាម នៅពីក្រោយ​ខ្នង​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ