អានតួអត្ថបទ
ចិន

រដ្ឋាភិបាល​ចិន​ផ្តើម​ចាត់​វិធានការ​បោសសំអាត​ព័ត៌មាន​ចចាមអារ៉ាម​នៅ​តាម​អ៊ីធ័រនែត

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ សីហា​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តើម​ពង្រឹង​ការ​ឃ្លាំមើល​អ៊ីនធ័រនែត ពិសេស​ចាត់​វិធានការ​បោសសំអាត​ព័ត៌មាន​ចចាមអារ៉ាម​នៅ​តាម​អ៊ីនធ័រនែត។ នៅ​ក្នុង​ចំណាត់ការ​នេះ ចិន​បាន​បង្កើត​វេបសាយ​មួយ និង​កម្មវីធី​មួយ​សម្រាប់​ទូរស័ព្ទដៃ។ ជាមួយ​នឹង​វេបសាយ និង​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​នេះ អ្នក​ប្រើប្រាស់​អ៊ីធ័រនែត​អាច​រាយការណ៍​ប្រាប់​រដ្ឋអំណាច​ពី​ព័ត៌មាន​ចចាមអារ៉ាម។

រដ្ឋាភិបាល​ចិន​ផ្តើម​ចាត់​វិធានការ​បោសសំអាត​ព័ត៌មាន​ចចាមអារ៉ាម​នៅ​តាម​អ៊ីធ័រនែត
រដ្ឋាភិបាល​ចិន​ផ្តើម​ចាត់​វិធានការ​បោសសំអាត​ព័ត៌មាន​ចចាមអារ៉ាម​នៅ​តាម​អ៊ីធ័រនែត Reuters
ផ្សាយពាណិជ្ជកម្ម

« Piyao » ឬ « បដិសេធ​ពាក្យ​ចចាមអារ៉ាម » នេះ​ជា​ឈ្មោះ​វេបសាយ និង​ឈ្មោះ​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​ដែល​រដ្ឋាភិបាល​ចិន​បាន​បង្កើត​ឡើង​ដើម្បី​បោសសំអាត​នូវ​ព័ត៌មាន​ចចាមអារ៉ាម​នៅ​តាម​អ៊ីនធ័រនែត។ ឈ្មោះ​វេបសាយ និង​ឈ្មោះ​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បណ្តាញសង្គម​ធំៗ​របស់​ចិន ដូច​យ៉ាង Weibo ឬ WeChat ជា​ដើម។ តាម​រយៈ​បណ្តាញ​ទាំង​នេះ « Piyao » នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយ​ផ្អែក​លើ​ព័ត៌មាន​របស់​កាសែត​ផ្លូវការ​ចិន​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនិស្ត និង​ទីភ្នាក់ងារ​ផ្សេងៗ​របស់​រដ្ឋាភិបាល។

« ពាក្យ​ចរចាមអារ៉ាម​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ ពាក្យ​ចរចាមអារ៉ាម​បង្កើត​ឲ្យ​មាន​ចលាចល​សង្គម ពាក្យ​ចរចាមអារ៉ាម​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​នៅ​ផ្សារភាគហ៊ុន ពាក្យ​ចរចាមអារ៉ាម​មាន​ផលប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច » ទាំង​នេះ​ជា​សារ​វីដេអូ​ដែល​មាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ Piyao។ សូម​ជម្រាប​ជូន​ថា​នៅ​ចិន អ្នក​ដែល​ជាប់ចោទ​ក្នុង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​ចចាមអារ៉ាម​នឹង​អាច​ដេក​ក្នុង​គុក​ដល់​ទៅ ៧ឆ្នាំ។ រីឯ​អ្នក​ដែល​បាន​បង្ហោះសារ​បង្កប់​ដោយ​ព័ត៌មាន​ចចាមអារ៉ាម​ក៏​អាច​មាន​ទោស​ជាប់​គុក​ដែរ ប្រសិន​បើ​សារ​នោះ​មាន​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​មើល​យ៉ាង​តិច ៥ ០០០នាក់ ឬ​មួយ​ក៏​សារ​នោះ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ជាង ៥០០ដង។

រដ្ឋាភិបាល​ចិន​បាន​ប្រគល់​ការ​គ្រប់គ្រង​វេបសាយ « Piyao» ទៅ​ឲ្យ​គណៈកម្មការ​ទទួល​បន្ទុកក្រមសីលធម៌​អ៊ីនធ័រនែត​រួម​សហការណ៍​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ស៊ីនហួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ