អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពុធ​​ថ្ងៃ​នេះ មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាង​ត្បូង បាន​ចាប់​ផ្តើម​ជជែក​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​​កូរ៉េខាងជើង នៅ​ព្យុងយ៉ាង​ ដើម្បី​រៀប​ចំ​ជំនួប​កំពូល​អន្តរកូរ៉េ​ជា​លើក​ទី​បី​រវាង​លោក​មូន ចែអ៊ីន និង​លោក គីម ជុងអ៊ុន។ ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កញ្ញា​ ប៉ុន្តែ​​​​​​ដំណើរការ​ចរចារវាង​កូរ៉េខាង​ជើង​និង​​អាមេរិក​ កំពុង​គាំង​ស្តូក។

អន្តរការី​ពិសេស​កូរ៉េខាង​ត្បូង ទៅ​ព្យុងយ៉ាង ថ្ងៃទី ៥ កញ្ញា ២០១៨
អន្តរការី​ពិសេស​កូរ៉េខាង​ត្បូង ទៅ​ព្យុងយ៉ាង ថ្ងៃទី ៥ កញ្ញា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ច​​ពិភាក្សា​គ្នា​ថ្ងៃ​នេះ ជា​​សំណើ​របស់​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក មូន ចែអ៊ីន កាលពី​ថ្ងៃទី ៣១​សីហា។ ប្រតិភូ ​​កូរ៉េខាង​ត្បូង​៥​រូប ដឹកនាំ​ដោយលោក Chun Eui-Yong ​(ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី)​ និងលោក Suh Hoon ​ជា​នាយក​ភ្នាក់ងារ​ចារកិច្ច បាន​ទទួល​ស្វាគមន៍ពី​សំណាក់​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការអន្តរកូរ៉េ លោក Ri Son Gwon និង​លោក​Kim Yong Chol អ្នក​ដែលធ្លាប់​ដើរ​​តួនាទី​ដ៏សំខាន់​ក្នុងការ​រៀប​ចំ​ឱ្យ​មាន​ជំនួបជា​ប្រវត្តិសាស្ត្រ​​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម​ជុងអ៊ុន​ ​នៅ​សិង្ហបុរី។

បន្ទាប់​មក​ប្រតិភូ​កូរ៉េខាង​ត្បូង ត្រូវ​មាន​កិច្ច​សន្ទនាផ្លូវការ​​ជាមួយមន្ត្រី​ជាន់​ខ្ពស់​​ខាង​ជើង​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ពុំ​មាន​ការ​បញ្ជាក់​ថា​តើ​អន្តរការី​ពិសេស​របស់​លោក​មូនចែអ៊ីន នឹង​អាច​មាន​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន​ដែរ​ឬ​ក៏​អត់​ទេ។

បើ​តាម​កម្មវត្ថុ​ជា​ផ្លូវការ មន្ត្រី​កូរ៉េខាង​ត្បូង ទៅ​ព្យុងយ៉ាង ដើម្បី​ពិភាក្សា​លម្អិត​អំពី​ជំនួប​កំពូល​ជា​លើក​ទី​បី​ រវាង​ លោក មូន ចែអ៊ីន និង​លោក គីម ជុងអ៊ុន ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ នៅ​ចុង​ខែ​កញ្ញា​នេះ។ ប៉ុន្តែ ​​សម្រាប់​ក្រុម​អ្នក​ជំនាញ​សំណុំ​រឿង​កូរ៉េ លោក Chung Eui-yong ដែល​ជា​បាន​​កាន់​លិខិត​ឯកជន​របស់​លោក​មូន​ចែអ៊ីន ទៅ​ជូន​លោក​ គីមជុងអ៊ុន អាច​ ​ពាំនាំសំណើ​មួយ​ចំនួន​ សម្រាប់​ទម្លាយ​ភាព​ទ័ល​ច្រក​នៃ​សំណុំ​រឿង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ អាច​ជា​សំណើ​សុំ​ឱ្យ​លោក គីម ជុងអ៊ុន​សន្យា​បង្ហាញ​បញ្ជី​អាវុធ​នុយក្លេអ៊ែរ​ ព្រម​ទាំង​យុទ្ធភណ្ឌ​មីស៊ីល​ ស្រប​តាម​ការ​ចង់​បាន​របស់​អាមេរិក ជា​ថ្នូរ​នឹង​សេចក្តី​ថ្លែងការណ៍​បិទ​បញ្ចប់​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ។ សង្គ្រាម កូរ៉េ​បាន​ចប់​នៅ​ឆ្នាំ​១៩៥៣ ដោយចុះ​កិច្ច​​ព្រមព្រៀង​ឈប់​បាញ់​ តែ​មិនមែន​ជាសន្ធិសញ្ញា​សន្តិភាព​ឡើយ។​​​

ផ្តល់​សន្ទុះថ្មី​​ដល់​ការ​ចរចា រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងជើង

រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ ​​សង្ឃឹម​ថា​កិច្ចពិភាក្សា​នៅ​ថ្ងៃ​នេះ នឹងអា​ចផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​​រំសាយនុយក្លេអ៊ែរ ដូច​អ្វី​ដែល​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ បាន​ព្រមព្រៀង​គ្នា​ ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ នៅ​សិង្ហបុរី​ថ្ងៃទី ១២​មិថុនា។​ ​ដំណើរការ​ចរចា​ដែល​ចេះ​តែ​លើក​ពេល​ម្តង​ហើយ​ម្តង​តៀត និង​ត្រូវ​ជាប់​គាំង​តែ​ម្តង តាំង​ពីប៉ុន្មាន​​សប្តាហ៍​មុន​មក។​ ព្យុងយ៉ាង​បាន​ចាប់​ផ្តើម​ប្រើ​ពាក្យ​សំដី​វាយប្រហារ​អាមេរិក​​ខ្លាំងៗ​វិញ ថា​ “វ៉ាស៊ីនតោនប្រើ​​ចរិក​ជា​បង​ធំ បង្ខំ​ឱ្យ​មាន​​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជា​ឯកតោភាគី ដោយ​គ្មាន​ធ្វើ​សម្បទាន​អ្វី​បន្តិច​បន្តួច​សោះ​​​ហើយ ​ថែម​ទាំង​ប្រកូក​ប្រកាស​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ដាក់​ទណ្ឌកម្ម​លើកូរ៉េខាង​ជើង​ទៀត”។ នៅ​សប្តាហ៍​មុន លោក​ដូណាល់ ត្រាំ បាន​សម្រេច​​នៅនាទី​ចុងក្រោយ លុប​ដំណើរ​ទស្សនកិច្ច​របស់​លោក ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ទៅ​ព្យុងយ៉ាង និង​បាន​លុប​ចោល​សេចក្តី​សម្រេច​ចិត្ត​ព្យួរ​សមយុទ្ធ​ជាមួយសម្ព័ន្ធមិត្ត​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ទៀតផង។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​លោក​ដូណាល់ ត្រាំ មិន​បាន​ទ្រគោះ​បោះបោក​ដាក់​ព្យុងយ៉ាង​វិញ​ទេ ហើយ​បាន​បង្ហាញ​សុទិដ្ឋ​និយម​យ៉ាង​ខ្លាំង ចំពោះ​ជោគជ័យ​នៃ​ជំនួប​កំពូល​លើក​ទី​បី រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​​ជាមួយ​លោក​មូន​ចែអ៊ីន យប់​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ