អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​ចិន​កំពុង​ចាប់​ចាក់​ចាក់​គល់​ក្នុង​បណ្តាញ​ថាមពល​អឺរ៉ុប​ឬ​យ៉ាងណា ? ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចិន​បាននិង​​កំពុងសម្រួចការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប។ យុទ្ធសាស្ត្រ​វិនិយោគរបស់​ចិន​​ ក្នុង​បណ្តាញ​ និង​ក្នុង​ផលិតកម្ម​ថាមពល​ បានរឹត​តែ​ធ្វើ​ឱ្យ​អឺរ៉ុប​កាន់​តែ​ប្រេះ​ឆា និង​មាន​ចំណុច​ខ្សោយ​កាន់​តែច្រើន។

រូបថត​សិប្បនិម្មិត​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរអង់គ្លេស Hinkley Point C សង់ដោយ​បារាំង​សហការជាមួយ​ក្រុមហ៊ុនចិន CGN
រូបថត​សិប្បនិម្មិត​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរអង់គ្លេស Hinkley Point C សង់ដោយ​បារាំង​សហការជាមួយ​ក្រុមហ៊ុនចិន CGN HO / EDF ENGERY / AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​ឧសភា ក្រុមហ៊ុន​ចិន China Three Gorges (CTG) ​ បាន​ប្រកាស​ចង់​ទិញ​ក្រុមហ៊ុន​អគ្គិសនី​ព័រទុយហ្កាល់។ សំណើ​​៩ពាន់​លាន​អឺរ៉ូ​កំពុង​ធ្វើ​ឱ្យ​លីស្បូន​ស្រក់​ទឹក​មាត់​យ៉ាង​ខ្លាំង ! ពីរ​ខែ​ក្រោយ ក្រុមហ៊ុន​ចិន​ State Grid មួយ​ទៀត បាន​ប្រកាស​ចង់​មាន​ទុន​​ក្នុង​ក្រុមហ៊ុន​អាល្លឺម៉ង់ 50Hertz។ រដ្ឋាភិបាល​លោកស្រី​មែរកិល បានបញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ និង​ប្រមូល​ធនាគារវិនិយោគ​​សាធារណៈ​មក​បិទ​ខ្ទប់​គម្រោង​នេះ​ភ្លាម។

នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​ពីរ ដែល​បញ្ជាក់​ថា​ចិនសំឡឹងចង់​ក្រសោប​​វិស័យ​ថាមពល​​អឺរ៉ុប កាន់​តែ​ខ្លាំងឡើងៗ​​។ តាមការ​ពិត​ បើ​តាម​ភ្នាក់ងារ Bloomberg ​ តាំង​ពី​ឆ្នាំ​២០១១​មក ចិន​បាន​ចូល​វិនិយោគ​ក្នុង​វិស័យ​នេះ អស់​ប្រមាណ​៣៤,៥ពាន់​លានដុល្លារ​​ទៅ​ហើយ។ ថាមពល​បានក្លាយ​ជា​ឧស្សាហកម្ម​ទីពីរ​ បន្ទាប់​ពី​វិស័យ​គីមី ដែល​ចិន​បាន​បង្ហូរ​ទុនមក​អឺរ៉ុប​​ច្រើន​ជាងគេ ក្នុង​រយៈ​ពេល​១០​ឆ្នាំ ចុងក្រោយ​នេះ។

​សកម្មដំបូង​គេ​ គឺ​ក្រុមហ៊ុន State Grid Corporation of China (SGCC) ដែល​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក មាន​បុគ្គលិក​១លាន​នាក់ មាន​ចំណូល ៣៤៨​ពាន់​លាន​នៅ​ឆ្នាំ​២០១៧។​ ក្រុមហ៊ុន​បាន​ចូល​រួម​ស្ថាបនា​បណ្តាញ​អគ្គិសនី​នៅ​ជុំ​វិញ​សមុទ្ទ​មេឌីទែរ៉ាណេ។ តាំង​ពី​ឆ្នាំ​២០១២​មក ក្រុមហ៊ុន​មាន​ដើរ​តួ​​​កាន់​តែ​សំខាន់​​ក្នុង​បណ្តាញ​អគ្គិសនី និង​បានក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាលរបស់​ក្រុមហ៊ុន​អគ្គិសនី​​ព័រទុយហ្កាល់ អ៊ីតាលី និង​ក្រិក។ នេះ​ក៏​ព្រោះ​ក្រុមប្រទេស​អឺរ៉ុប​ខាង​ត្បូង​ជួប​បញ្ហា​ថវិកា​ ឯ​ចិន​មាន​លុយច្រើន​ ផ្តល់​ការ​វិនិយោគ​​ម្តងៗ​ដល់​រាប់​រយ​លានអឺរ៉ូ !

ក្រុមហ៊ុន​ចិន SGCC ​មិនមែន​ចាប់​អារម្មណ៍​វិនិយោគ​ជាមួយ​ក្រុមប្រទេស​យ៉ាប់យឺន​របស់​អឺរ៉ុបទេ ! ក្រៅ​ពី​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​សាក​ល្បង​ដាក់​ទុន​ ភាគតិច (៨៣០​លាន​អឺរ៉ូ) ​ក្នុង​បណ្តាញ​ចែក​ចាយ​អគ្គិសនី​បែលហ្សិក។ តែ​ត្រូវ​បរាជ័យ​ទៅ​វិញ។

ក្នុង​រយៈ​ពេល​១០​នេះ​ ចិន​ក៏​បាន​ចំណាយ​​ធ្វើ​វិនិយោគ​៨,៦ពាន់​លានក្នុង​វិស័យ​ថាមពល​មិន​ចេះ​រីង​ស្ងួត ព្រោះ​ប៉េកាំង​ចង់ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ផ្នែក​ថាមពលស្អាត​នេះ និង​គ្រប់គ្រង​ទីផ្សារ​ផ្ទាំង​ស្រូវ​កម្តៅពិភពលោក​​រួច​ស្រេច​ទៅ​ហើយ។

​បើ​តាម​ការ​សិក្សា​អាមេរិក​ស្តីពី​សេដ្ឋកិច្ច​ផ្នែក​ថាមពល ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន ចិន​បាន​ធ្វើ​វិនិយោគ​ខ្លាំង​គួរកត់​សម្គាល់​ក្នុង​ប្រទេស​ចំនួន​៩​នៅ​អឺរ៉ុប ៖ ក្រុមហ៊ុន​ ត្រួត​ត្រា​ស្ទើរ​ទាំង​ស្រុង​វិស័យ​ថាមពលដើរ​ដោយ​ខ្យល់ élolien អា​ល្លឺម៉ង់​ នៅ​ឆ្នាំ​២០១៦ ជា​មួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​ ១,៥៥ពាន់​លាន​អឺរ៉ូ។ ក្រុមហ៊ុន​រដ្ឋ​ចិន China Energy Investment Corp., ​ មាន​​ហ៊ុន​៧៥%​ (៣ពាន់​លាន​អឺរ៉ូ) ក្នុង​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់​បី​នៅក្រិក នៅ​ឆ្នាំ​២០១៧។

​នុយក្លេអ៊ែរ ជា​​វិស័យ​ថាមពលមួយ​ទៀត ដែល​ចិន​ចាប់​អារម្មណ៍​ជា​ពិសេស​ជាងគេ !​ ដោយ​សារ​ការ​ចាក់​បញ្ចូល​ហ៊ុន​កំរិត​៣៣%​ ​ របស់​ក្រុមហ៊ុន​ចិន China General Nuclear Power Corporation (CGN) ទើប​ក្រុមហ៊ុន​អគ្គិសនី​បារាំង​អាច​សម្រេច​គម្រោង​សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី EPR Hinkley Point នៅ​អង់គ្លេស។ ​​ចិន​បាន​បង្ហាញ​ជា​សាធារណៈ​ចង់​តាំង​​វត្តមាន​ជា​និរន្ត​ក្នុង​ទីផ្សារ​នុយក្លេអ៊ែរ​អង់គ្លេស ដោយ​ទៅ​ថ្ងៃ​អនាគត​នឹង​អាច​សង់​ប្រតិករ​នុយក្លេអ៊ែរ តែឯង​ផង។ ក្រុមហ៊ុន​ចិន​ក៏ចង់​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​អគ្គិសនី​Avera ​បារាំង​ដែល​រុះ​រើស​មាសភាព​ខ្លួន​កាលពី​ឆ្នាំ​២០១៧​ដែរ។ តែ​មិន​បាន​សម្រេច​ដោយ​បារាំង​មិនព្រម​​ឱ្យ​ចិន​មាន​តួនាទី​នៅ​ក្នុង​ក្រុមប្រឹក្សា​រដ្ឋបាល។

នៅ​អឺរ៉ុប​កណ្តាល និង​ខាង​កើត​វិញ ចិន​បាន​ទទួល​ការ​ស្វាគមន៍​ខ្លាំងណាស់ ! ប៉េកាំង​បាន​ដាក់​ឱ្យ​ដំណើរការ​ក្រុម​សម្របសម្រួល​វិនិយោគ​អចិន្ត្រៃយ៍​ ជាមួយ​១៦​ប្រទេស​ ក្នុង​នោះ​១១​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដោយ​មាន​ហុងគ្រី​ ជា​អ្នក​បក់​ដៃ​ បើក​ផ្លូវ​ឱ្យ​ចិន​។

មហិច្ឆតា​របស់​ប៉េកាំង​បាន​ធ្វើ​ឱ្យ​​អឺរ៉ុបចោ​ទ​សួរ​ខ្លួន​ឯង ! ក្រុមហ៊ុន​ចិន​មក​វិនិយោគ ​​នាំ​ទុនមក​អឺរ៉ុប ​ជា​សញ្ញាវិជ្ជមាន ប៉ុន្តែហេតុ​អ្វី​ចិន​ចង់​មក​អឺរ៉ុប​ម្ល៉េះ ?! នេះ​ហើយ​ជា​បញ្ហា ! រាល់​គ្រប់​ក្រុម​ហ៊ុន​ចិន ជា​ក្រុមហ៊ុន​រដ្ឋ ឬ​គ្រប់គ្រង​ដោយ​រដ្ឋ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​សង្ស័យ​ថា​គម្រោង​វិនិយោគ​ចិន ជា​គម្រោង​នយោបាយ​របស់​ប៉េកាំង មិន​មែន​ក្នុង​កម្មវត្ថុ​ពាណិជ្ជកម្ម​​តែ​ម្យ៉ាង​ឡើយ។ ម្យ៉ាង​វិញ​ទៀត​ មក​ពី​មាន​ទៅ​តែ​ទៅ​គ្មាន​មក ! មក​វិនិយោគ​នៅ​អឺរ៉ុប​ត្រូវ​ទិញ​គ្រឿង​បន្លាស់​ពី​ចិន ឯ​ការ​ងារ​ក្នុង​អឺរ៉ុបគ្មាន​បាន​កើន​ទេ ! ចិនក្តាប់​យ៉ាង​ណែន​​ច្រក​ចេញ​ចូល​សេដ្ឋកិច្ចរបស់​​គេ​​ ជា​ពិសេស​ចំពោះ​វិស័យថាមពល​ជា​​យុទ្ធសាស្ត្រ។ នៅ​អឺរ៉ុប បណ្តាញ​ថាមពល​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​វិស័យ​យុទ្ធសាស្ត្រ​ដែរ តែ​ពុំ​មាន​ការ​ការពារ​គ្រប់​គ្រាន់​ទេ​ !​

នេះ​មក​ពី​អឺរ៉ុប​ខ្លួន​ឯង​ខ្សោយ ?! មែន​ហើយ តាម​រយៈ​​យុទ្ធសាស្ត្រ​វិនិយោគ​របស់​ចិន​នេះ គេ​ពិត​មើល​ឃើញ​ច្រើន​អំពី​ចំណុច​ខ្សោយ​របស់​អឺរ៉ុប​មែន ! ការ​ដែល​ចិន​អាច​ចូល​វិនិយោគ​នៅ​ព័រទុយហ្គាល់ ក្រិក​ ឬ​អ៊ីតាលី មក​ពី​ប្រទេស​ទាំង​នោះ​ជួប​បញ្ហា​ថវិកា ហើយ​គ្មាន​សាមគ្គីភាព​ពី​អឺរ៉ុប​ណា​មក​ជួយ​ក្រៅ​ពី​ចិន។ មាន​ន័យ​ថា​អឺរ៉ុប​ អសមត្ថភាព​ក្នុង​ការ​ស្ថាបនា​នយោបាយ​ថាមពល​រួម​ផង មាន​បញ្ហា​ហិរញ្ញវត្ថុ​ផង និងមិន​អាច​ដាក់​ឱ្យ​​ដំណើរការ​ការ​ប្រកួត​ប្រជែង​ត្រឹម​ត្រូវ​ផង។ សម្រាប់​អ្នក​វិភាគ​និ​ងអ្នក​ជំនាញ ប្រសិន​បើ​គេ​មិន​ចង់​ឃើញ​ចិន​មានភាគ​ហ៊ុន​ក្នុង​វិស័យ​ថាមពល​អឺរ៉ុប​ទេ អឺរ៉ុប​ត្រូវ​តែមាន​មូលនិធិបំរុង​ទុក​សម្រាប់​ធ្វើ​ការ​ផ្តោះប្តូរ​ វិនិយោគ​ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិក​ នៅ​ពេល​ដែល​ចាំ​បាច់។ ប៉ុន្តែ​ បើ​អឺរ៉ុប​ប្រេះឆា​នឹង​គ្នា​ស្ទើរ​គ្រប់​ប្រធានបទ​អញ្ចឹង គេទំនង​ជា​ត្រូវ​រង់​ចាំ​យូរ​បន្តិច​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ