អានតួអត្ថបទ
កាណាដា-អាស៊ាន

កាណាដា និង​អាស៊ាន​កំពុង​ពិគ្រោះពិភាក្សា​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរសេរី​រវាង​គ្នា

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កាណាដា​លោក​យីម ខារ​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​ពី​ថ្ងៃ​អង្គារ ទី២៨​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៣០​សីហា រួចបន្ត​ដំណើរ​ឆ្លង​ចូល​ប្រទេស​សិង្ហបុរី​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន។ ថ្លែង​នៅ ១ថ្ងៃ​មុន​ចេញ​ដំណើរ លោក​យីម ខារ​បាន​បញ្ជាក់​ថា កាណាដា និង​ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស​កំពុង​ជជែក​គ្នា​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​មួយ​រវាង​គ្នា។ សូម​ជម្រាប​ជូន​ថា ដោយ​ប្រឈម​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក កាណាដា​បាន​ផ្តើម​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ថ្មី។

លោក Jim Carr រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កាណាដា
លោក Jim Carr រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កាណាដា AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ថៃ​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃទី៣០ សីហា លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កាណាដា​យីម ខារ​ចូលរួម​នៅ​ក្នុង​វេទិកា​លើក​ដំកើង​ការ​វិនិយោគ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ទីក្រុង​អូតាវ៉ា និង​ទីក្រុង​បាងកក។ បន្ទាប់​ពី​ប្រទេស​ថៃ លោក​យីម ខារ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​ក្នុង​ឆ្នាំ ២០១៨ នេះ។ នៅ​ទី​នោះ លោក​យីម ខារ​នឹង​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ប្រធាន​រោងចក្រ សហគ្រាស​សិង្ហបុរី រួច​បន្ត​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​សេដ្ឋកិច្ច​លើកទី៧ រវាង​ប្រទេស​កាណាដា និង​ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស។

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កាណាដា​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា កិច្ចពិភាក្សា​រវាង​កាណាដា និង​អាស៊ាន​កំពុង​បន្ត​ធ្វើ​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​មួយ​រវាង​អាស៊ាន និង​កាណាដា។ ក្រៅ​ពី​ចង់​បាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​អាស៊ាន កាណាដា​ក៏​សង្ឃឹម​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​ពី​សភា​កាណាដា​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ។ កិច្ចព្រមព្រៀង​ដែល​កាណាដា រួម​ជាមួយ​ប្រទេស​អូស្រ្តាលី ព្រុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សំខាន់ ព្រោះ​ផលិតផល​សរុប​ក្នុង​ស្រុក​បូក​បញ្ជូល​គ្នា​រវាង​ប្រទេស​ហត្ថលេខី​ទាំង ១១ប្រទេស​មាន​យ៉ាង​តិច ១៥% នៃ​ផលិតផល​សរុប​ក្នុង​លោក។ សូម​ជម្រាប​ជូន​ថា តាំង​ពី​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​ខ្លួន​មក រដ្ឋាភិបាល​កាណាដា​របស់​លោក Justin Trudeau កំពុង​ងាក​រក​ដៃគូ​ថ្មី។ រវាង​អឺរ៉ុប និង​កាណាដា គឺ​មាន​កិច្ចព្រមព្រៀង​សេតា​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​រដូវ​ស្លឹកឈើជ្រុះ​កន្លង​មក។ ឥឡូវ​នេះ និង​ក្រៅ​ពី​ជាមួយ​អាស៊ាន កាណាដា​ក៏​កំពុង​ពិគ្រោះពិភាក្សា​ជាមួយ​ចិន​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ