អានតួអត្ថបទ

អូស្ត្រាលីមាន​នាយក​រដ្ឋមន្ត្រី​ថ្មី គម្រប់​ទី ៧ ក្នុង​រយៈ​ពេល​១១​ឆ្នាំ

អូស្ត្រាលី​បាន​ប្តូរ​នាយករដ្ឋមន្ត្រី​ថ្មី​ជា​លើក​ទី ៧ ក្នុង​រយៈ​ពេល​​តែ​១១​ឆ្នាំ ! ថ្ងៃ​នេះ​​​គណ​បក្ស​អំណាច​អូស្ត្រាលី បាន​សម្រេច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Scott Morrison ត្រូវ​បាន​ជ្រើស​តាំង​ឱ្យ​ឡើង​កាន់​តំណែង​​នាយក​រដ្ឋមន្ត្រី ជំនួស​លោក Malcolm Turnbull ដែល​បក្ស​​ទើប​ធ្វើ​​រដ្ឋប្រហារ​ទម្លាក់។

លោកScott Morrison នាយករដ្ឋមន្ត្រី​អូស្ត្រាលីថ្មី
លោកScott Morrison នាយករដ្ឋមន្ត្រី​អូស្ត្រាលីថ្មី REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​រដ្ឋប្រហារ​បក្ស​ប្តូរ​​នាយក​រដ្ឋមន្ត្រី​មិន​មែន​ជា​ករណី​​ដំបូង​ទេ នៅ​អូស្ត្រាលី ! លោក Malcolm Turnbull ក៏​បាន​ផ្តួល​នាយក​រដ្ឋមន្រ្តី​មុន​​ តាម​គន្លង​តែ​មួយ​ មុន​នឹង​បាន​ឡើង​កាន់​អំណាច​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៥ដែរ។ នៅ​ពេល​នេះ​ដល់​វេន​លោក​ម្តង !

ប៉ុន្តែ​គឺ​ជម្រើស​នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ជា​ប្រៀប​ដូច​ជា​ព្រនង់​វាយ​សំពង​លើ​រូប​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Petter Dutton ដែល​ជា​មេក្រុម​ដឹកនាំ​ចលនា​ប្រឆាំងក្នុង​បក្ស​ដើម្បី​​ផ្តួល​លោក​​នាយក​រដ្ឋមន្ត្រី​ Turnbull !

​លោក Scott Morrison អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ជា​ជំនិត​ម្នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចាស់។ លោក បាន​ទទួល​សំឡេង​គាំទ្រ ៤៥​ទល់​នឹង៤០​សំឡេងសម្រាប់លោក​Dutton​​ ជាគូប្រជែង។ ​

ក្នុង​វ័យ​៥០​ឆ្នាំ ​ជា​គ្រិស្តិសាសនិក ដ៏​ស្មោះស្ម័គ្រ​​បំផុត​ លោក ម៉ូរីសាន់ បាន​ឡើង​កាន់​តំណែងតាំង​ពី​ខែ​កញ្ញា​២០១៥​មក ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ដែល​ជា​តួនាទី​ឈ្នាន់​សម្រាប់​ឈោង​ទៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែ​លោក ម៉ូរីសាន់ ជា​អ្នក​អភិរក្ស​ស្តាំ​និយមខ្លាំង ជាង​នាយក​រដ្ឋមន្ត្រីមុន ! ជាមនុស្ស​ដែល​ស្រលាញ់​គ្រួសារ​ គោរព​ពាក្យ​សំដី​ខ្លួន ធ្វើការ​អស់​ពី​ចិត្ត​​ពី​ថ្លើម​និង​ប្រកប​ដោយ​ថាមពល តែ​ក៏​មាន​លក្ខណៈ​​ចម្រូង​ចម្រាស​ខ្លាំង​ដែរ ជាពិសេស​ ​ចំពោះ​សកម្មភាព​នយោបាយ​ដ៏​តឹង​តែង​ កាលលោក​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ពី​ឆ្នាំ ២០១៣-២០១៤។ ដោយ​កាលណោះ លោក​បាន​ដឹកនាំ​បើក​យុទ្ធនាការការពារ​ព្រំដែន​ “​Operation Frontieres souveraines” ដើម្បី​បំបាក់​ទឹក​ចិត្ត​​ជនភៀស​ខ្លួន​ដែល​រត់​ឆ្លង​សមុទ្ទ​មក​កាន់​ទឹក​ដី​អូស្ត្រាលី។

ជា​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងតែងបំផុត ! រាល់​គ្រប់​ទូក​អន្តោប្រវេសន៍​ នឹង​ត្រូវទាហាន​ ​​បញ្ជូន​ជា​ស្វ័យប្រវត្តិ​ត្រលប់​ទៅ​ស្រុក​ដើម​វិញ។ អន្តោប្រវេសន៍​ដែលបាន​ជាន់​ដី​អូស្ត្រាលី​ហើយ​ នឹង​ត្រូវ​ចាប់​ទៅ​ជំរំ​ឃុំ​ឃាំង​នៅ​តាម​កោះកណ្តាល​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក ដែល​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​​តែង​បរិហារ​ជា​ញឹកញយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ