ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង
 
ប្រធានាធិបតី​ចិន​ ស្វាគមន៍​សមភាគី​អង់ហ្គោឡា នៅ​ក្នុង​វេទិកា​ចិន​អាហ្វ្រិក​ថ្ងៃទី ៣​កញ្ញា ២០១៨ https://www.focac.org/

វេទិកានៃកិច្ចសហប្រតិបត្តិការ​​ចិន-អាហ្វ្រិក បាន​ចាប់​បើក​នៅ​ថ្ងៃចន្ទ​ទី ៣ កញ្ញា​​នេះ នៅ​ទីក្រុង​ប៉េកាំង ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង និង​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​អាហ្វ្រិក​ជា​ច្រើន​រូប។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​​ នេះ​ជា​លើក​ទី​បី ដែល​ចិន​និង​អាហ្វ្រិក​បាន​រៀប​ចំ​ជំនួប​កំពូល​ក្នុង​ទ្រង់ទ្រាយ​ធំ​យ៉ាង​ដូច្នេះ។ ប៉ុន្តែសម្រាប់​ចិន វេទិកា​ថ្ងៃនេះ​ មាន​តម្លៃ​ជា​ពិសេស​ លើស​វេទិកា​មុនៗ ព្រោះ​ប្រយោជន៍​សេដ្ឋកិច្ច​និងការទូត​ចិន​ កាន់​តែ​រីក​ធំធាត់​ជា​លំដាប់​នៅ​អាហ្វ្រិក។ ប៉េកាំង​មិនមែន​មាន​ឈ្មោះ​ត្រឹម​តែ​ជា​ដៃគូ​សេដ្ឋកិច្ច​​ឡើយ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ ចិន​បាន​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​​ជា​ច្រើន​មក​ពី​​ទ្វីបអាហ្វ្រិក​ ដើម្បីបើក​ជំនួប​កំពូល​អបអរ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​មហាយក្ស​អាស៊ី​និង​ទ្វីប​អាហ្វ្រិក។ “សហគមន៍​វាសនា​និងដៃគូ​ផ្តល់​ប្រយោជន៍​ច្រើន​ឱ្យ​គ្នា​ទៅ​វិញ​មក” ជា​ប្រធានបទនៃ​​វេទិកាដែល​សំដៅ​ឧទ្ទិស​ជា​ពិសេស​ដល់​ភាព​ជា​មហាអំណាច​​ដ៏​ខ្លាំង​ក្លា​​ ​ និង​ភាព​ជា​ដៃគូ​ទី​មួយរបស់​ចិន​ នៅ​ទ្វីប​អាហ្វ្រិក។ ជំនួប​កំពូល​នេះ ក៏​ជា​​ឱកាស​សម្រាប់​លោក​ស៊ីជីនពីង បាន​អបអរ​គម្រោង​នយោបាយ “ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ” ​ដែល​ចិន​បាន​ផ្តួច​ផ្តើម​លើក​គម្រោង​តាំង​ពី​ឆ្នាំ​២០១៣​មក ​ដើម្បី​អភិវឌ្ឍន៍​ចំណង​ពាណិជ្ជកម្ម​របស់​ចិន​មួយ​បណ្តា​ប្រទេស​ដទៃ និង​ដើម្បី​ធានា​សុវត្ថិភាព​លទ្ធកម្មរបស់​ខ្លួន។

​វេទិកា​លើក​នេះ បានកា​រ​ចូល​រួម​ពី​សំណាក់​ប្រតិភូជា​ថ្នាក់​ដឹកនាំអង្គការ​សហប្រជាជាតិ សហភាព​អាហ្វ្រិក ព្រមទាំង​អង្គការ​សមាគម​អាហ្វ្រិក-​អន្តរជាតិ​ ចំនួន​២៦​ ​និង​ពិសេស​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រដ្ឋ-រដ្ឋាភិបាល​ប្រទេស​មក​ពី​អាហ្វ្រិក​ចំនួន​៥៣​ប្រទេស​។ អ្នក​វត្តមាន​​មាន​តែ​ម្នាក់គត់ គឺ​ប្រទេស​ ​ L’eSwatini ​កូនប្រទេស​ដ៏​តូច​បំផុត​មួយ​របស់​​អាហ្វ្រិក និង​ជា​​សម្ព័ន្ធមិត្ត​ទោល​​របស់តៃវ៉ាន់​ប្រចាំ​ទ្វីប ទើប​ប៉េកាំង​មិន​អញ្ជើញ​។

ជំនួយ​​ចិនឱ្យ​​​អាហ្វ្រិក គ្មាន​លក្ខខណ្ឌ​នយោបាយ

ជាមួយ​នឹង​ការ​ទទួល​ស្វាគមន៍​ប្រមុខ​ដឹកនាំ​អាហ្វ្រិក​ដ៏​ច្រើន​ និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ នៅ​រដ្ឋធានី​ប៉េកាំង​យ៉ាង​ដូច្នេះ វេទិកា​ថ្ងៃ​នេះបាន​ផាត់​ពណ៌​​​​ទំនាក់ទំនង​ចិន​អាហ្វ្រិក​ឱ្យ​មាន​ទម្រង់​ជា​នយោបាយ។ ប៉ុន្តែ​លោក​ស៊ី ជីន​ពីង បាន​អះអាង​​​នៅ​ចំពោះ​មុខ​ប្រតិភូ​ ព្រឹក​មិញ​ថា រាល់​គ្រប់​ការ​វិនិយោគ​ចិន​នៅ​អាហ្វ្រិក​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​អ្វី​​ទាំង​អស់ ! ចិន​មិនត្រូវ​ការ​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​អាហ្វ្រិក និងក៏​មិន​បង្ខំ​នរណា​ឱ្យ​ធ្វើ​តាម​ឆន្ទៈ​ចិន​ឡើយ។

​​​ប៉ុន្តែ​ចិន​ត្រូវ​ការការ​ពារ​​ប្រយោជន៍​​របស់​ខ្លួន​នៅ​បរទេស ដែល​រីក​ធំធាត់​ជា​លំដាប់។ លោក ស៊ី​ជិនពីង ក៏​បានប្រកាស​ទទួល​ស្គាល់ ​នៅ​ព្រឹក​មិញ​ ថា​ចិន​ចាំ​បាច់​ត្រូវ​ធានា​ឱ្យ​បាន​អំពី​លទ្ធភាព​ជោគជ័យ​ពាណិជ្ជកម្ម​ និង​គម្រោង​វិនិយោគ​របស់​ខ្លួន​។ ជា​ពាក្យ​មួយ​ឃ្លាដែល​មាន​​ន័យ​យ៉ាង​គ្រប់​គ្រាន់​ ​ថា​ចិនរក​ស៊ី​​ត្រូវ​តែ​ចំណេញ។

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​​​ទី​មួយ​របស់​អាហ្វ្រិក លើ​គ្រប់​វិស័យ​ទាំង​អស់ តាំង​ពី​វិស័យ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ដល់​វិស័យសិប្បកម្ម​តូចតាច ​និង​ជា​អ្នក​វិនិយោគ​ដ៏​សកម្ម​បំផុត​នៅ​លើ​ទ្វីប​អាហ្វ្រិក​ ព្រមទាំង​មាន​ចំណែក​ភាគ​ហ៊ុន​ដល់​ទី​៥០% ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ។ ចិន​​មិនមែន​ទៅ​អាហ្វ្រិក​​ត្រឹម​តែ​ដើម្បី ស្វែង​រក​វត្ថុធាតុ​ដើម ដូច​ដែល​គេ​ធ្លាប់​គិត​ពី​មុន​មក​ទេ !

វិនិយោគ​និង​បំណុល

​សម្រាប់លោក​ខាង​លិច គេ​​​មើល​ឃើញ​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន-អាហ្វ្រិក​ គ្មាន​សមភាព និង​រាលដាល​ជះ​ជា​ឥទ្ធិពល​អាក្រក់​ទៅ​វិញ។ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ធនាគារ​កណ្តាល​ពិភពលោក កាន់តែ​ព្រួយ​បារម្ភ​ខ្លាំង នៅ​ពេល​ឃើញ​ប្រាក់​កម្ចី​វិនិយោគ​ចិន​ បាន​បង្កើន​បំណុល​ជាតិ​របស់​ក្រុម​បណ្តា​ប្រទេស​នៅអាហ្វ្រិក​ ទ្វេ​មួយ​ជា​ពី​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ ជា​ឧទាហរណ៍​ និង​ដូច​ជា​និយាយ​ដដែលៗ បំណុល​សាធារណៈ​របស់​កាមឺរ៉ូន​ ៧០%​ជា​លុយ​ចិន នៅ កេនយ៉ា ឬ​ម៉ូសំប៊ិច ក៏​ដូច​ជា​កុង​ហ្កោ កម្ចី​ចិន​បាន​ធ្វើ​បំណុល​ជាតិ​ឡើង​កាន់​ខែ​ខ្ពស់។ ចិន​គ្រប់គ្រង់​បំណុល​អាហ្វ្រិកទាំង​មូល​ដល់​ទៅ​១៤% នៅ​ពេល​នេះ។ ​បើ​តាម​ការិយាល័យ​ស្រាវជ្រាវ​អាមេរិក អាហ្រ្វិក​ជាប់​បំណុល​ចិន​ដល់​ទៅ ១២៥​ពាន់​លាន​​ដុល្លារ​ នៅរវាង​ពី​ឆ្នាំ​២០០០-២០១៦។​

​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​​ទំនាក់ទំនង​ ​រវាង​ដៃគូ​ទាំង​ពីរ អាហ្វ្រិក-​ចិន កាន់​តែ​រឹត​តឹង​ និង​រឹង​មាំ​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ថា​ចិន​ទៅ​ធ្វើ​អាណានិគមន៍​បែប​ថ្មី​លើ​អាហ្វ្រិក។ ប្រធានាធិបតី​រវ៉ាន់ដា ដែល​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អាហ្វ្រិក​ផង​នៅ​ឆ្នាំ​នេះ បាន​ច្រាន​ចោល​រាល់​គ្រប់​ការ​រិះគន់​​ទាក់ទង​នឹង​អន្ទាក់​បំណុល​ជាតិ​​អាហ្វ្រិក ហើយ​បាន​ចាត់​ទុក​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​​ជា​បំណង​អាក្រក់ ចង់បន្ទុច​​បង្អាក់​​ទំនាក់ទំនង​ចិន-អាមេរិក។ សម្រាប់​លោក​ប្រធាន​ផ្លាស់​វេន​សហភាព​អាហ្វ្រិក អ្នក​ដែល​រិះគន់​ចិន​ថា​បង្គរ​បំណុល​នៅ​អាហ្វ្រិក​ ផ្តល់​លុយ​ឱ្យ​អាហ្វ្រិក​យ៉ាង​តិច​តួច​បំផុត​។

ក្នុង​វេទិកា​នេះ ចិន​បាន​ប្រកាស​ផ្តល់​ប្រាក់​វិនិយោគបន្ថែម​ចំនួន​ ៦០​ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាហ្វ្រិក ក្នុង​នោះ ១៥ពាន់​លាន​ជា​ជំនួយ​ឥត​សំណង និង​ឥត​ការប្រាក់។

ហើយ​អ្វី​ដែល​ធ្វើ​ឱ្យអាហ្វ្រិក​កាន់​តែ​ចូល​ចិត្ត​ចិននោះ គឺ​ការ​មិន​លូក​លាន់​នយោបាយ ! ចិន​​មិន​ដែល​ខ្វល់​នឹង​ដាក់​លក្ខខណ្ឌ​នយោបាយ​ទេ ! លោក​ស៊ីជីនពីង បាន​ទទួល​ជួប​សន្ទនា​​ មួយ​ទល់​នឹង​មួយ​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​ច្រើន​របស់​អាហ្វ្រិក ដូច​ជា​ជាមួយ​ប្រធានាធិបតី​អាហ្វ្រិក ប្រធានាធិបតី​សេណេហ្កាល់ ព្រមទាំង​ប្រធានាធិបតី​ស៊ូដង់​ អូម៉ា អែលបេហ្សៀ ដែល​ជាប់​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ពី​បទប្រល័យ​ពូជសាសន៍ ​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅ​ដាហ្វួរផង៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាហ្វ្រិក​ជាកូន​បំណុល​របស់​ចិន ?

    ស្វែងយល់បន្ថែម

  • ចិន-អាហ្រ្វិក

    លោកវូ សឺសៀន៖​ចិន​ប្រកាន់​យក​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ

    ស្វែងយល់បន្ថែម

  • ចិន

    ចិន៖លោកស៊ី ជីនពីង​ផ្តើម​ទស្សនកិច្ច​មួយជុំ​តំបន់​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្រ្វិក

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើគម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់ចិន ដំណើរការ​ដល់​ណា​ហើយ ?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ទេ! អឺរ៉ុប​ថា ទ្វីប​អាហ្វ្រិក​ ចិន​មិន​ទាន់​ម៉ៅ​យក​ដាច់ ​តែ​ឯង​ទេ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ