អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះសង្ឃរា​ចេប៊ី​ដ៏​កាច​ជាង​គេ​ក្នុង​រយៈពេល ២៥ឆ្នាំ

នៅ​ថ្ងៃ​អង្គារ ទី៤ កញ្ញា ជប៉ុន​បាន​រងគ្រោះ​ដោយ​ខ្យល់ព្យុះសង្ឃរា​ដ៏​ខ្លាំង​មួយ​មិន​ធ្លាប់​មាន​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ។ ព្យុះសង្ឃរា​ឈ្មោះ​ចេប៊ី (Jebi) បាន​បោកបក់​លើ​ប៉ែក​ខាង​លិច​ប្រទេស​ដោយ​នាំ​ទឹកភ្លៀង និង​មាន​ល្បឿនខ្យល់​ជិត ២២០គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ គ្រោះ​ធម្មជាតិ​មួយ​នេះ​បាន​បង្ខំ​ឲ្យ​រោងចក្រ សហគ្រាស​ជា​ច្រើន​ផ្អាក​សកម្មភាព និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន។ តុល្យការ​ចុង​ក្រោយ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦នាក់ និង​របួស​ជា​ច្រើននាក់។

ជប៉ុន​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះសង្ឃរា​ចេប៊ី​ដ៏​កាច​ជាង​គេ​ក្នុង​រយៈពេល ២៥ឆ្នាំ
ជប៉ុន​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះសង្ឃរា​ចេប៊ី​ដ៏​កាច​ជាង​គេ​ក្នុង​រយៈពេល ២៥ឆ្នាំ Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ល្បឿន​ខ្យល់​ដល់​ទៅ​ជិត ២២០គីឡូម៉ែត្រ​ក្នុង​១ម៉ោង​​នៅ​តាម​កន្លែង​ខ្លះ ព្យុះសង្ឃរា​ចេប៊ី​ជា​ព្យុះ​លើកទី២១ ប្រចាំ​រដូវ​ក្នុង​តំបន់​ដែល​បាន​បោកបក់​លើ​ទីក្រុង​តូគូស្ហ៊ីម៉ា​នៃ​កោះ​ស្ហ៊ីកូគូតំបន់។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​អ្នក​ទទួល​ខុសត្រូវ​នៃ​ទីភ្នាក់ងារ​ឧុតុនិយមជាតិ ចេប៊ី​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ជា​ខ្យល់ព្យុះ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​គិត​តាំង​ពី​ឆ្នាំ ១៩៩៣។ ក្រោយ​ពី​បាន​បោកបក់​ខ្លាំង​លើ​ទីក្រុង​តូគូស្ហ៊ីម៉ា ព្យុះ​ចេប៊ី​ក៏​បាន​បន្ត​ដំណើរ​ទៅ​កាន់​ប៉ែក​ឦសាន​ក្នុង​ល្បឿន​ត្រឹម ៤៥គីឡូម៉ែត្រ​ក្នុង​១ម៉ោង រួច​ឆ្លង​កាត់​ដែនដី​មួយ​ភាគ​នៃ​កោះ​ហុងឈូ។

រដ្ឋអំណាច​បាន​បញ្ជាក់​ថា ដោយសារ​តែ​ព្យុះសង្ឃរា​ចេប៊ី​បាន​នាំ​មក​នូវ​ទឹកភ្លៀង​យ៉ាង​សម្បើម ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អាច​លិចទឹក ឬ​តំបន់​ដែល​អាច​រងផល​ប៉ះពាល់​ដោយ​ផ្លូវ​ទឹកផុក​ហូរ​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​រដ្ឋអំណាច​ពី​ការ​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន​ជា​យថាហេតុ។ ចំណែក​លោក​ប្រមុខ​រដ្ឋាភិបាល​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​លប់ចោល​ភ្លាម​ដំណើរ​ទៅ​កាន់​ប៉ែកខាងកើត និង​បាន​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ​ស្ថានការណ៍ ពិសេស​បាន​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ខ្លួន។

ខណៈ​នេះ មាន​ពលរដ្ឋ​ប្រមាណ​ជា ១លាន ២សែន​នាក់​ត្រូវ​បាន​រដ្ឋអំណាច​ស្នើ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ទៅ​ជ្រកកោន​កន្លែង​មាន​សុវត្ថិភាព ហើយ​មាន ១៦ ០០០នាក់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​តែ​ម្តង។ ដោយឡែក មាន​យ៉ាង​តិច ១៧៦ ០០០ លំនៅដ្ឋាន និង​អាគារ​ត្រូវ​បាន​ព្យុះសង្ឃរា​ចេប៊ី​កាត់​ផ្តាច់​ភ្លើង​អគ្គិសនី។ មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវដែក​ត្រូវ​បាន​ផ្អាក ហើយ​នៅ​អាកាសយានដ្ឋាន​ឯណោះ មាន​ជើងហោះហើរ​ជាង ៦៥០ជើង​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរ​លប់ចោល។ នៅ​ប៉ែក​ខាង​កើត​តំបន់​អូសាកា ហាងទំនិញ​ធំៗ រួម​ទាំង​សាលារៀន​បាន​បិទទ្វារ​ក្នុង​ថ្ងៃ​អង្គារ ទី៤ កញ្ញា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ