អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅខួប​មួយឆ្នាំ​នៃការធ្វើទុក្ខម្នេញនៅភូមា ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​ទាមទារ​រក​យុត្តិធម៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍​ទី ២៥ សីហា ជា​ថ្ងៃ​ខួប​១ឆ្នាំ​គត់ ដែល​ប្រជាជន​រ៉ូហ៊ីងយ៉ា​បាន​រត់ភៀសខ្លួន​ពី​អំពើហិង្សា ការធ្វើទុក្ខបុកម្នេញ របស់​កងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន។ ដើម្បី​ប្រារព្ធ​ខួប​មួយឆ្នាំ នៃ​ថ្ងៃ​ដ៏​ខ្មៅងងឹតរបស់ពួកគេ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ នៅ​ថ្ងៃ​សៅរ៍នេះ នៅក្នុង​ជំរំ​មួយ ក្នុង​ទឹកដី​បង់ក្លាដែស បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ រកយុត្តិធម៌​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ នៅ​ឆ្នាំ​មុន នៅថ្ងៃទី ២៥​សីហា នៅក្រោយ ​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា​បាន​វាយប្រហារ​ទៅលើ​ប៉ុស្ត​ប៉ូលិស​ភូមា នៅ​រដ្ឋរ៉ាឃីន កងទ័ព​ភូមា បាន​ចាប់ផ្តើម បើក​ប្រតិបត្តិការ បោសសម្អាត​ក្រុមភេរវជន ប៉ុន្តែ ផ្ទុយទៅវិញ គឺ​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា ប្រមាណ ៧សែននាក់ ដែល​បាន​រត់ផាស់ក្រញ៉ាំ គេចខ្លួន​ចេញពី​អំពើហិង្សា​របស់​ពួកទាហាន និង​រត់ទៅ​ជ្រកភៀសខ្លួន នៅក្នុង​ទឹកដី​បង់ក្លាដែស​ដែល​ជាប់ព្រំដែន​ជាមួយ​រដ្ឋរ៉ាឃីន​របស់​ប្រទេស​ភូមា។ 

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ធ្វើបាតុកម្ម​នៅ​ក្នុង​ជំរំKutupalong ក្នុង​ទឹកដី បង់ក្លាដែស ថ្ងៃទី ២៥ សីហា ២០១៨
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ធ្វើបាតុកម្ម​នៅ​ក្នុង​ជំរំKutupalong ក្នុង​ទឹកដី បង់ក្លាដែស ថ្ងៃទី ២៥ សីហា ២០១៨ ©REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

នៅ​ជំរំ Kutupalong ជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ធំជាងគេ នៅ​ក្នុង​ទឹកដី​បង់កា្លដែស ជនជាតិ​រ៉ូហ៊ីងយ៉ា នៅថ្ងៃ​សៅរ៍នេះ បាន​ធ្វើ​បាតុកម្ម រំលឹក​ថ្ងៃ​ចាប់ផ្តើម​នៃ​ការរត់ចំណាកស្រុក​របស់ពួកគេ ពី​ប្រទេស​ភូមា។ នៅក្នុង​បដា សរសេរ​ជា​ភាសា​អង់គ្លេស ពួកគេ​បាន​ទាមទារឲ្យ​អង្គការ​សហប្រជាជាតិ ស្វែងរក​យុត្តិធម៌ ឲ្យពួកគេ ដែល​ត្រូវរត់គេចខ្លួន​ពីការធ្វើទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន មុន​នឹង​មក​ទើ​នៅក្នុង​ជំរំភៀសខ្លួន ក្នុង​ប្រទេស​បង់ក្លាដែស។

ប្រតិបត្តិការ​របស់​កងទ័ព​ភូមា ដើម្បី​បោសសម្អាត​ក្រុមភេរវជន នៅ​រដ្ឋរ៉ាឃីន កាលពី​១​ឆ្នាំមុន គឺ​បាន​ជំរុញ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា នៅ​ភូមា ជាង​៧សែននាក់ បាន​រត់ភៀសខ្លួន​ទៅ​ក្នុងទឹកដី បង់ក្លាដែស។ នៅក្នុង​ជំរំភៀសខ្លួន នៅ​ក្នុង​ទឹកដី បង់ក្លាដែស មួយឆ្នាំមកនេះ អនាគត​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺនៅ​តែ​មិន​ច្បាស់លាស់ ព្រោះថា កិច្ចព្រមព្រៀង​ស្តីពីការវិលត្រលប់​របស់​ពួកគេ ទៅ​ភូមាវិញ បាន​ជាប់គាំង មិនទៅមុខ ចំណែក​ថវិកា​ជំនួយ​វិញ គឺ​កាន់តែ​ខើច មិន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​រស់នៅ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់សែននាក់ នៅក្នុង​ជំរំភៀសខ្លួន នៅ​បង់ក្លាដែស។

កាលពី​ខែ​មីនា អង្គការ​សហប្រជាជាតិ​បានប្រកាស​ស្វែងរក​ជំនួយ ជាង​៩៥០​លាន​ដុល្លារ ដើម្បី ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅក្នុង​ទឹកដី​បង់ក្លាដែស ពី ខែ មីនា រហូត​ដល់​ដំណាច់ឆ្នាំនេះ។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ គឺ​នៅ​សល់​តែ​៤ខែ ទៀត នឹង​ដល់​ដំណាច់ឆ្នាំ​ទៅហើយ អង្គការ​សហប្រជាជាតិ​ប្រមូល​រកបាន​ថវិកា​តែ មួយភាគបី នៃ​ថវិកា​សរុបតែប៉ុណ្ណោះ។

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ តាំង​ពី​ទីក្រុង​ហ្សឺណែវ ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​និងអង្គការ​ទទួល បន្ទុក​ជនអន្តោប្រវេសន៍ IOM​បាន​អំពាវនាវ​សាជាថ្មី ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ថវិកា​សម្រាប់​ជួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ​យ៉ាងអត្តខាត់ ក្នុង​ជំរំជនភៀសខ្លួន ដ៏ណែនណាន់ តាន់តាប់ ក្នុង​ទឹកដី​បង់ក្លាដែស។ តាម​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​រដូវ​ទឹកភ្លៀង កន្លែង​រស់នៅ​ភាគច្រើន​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ក្នុង​ទឹកដី បង់ក្លាដែស កំពុង​ប្រឈម​នឹង​ការលិចទឹក ហើយ​និង​ជំងឺ​ឆ្លង​រាតត្បាត។ ក្រៅតែ​ពី​បញ្ហា​សុខភាព កុមារ​រ៉ូហ៊ីងយ៉ា ដែល​តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​ជនភៀសខ្លួន សរុប ៧សែននាក់ មិន​បាន​ទទួល​ការអប់រំ រៀនសូត្រ​បាន​ត្រឹមត្រូវ ចំណែក ប្រជាជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​គ្មាន​សិទ្ធិ​ធ្វើការ ដោយសារ​ការហាមឃាត់​របស់​អាជ្ញាធរ​បង់ក្លាដែស រស់នៅ​ពឹងអាស្រ័យ​តែទៅលើ​ជំនួយ​មនុស្សធម៌​ពី​អង្គការ​អន្តរជាតិ​តែប៉ុណ្ណោះ។

ការធ្វើ​មាតុភូមិនិវត្ត​ដែលមានតែនៅលើ​ក្រដាស

កាលពី​ខែ​មករា​ដើមឆ្នាំនេះ រដ្ឋាភិបាល​បង់ក្លាដែស និង​ភូមា​បាន​ចុះ​កិច្ចព្រមព្រៀង​នឹងគ្នា​ដើម្បី ធ្វើ​មាតុភូមិនិវត្ត​ជនជាតិ​រ៉ូហ៊ីងយ៉ា ទៅ​ភូមា​វិញ ឲ្យ​បាន​ចាប់​សព្វគ្រប់ នៅត្រឹម​ដើម​ឆ្នាំ ២០២០។

ទៅ​តាម​កិច្ចព្រមព្រៀង ចុះ​ជាមួយរដ្ឋាភិបាល​បង់ក្លាដែស រដ្ឋាភិបាល​ភូមា ដែល​បាន​រងការដាក់សម្ពាធ​ពី​សហគមន៍​អន្តរជាតិ បាន​សន្យា​ថា ក្នុង​រយៈពេល ២ឆ្នាំ នឹង​ទទួល​យក​ឲ្យ​អស់ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ចេញ​ពី​ភូមា​តាំង​ពី​ខែ​សីហា​ឆ្នាំមុន។

ដើម្បី ការវិលត្រលប់​យ៉ាងឆាប់រហ័ស​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា បង់ក្លាដែស​បាន​ស្នើ​ឲ្យ​ភូមា​ទទួល​យកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ១ម៉ឺន​៥សែននាក់ ក្នុង​មួយសប្តាហ៍ ប៉ុន្តែ ភូមា​បាន​តថ្លៃ ចង់​ទទួល​យក​តែ ១ពាន់ ៥រយ​នាក់ ក្នុង​មួយសប្តាហ៍​ប៉ុណ្ណោះ ពោល​គឺ​១០​ដង​តិចជាង​ការទាមទារ​របស់​ភាគី​បង់ក្លាដែស។ ជាមួយ នឹង​បរិមាណ​ចង់​បាន​របស់​ភូមា ដំណើរវិលត្រលប់​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដល់ទៅ​ជាង ៧សែននាក់​ពី​បង់ក្លាដែស ទៅ​ភូមាវិញ​នឹង​ត្រូវការ​ពេលវេលា​ដល់ទៅ ៩ឆ្នាំ គឺ​មិនមែន​២ឆ្នាំ ដូច​ការអះអាង​របស់​ភូមា​នោះទេ។

ភូមា​អះអាងថា បាន​ត្រៀមខ្លួន​ទទួល​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ភៀសខ្លួន​ពីរដ្ឋរ៉ាឃីន ប៉ុន្តែ នៅក្នុងស្ថានភាព​ជាក់ស្តែង​វិញ រហូតមកដល់​ពេលនេះ ភូមា​បាន​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ឲ្យ​ត្រលប់ទៅ​ភូមា​វិញ​បានតិចជាង ២០០នាក់តែប៉ុណ្ណោះ។ នៅ​សប្តាហ៍មុន លោកស្រី អ៊ុងសាន​ស៊ូជី បាន​និយាយ​ទម្លាក់​កំហុស​លើ​បង់ក្លាដែស​ដោយ​ថា ការវិលត្រលប់ របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អាច​យឺតយ៉ាវ ឬ​លឿន គឺ​អាស្រ័យ​ទាំងស្រុង​លើ​ឆន្ទៈ​របស់​បង់ក្លាដែស។

នៅក្នុង​រឿងវិលត្រលប់​របស់ជនជាតិ​រ៉ូហ៊ីងយ៉ាទៅភូមា បង់ក្លាដែស និង​ភូមាបាន​បន្ទោស គ្នា​ទៅវិញ ទៅមក។ បង់ក្លាដែស ដែល​ជាប្រទេស​ដ៏ក្រីក្រ និង​មាន​បន្ទុក​ធ្ងន់ របស់​ប្រជាជន​ខ្លួនហើយនោះ បាន​គំរាម​រួចហើយ និង​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅនៅលើ​កោះ បើសិន​គ្មាន​ការការដោះស្រាយ​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

តាំង​ពីដំបូងទី​ម្ល៉េះ អ្នកជំនាញ និងទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​ហើយ ថា កិច្ចព្រមព្រៀង រវាង​បង់ក្លាដែស និង​ភូមា គឺ​មិន​អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន​នោះទេ ព្រោះថា បញ្ហា​ដើមចម នៅ​តែ​មិនទាន់​ត្រូវគេដោះស្រាយ​ចប់សព្វគ្រប់ ពោល​គឺ​ការស្អប់រើសអើង​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​តែ​កើតមាន។ ចំណែក ភូមា និង​បង់ក្លាដែស នៅតែ​យល់​មិនទុកចិត្តគ្នា ពីរឿង​ចំនួន​ជនជាតិរ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​ត្រលប់ទៅ​ភូមាវិញ។

តាម​កិច្ចព្រមព្រៀង បង់ក្លាដែស ត្រូវ​បង្កើត ជំរំ​ថ្មី សម្រាប់​ដាក់​ជនភៀសខ្លួនណា ដែល​បង់ក្លាដែស បាន​ចុះស្រង់​ឈ្មោះ។ ប៉ុន្តែ ភូមា នៅ​តែ​មិនទុកចិត្ត និង​ខ្លាចថា បង់ក្លាដែស​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែលបាន​រត់ពី​ភូមា កាលពី​ប៉ុន្មានឆ្នាំមុនៗ។

ភូមា បាន​បញ្ជាក់ថា គេ​អាច​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ណា​ដែល​មាន​ក្រដាស ស្នាម​បញ្ជាក់ថា ពួកគេ​មាន​ប័ណ្ណស្នាក់នៅ​ក្នុង​រដ្ឋរ៉ាឃីន នៅមុន​រត់ចំណាកស្រុក កាលពី​១ឆ្នាំមុន។ ការទាមទារ​របស់​រដ្ឋាភិបាល​ភូមា ជាលក្ខខ័ណ្ឌ​ដែល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ភាគច្រើន​មិន​អាច​ឆ្លើយតប​បាន ព្រោះថា នៅពេល​រត់យក​ប្រាស់អាយុ ពី​អំពើហិង្សា ឯកសារ​ភាគច្រើន ត្រូវ​បាន​ភ្លេច ឬ​បំផ្លាញខ្ទេច ក្នុង​ពេល​កងទ័ព​ដុត​បំផ្លាញ​ផ្ទះសម្បែង របស់​ពួកគេ នៅ​រដ្ឋរ៉ាឃីន។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មិនទាន់​ចង់​ត្រលប់​ទៅ នៅ​ភូមា

ជនជាតិ​រ៉ូហ៊ីងយ៉ា​សឹងទាំងអស់​ដែល​គេ​បាន​ជួបសម្ភាសន៍​បាននិយាយ​ថា ពួកគេមិនទាន់​ចង់​ត្រលប់ទៅភូមា​នៅពេលនេះទេ ព្រោះ​ដូច​បាន​និយាយ​ខាងដើម គឺ​ថា បញ្ហា​រើសអើង​ទៅលើ​ពួកគេ​នៅតែ​មាននៅឡើយ នៅ​ភូមា។ ជនជាតិរ៉ូហ៊ីងយ៉ា ជា​ជនជាតិ​ភាគតិច​តែមួយ នៅភូមា ដែល​ត្រូវ​រដ្ឋាភិបាល​ភូមា ដកសិទ្ធិ មិន​ឲ្យ​ទទួល​បាន​សញ្ជាតិ ភូមា។ គ្មាន​សញ្ជាតិ​ភូមា ពួកគេ​ត្រូវ​រស់នៅ​ជាមនុស្ស​គ្មានប្រទេស គ្មានអត្តសញ្ញាណត្រឹមត្រូវ គ្មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ សុខភាព និង​អាច​ធ្វើការ​ដូចគេឯង។ មួយវិញទៀត ពួកគេ​នឹង​ត្រូវ​​ប្រឈម​សាជាថ្មី នឹង​ការរើសអើង ស្អប់​ប្រកាន់​ពូជសាសន៍​ នៅ​ភូមា ជាទី​ដែល សំបូរ​ដោយ​ក្រុមព្រះសង្ឃ និង​ពុទ្ធសាសនិក​ជ្រុលនិយម ស្អប់ ប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ជាក្រុមកាន់សាសនា​អ៊ីស្លាម។ តាមសាក្ខីកម្ម​របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺ​ក្រុមពុទ្ធសាសនិក ដែល​ការពារ​ដោយ​ក្រុមកងទ័ព​ភូមា ដែល​បាន​ចូលរួម ប្រព្រឹត្ត​អំពើហិង្សា ចាប់រំលោភ លួចប្លន់ និង​ដុតផ្ទះសម្បែង​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។

សម្រាប់​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ពួកគេ​នឹង​ត្រលប់​ទៅ​ភូមាវិញ បើសិន​ភូមា ធានា​រក្សាសន្តិសុខ​ឲ្យ​ពួកគេ ពោល គឺ​រដ្ឋាភិបាល​ភូមា​ត្រូវ​ដោះស្រាយ​ចំណង​ដ៏សំខាន់​​មួយ​នេះសិន នោះ​គឺ​លុបបំបាត់​ចោល សកម្មភាព​រើសអើង ប្រកាន់ពូជសាសន៍ ហើយ​និង​ត្រូវ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​រស់នៅ​រាប់​ទសវត្សរ៍​មកហើយ​នៅភូមា។ រដ្ឋាភិបាល​ភូមា ទំនង​នឹង​មិនអាច​ធ្វើតាម​ ការទាមទារ​ចង់បាន​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​របស់​លោកស្រី​ស៊ូជី នៅតែ​​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​យោធា​ភូមា។ យោធា​ភូមា ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់ ថា បាន​អនុវត្ត​យុទ្ធសាស្រ្ត​រើសអើង​ពូជសាសន៍ បោសសម្អាត​ជាតិពិន្ធុ។ ក្រុម​យោធា ដែលជាអ្នក​ប្រព្រឹត្ត​អំពើហិង្សា ធ្វើ​ឲ្យជនជាតិ​រ៉ូហ៊ីងយ៉ា រត់ភៀសខ្លួន​ទៅ​បង់ក្លាដែស។ ដូច្នេះ រឿងអី ដែល​យោធា​ភូមា គាំទ្រ រដ្ឋាភិបាល​ឲ្យ​ទទួលយក ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​វិញនោះ? ការវិលត្រលប់​របស់​ជនភៀសខ្លួន​ទៅភូមា ដែល​មិនស្វាគម​រ៉ូហ៊ីងយ៉ា នឹង​អាច​ត្រឹម​ជារឿង​ស្រមៃ ដែល គ្មាន​ថ្ងៃ​ក្លាយជាការពិត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ