អង្គការសហប្រជាជាតិ៖ ត្រូវតែកាត់ទោសមេបញ្ជាការយោធាភូមាពីបទប្រល័យពូជសាសន៍
គណៈកម្មការស៊ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិ ទើបបានចេញផ្សាយរបាយចុងក្រោយមួយរបស់ខ្លួននៅថ្ងៃចន្ទទី២៧សីហានេះ ដោយបានចោទថា កងទ័ពភូមា បានធ្វើការកាប់សម្លាប់រង្គាលនិងការរំលោភភេទរួមគ្នាប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ាក្នុងចេតនាប្រល័យពូជសាសន៍។ គណៈកម្មការ របស់ អ.ស.ប.នេះ បានទាមទារ សូមឲ្យកាត់ទោសមេបញ្ជាការកងទ័ពភូមាក៏ព្រមទាំងឧត្តមសេនីយភូមា ៥នាក់ផ្សេងទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
នៅក្នុងរបាយការណ៍មួយចុងក្រោយរបស់ខ្លួន គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា" រដ្ឋាភិបាលស៊ីវីលភូមាដែលដឹកនាំដោយលោកស្រីអ៊ុងស៊ាន់ស៊ូជី បានបណ្តោយឲ្យមានការស្អប់គ្នាយ៉ាងហួសហេតុនៅក្នុងប្រទេសភូមា បានកំទេចបំផ្លាញឯកសារនានានិងពុំមានសមត្ថភាពធ្វើការការពារអាយុជីវិតដល់ប្រជាជនភាគតិចរ៉ូហ៊ីងយ៉ា ដូចជាបណ្តោយអោយមានអំពើឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រឹដ្ឋកម្មសង្គ្រាមដែលបង្កឡើងដោយទាហានភូមានៅក្នុងរដ្ឋរ៉ាឃីន កាឈីននិងសាន។
ហេតុការណ៍ទាំងអស់នេះ សរបញ្ជាក់ផងដែរថា “រដ្ឋាភិបាលភូមា បានចូលរួមចំណែកផងដែរដល់ការធ្វើអំពើឃោឃៅទាំងអស់ខាងលើនេះ។ គួររំលឹកថា នៅខែសីហាឆ្នាំ ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ាជាង ៧សែននាក់ បាននាំគ្នារត់ភៀសខ្លួនពីការវាយលុករបស់កងទ័ពភូមា ដែលធ្វើការសងសឹកតទល់នឹងការវាយប្រហាររបស់ពួកឧទ្ទាមរ៉ូហ៊ីងយ៉ានៅប៉ុស្តិ៍ល្បាតព្រំដែន។
ដោយហេតុនេះហើយ ប្រជាជនរ៉ូហ៊ីងយ៉ា បាននាំគ្នារត់ចោលស្រុកទេសដើម្បីទៅជ្រកកោននៅក្នុងទឹកដីប្រទេសបង់ក្លាដែសដោយរស់នៅយ៉ាងលំបាកលំបិននៅក្នុងជំរំជនភៀសខ្លួន។
មួយវិញទៀត បេសកកម្មរបស់អង្គការសហប្រជាជាតិ គឺការរៀបចំបញ្ជីមួយដែលមានឈ្មោះក្រុមមន្ត្រីជាន់ខ្ពស់ភូមាចំនួន ៦នាក់រួមទាំងមេបញ្ជាការយោធាភូមាផងដែលបានជាប់សង្ស័យពីបទប្រព្រឹត្តអំពើឧក្រឹដ្ឋកម្ម។ អសប ក៏បានរៀបចំបញ្ជីដ៏វែងមួយទៀតដែលក្នុងនោះមានឈ្មោះបុគ្គលជាប់សង្ស័យជាច្រើនរូបផ្សេងៗទៀត ដើម្បីឲ្យតុលាការធ្វើការកាត់ទោស។
ក្រុមអ្នកស៊ើបអង្កេតរបស់អសប ក៏បានសូមស្នើផងដែរ សុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អសប ធ្វើការប្តឹងតវ៉ាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏ការបង្កើតតុលាការពិសេសមួយនិងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងទល់នឹងជនល្មើស។
គួររំលឹកថា ក្រុមប្រឹក្សាសន្តិសុខរបស់អសប បានអំពាវនាវជាច្រើនដងមកហើយ សុំឲ្យភូមា បិទបញ្ចប់ប្រតិបត្តិការយោធានិងការវិលត្រឡប់របស់ប្រជាជនរ៉ូហ៊ីងយ៉ាចូលមកក្នុងប្រទេសភូមាវិញប្រកបដោយសុខសន្តិភាព។
ដំណឹងចុងក្រោយបានឲ្យដឹងថា បណ្តាញទំនាក់ទំនង Facebook បានជូនដំណឹងនៅថ្ងៃចន្ទនេះថា ទំព័រ Facebook របស់លោក Min Aung Hlaing ដែលជាមេបញ្ជាការកងទ័ពភូមា ទើបត្រូវបានគេបិទលែងឲ្យប្រើប្រាស់ដោយហេតុការរំលោភសិទ្ធមនុស្សដ៏ធ្ងន់ធ្ងរនៅភូមា”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ