វេទិកានៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកចាប់បើកនៅប៉េកាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៧
វេទិកានៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានចាប់បើកនៅថ្ងៃចន្ទទី ៣ កញ្ញានេះ នៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រមុខរដ្ឋ-រដ្ឋាភិបាលអាហ្វ្រិកជាច្រើនរូប។ គិតចាប់តាំងពីឆ្នាំ២០០០មក នេះជាលើកទីបី ដែលចិននិងអាហ្វ្រិកបានរៀបចំជំនួបកំពូលក្នុងទ្រង់ទ្រាយធំយ៉ាងដូច្នេះ។ ប៉ុន្តែសម្រាប់ចិន វេទិកាថ្ងៃនេះ មានតម្លៃជាពិសេស លើសវេទិកាមុនៗ ព្រោះប្រយោជន៍សេដ្ឋកិច្ចនិងការទូតចិន កាន់តែរីកធំធាត់ជាលំដាប់នៅអាហ្វ្រិក។ ប៉េកាំងមិនមែនមានឈ្មោះត្រឹមតែជាដៃគូសេដ្ឋកិច្ចឡើយ។
នៅថ្ងៃចន្ទនេះ ចិនបានទទួលស្វាគមន៍ប្រមុខរដ្ឋ-រដ្ឋាភិបាលជាច្រើនមកពីទ្វីបអាហ្វ្រិក ដើម្បីបើកជំនួបកំពូលអបអរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់មហាយក្សអាស៊ីនិងទ្វីបអាហ្វ្រិក។ “សហគមន៍វាសនានិងដៃគូផ្តល់ប្រយោជន៍ច្រើនឱ្យគ្នាទៅវិញមក” ជាប្រធានបទនៃវេទិកាដែលសំដៅឧទ្ទិសជាពិសេសដល់ភាពជាមហាអំណាចដ៏ខ្លាំងក្លា និងភាពជាដៃគូទីមួយរបស់ចិន នៅទ្វីបអាហ្វ្រិក។ ជំនួបកំពូលនេះ ក៏ជាឱកាសសម្រាប់លោកស៊ីជីនពីង បានអបអរគម្រោងនយោបាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលចិនបានផ្តួចផ្តើមលើកគម្រោងតាំងពីឆ្នាំ២០១៣មក ដើម្បីអភិវឌ្ឍន៍ចំណងពាណិជ្ជកម្មរបស់ចិនមួយបណ្តាប្រទេសដទៃ និងដើម្បីធានាសុវត្ថិភាពលទ្ធកម្មរបស់ខ្លួន។
វេទិកាលើកនេះ បានការចូលរួមពីសំណាក់ប្រតិភូជាថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក ព្រមទាំងអង្គការសមាគមអាហ្វ្រិក-អន្តរជាតិ ចំនួន២៦ និងពិសេសពីសំណាក់ប្រមុខដឹកនាំរដ្ឋ-រដ្ឋាភិបាលប្រទេសមកពីអាហ្វ្រិកចំនួន៥៣ប្រទេស។ អ្នកវត្តមានមានតែម្នាក់គត់ គឺប្រទេស L’eSwatini កូនប្រទេសដ៏តូចបំផុតមួយរបស់អាហ្វ្រិក និងជាសម្ព័ន្ធមិត្តទោលរបស់តៃវ៉ាន់ប្រចាំទ្វីប ទើបប៉េកាំងមិនអញ្ជើញ។
ជំនួយចិនឱ្យអាហ្វ្រិក គ្មានលក្ខខណ្ឌនយោបាយ
ជាមួយនឹងការទទួលស្វាគមន៍ប្រមុខដឹកនាំអាហ្វ្រិកដ៏ច្រើន និងក្នុងទ្រង់ទ្រាយធំ នៅរដ្ឋធានីប៉េកាំងយ៉ាងដូច្នេះ វេទិកាថ្ងៃនេះបានផាត់ពណ៌ទំនាក់ទំនងចិនអាហ្វ្រិកឱ្យមានទម្រង់ជានយោបាយ។ ប៉ុន្តែលោកស៊ី ជីនពីង បានអះអាងនៅចំពោះមុខប្រតិភូ ព្រឹកមិញថា រាល់គ្រប់ការវិនិយោគចិននៅអាហ្វ្រិកគ្មានភ្ជាប់លក្ខខណ្ឌនយោបាយអ្វីទាំងអស់ ! ចិនមិនត្រូវការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វ្រិក និងក៏មិនបង្ខំនរណាឱ្យធ្វើតាមឆន្ទៈចិនឡើយ។
ប៉ុន្តែចិនត្រូវការការពារប្រយោជន៍របស់ខ្លួននៅបរទេស ដែលរីកធំធាត់ជាលំដាប់។ លោក ស៊ីជិនពីង ក៏បានប្រកាសទទួលស្គាល់ នៅព្រឹកមិញ ថាចិនចាំបាច់ត្រូវធានាឱ្យបានអំពីលទ្ធភាពជោគជ័យពាណិជ្ជកម្ម និងគម្រោងវិនិយោគរបស់ខ្លួន។ ជាពាក្យមួយឃ្លាដែលមានន័យយ៉ាងគ្រប់គ្រាន់ ថាចិនរកស៊ីត្រូវតែចំណេញ។
ចិនជាដៃគូពាណិជ្ជកម្មទីមួយរបស់អាហ្វ្រិក លើគ្រប់វិស័យទាំងអស់ តាំងពីវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ដល់វិស័យសិប្បកម្មតូចតាច និងជាអ្នកវិនិយោគដ៏សកម្មបំផុតនៅលើទ្វីបអាហ្វ្រិក ព្រមទាំងមានចំណែកភាគហ៊ុនដល់ទី៥០% ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ចិនមិនមែនទៅអាហ្វ្រិកត្រឹមតែដើម្បី ស្វែងរកវត្ថុធាតុដើម ដូចដែលគេធ្លាប់គិតពីមុនមកទេ !
វិនិយោគនិងបំណុល
សម្រាប់លោកខាងលិច គេមើលឃើញថាទំនាក់ទំនងពាណិជ្ជកម្មចិន-អាហ្វ្រិក គ្មានសមភាព និងរាលដាលជះជាឥទ្ធិពលអាក្រក់ទៅវិញ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារកណ្តាលពិភពលោក កាន់តែព្រួយបារម្ភខ្លាំង នៅពេលឃើញប្រាក់កម្ចីវិនិយោគចិន បានបង្កើនបំណុលជាតិរបស់ក្រុមបណ្តាប្រទេសនៅអាហ្វ្រិក ទ្វេមួយជាពីក្នុងរយៈពេល៥ឆ្នាំ។ ជាឧទាហរណ៍ និងដូចជានិយាយដដែលៗ បំណុលសាធារណៈរបស់កាមឺរ៉ូន ៧០%ជាលុយចិន នៅ កេនយ៉ា ឬម៉ូសំប៊ិច ក៏ដូចជាកុងហ្កោ កម្ចីចិនបានធ្វើបំណុលជាតិឡើងកាន់ខែខ្ពស់។ ចិនគ្រប់គ្រង់បំណុលអាហ្វ្រិកទាំងមូលដល់ទៅ១៤% នៅពេលនេះ។ បើតាមការិយាល័យស្រាវជ្រាវអាមេរិក អាហ្រ្វិកជាប់បំណុលចិនដល់ទៅ ១២៥ពាន់លានដុល្លារ នៅរវាងពីឆ្នាំ២០០០-២០១៦។
ទោះជាយ៉ាងដូច្នេះក្តីក៏ទំនាក់ទំនង រវាងដៃគូទាំងពីរ អាហ្វ្រិក-ចិន កាន់តែរឹតតឹង និងរឹងមាំជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានច្រានចោលពាក្យចោទប្រកាន់ថាចិនទៅធ្វើអាណានិគមន៍បែបថ្មីលើអាហ្វ្រិក។ ប្រធានាធិបតីរវ៉ាន់ដា ដែលជាប្រធានផ្លាស់វេនសហភាពអាហ្វ្រិកផងនៅឆ្នាំនេះ បានច្រានចោលរាល់គ្រប់ការរិះគន់ទាក់ទងនឹងអន្ទាក់បំណុលជាតិអាហ្វ្រិក ហើយបានចាត់ទុកពាក្យចោទប្រកាន់ទាំងនោះថាជាបំណងអាក្រក់ ចង់បន្ទុចបង្អាក់ទំនាក់ទំនងចិន-អាមេរិក។ សម្រាប់លោកប្រធានផ្លាស់វេនសហភាពអាហ្វ្រិក អ្នកដែលរិះគន់ចិនថាបង្គរបំណុលនៅអាហ្វ្រិក ផ្តល់លុយឱ្យអាហ្វ្រិកយ៉ាងតិចតួចបំផុត។
ក្នុងវេទិកានេះ ចិនបានប្រកាសផ្តល់ប្រាក់វិនិយោគបន្ថែមចំនួន ៦០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចអាហ្វ្រិក ក្នុងនោះ ១៥ពាន់លានជាជំនួយឥតសំណង និងឥតការប្រាក់។
ហើយអ្វីដែលធ្វើឱ្យអាហ្វ្រិកកាន់តែចូលចិត្តចិននោះ គឺការមិនលូកលាន់នយោបាយ ! ចិនមិនដែលខ្វល់នឹងដាក់លក្ខខណ្ឌនយោបាយទេ ! លោកស៊ីជីនពីង បានទទួលជួបសន្ទនា មួយទល់នឹងមួយជាមួយមេដឹកនាំប្រទេសជាច្រើនរបស់អាហ្វ្រិក ដូចជាជាមួយប្រធានាធិបតីអាហ្វ្រិក ប្រធានាធិបតីសេណេហ្កាល់ ព្រមទាំងប្រធានាធិបតីស៊ូដង់ អូម៉ា អែលបេហ្សៀ ដែលជាប់ដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទប្រល័យពូជសាសន៍ ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅដាហ្វួរផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ