ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
អាស៊ី

លោកអាបេប្រកាស​​ចង់​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជប៉ុន មួយ​អាណត្តិទៀត

media  
លោក​នាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីនហ្សូ អាបេ​ញញឹម​បានទទួល​បាច់ផ្កា នៅក្រោយ​លោក​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធាន​បក្ស​កាន់អំណាច នៅ​ខេត្ត Kagoshima នៅថ្ងៃអាទិត្យ​ទី ២៦​សីហា ២០១៨ © Kyodo/via REUTERS

នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ បាន​បញ្ជាក់ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​នឹង​ឈរ​ឈ្មោះ សម្រាប់​តំណែង​ប្រធាន​គណបក្ស​សេរី​ប្រជាធិបតេយ្យ ក្នុង​ក្តីសង្ឃឹមថា នឹង​ឈ្នះឆ្នោត អាច​ដឹកនាំ​ទាំង​គណបក្ស ហើយ​និង​រដ្ឋាភិបាល​ជប៉ុន សម្រាប់​អាណត្តិទី​៣។ ​នៅ​ថ្ងៃ​ទី ២០​កញ្ញា​ខាងមុខ គណបក្ស​កាន់អំណាច​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្បាល​ម៉ាស៊ីន ថ្មី ដែល​នៅក្នុង​នោះ គេរំពឹង​ថា លោក​ស្ហ៊ីនហ្សូ អាបេ នឹង​មាន​គូប្រជែង​នាំមុខ​គេ គឺ​អតីត​រដ្ឋមន្រ្តី​ការពារ​ជប៉ុន លោក​Shigeru Ishiba។

 

ត្រលប់​ចូល​មក​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជប៉ុន តាំង​ពី​ឆ្នាំ ២០១២ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​ឈរ​ឈ្មោះ ដើម្បី ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន​មួយ​អាណត្តិ​ទៀត។ នៅ​ថ្ងៃ​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត ដែល​ត្រូវ​បាន​ផ្សាយ​តាមទូរទស្សន៍​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​ប្រកាស​បេក្ខភាព​របស់​លោក​សម្រាប់​តំណែង​ប្រធាន​បក្ស​របស់​លោក គឺ​គណបក្ស​សេរី ប្រជាធិបតេយ្យ។

“ខ្ញុំ​បាន​សម្រេច​ចិត្ត​រួចហើយថា នឹង​ដឹកនាំ​ប្រទេស​ជប៉ុន ក្នុង​នាមជា​ប្រធាន​គណបក្ស​សេរីប្រជាធិបតេយ្យ ហើយ​និង​ក្នុង​នាម​នាយករដ្ឋមន្រ្តី​ជប៉ុន សម្រាប់​រយៈពេល​បីឆ្នាំ​បន្ថែមទៀត។ ជាមួយ​នឹង​ការប្តេជ្ញា​ចិត្តខ្ពស់ ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​នៅក្នុង​បក្ស នៅ​ខែ​កញ្ញា​ក្រោយ​នេះ”។

ការស្ទង់​មតិ បាន​បង្ហាញ​ថា ទោះជា​មាន​ប្រជាប្រិយភាព​ចុះខ្សោយ ដោយសារ​តែ រឿងអាស្រូវ​ពុករលួយកាលពី​ប៉ុន្មាន​ខែមុន លោក​ស្ហ៊ីនហ្សូ អាបេ​ទំនង​ជា​អាច​ឈ្នះឆ្នោត ធ្វើ​ជាប្រធាន​គណបក្ស និង​ធ្វើ​ជានាយករដ្ឋមន្រ្តី​ជប៉ុន សម្រាប់​អាណត្តិទី៣ ព្រោះថា ទាំងមន្រ្តី​របស់​បក្ស ហើយ​និង​សមាជិក​សភា បាន​សំដែង​រួចហើយ ការគាំទ្រ​បេក្ខភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ។

ជា​អ្នក​នយោបាយ​ជាតិ និង​អភិរក្សនិយម លោកអាបេ​បាន​សន្យា​ផ្តោត ដោះស្រាយ​លើ​បញ្ហា​ប្រជាសាស្រ្ត នៅពេល​ជប៉ុន​កំពុង​ជួប​វិបត្តិមាន​មនុស្ស​ចាស់ ច្រើន​ជាង​យុវជន​ដែល​ជា​កម្លាំង​សកម្ម​សម្រាប់​សេដ្ឋកិច្ច។ លោក​អាបេ សន្យា​ផងដែរ​នឹង​ដោះស្រាយ​បញ្ហា​ការបរទេស​ដែល​ជា​ផលរមាស់​សម្រាប់​ជប៉ុន ដូចជា​ការគំរាមនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជម្លោះដី​កោះ​ជាមួយ​ចិន ហើយ​និង​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ប៉ុន្តែ សម្រាប់​សាស្រ្តាចារ្យ Mikitaka Masuyama នៅ​វិទ្យាស្ថាន សកលវិទ្យាល័យ សិក្សា​នយោបាយ ដោយ​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន​មួយអាណត្តិ​បន្ថែមទៀត លោក​អាបេ នឹងអាច​មាន​ឱកាស ច្រើន ដើម្បី​សម្រេច​មហិច្ឆតា​ចំបង​របស់លោក នោះ គឺ​ការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញជប៉ុន ជាពិសេស គឺ​លុបចោល​តែម្តង មាត្រា​ទី​៩ ដែល​អាមេរិក​បាន​សរសេរ នៅ​ក្រោយ​សង្រ្គាម​លោកលើក​ទី ២ ដើម្បី ចងដៃ​មិនឲ្យ​ទាហាន​ជប៉ុន​ធ្វើ​សង្រ្គាម នៅ​បរទេស។ នៅពេលថ្មីៗនេះ នៅក្នុង​សភា​ជប៉ុន លោក​អាបេ​បាន​ប្រកាសថា គេ​មិនអាច​នៅតែ​បន្ត​ពិភាក្សា​ពីរឿង​សើរើ​រដ្ឋធម្មនោះទេ។ គេ​ត្រូវ​តែ​សម្រេច​បាន​ឆាប់ ការសន្និដ្ឋាន ណាមួយ ដើម្បី​អាច​បង្កើត​គម្រោង​ច្បាប់​ ដែល​នឹង​ដាក់​សភា​បោះឆ្នោត​ នៅប៉ុន្មាន​ខែ​ខាងមុខ។

បើសិន​គណបក្ស​សេរី ប្រជាធិបតេយ្យ​បោះឆ្នោត ជ្រើសរើស​លោក​ស្ហ៊ីនហ្សូ អាបេ​ឲ្យ​ដឹកនាំ​គណបក្ស លោក​អាបេ​ដែល​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​នៅ​សភា នឹង​អាច​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន​រហូត​ដល់​ឆ្នាំ ២០២១។ បើសិន​ដូច្នេះមែន លោក​អាបេ នឹង​បំបែក​ឯកទគ្គកម្ម ​ក្លាយ​ជា​នាយករដ្ឋមន្រ្តី ជប៉ុន ដែល​អាច​កាន់តំណែង​នេះ​បាន​យូរជាងគេ នៅក្នុង​ប្រវត្តិសាស្រ្ត​ជប៉ុន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ