អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

អាមេរិក​បន្ត​មាន​សុទិដ្ឋិនិយម​​ក្នុង​​ការ​ហៅ​ពួកឧទ្ទាមតាលីបង់​ឲ្យ​ចូល​តុចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ជីម ម៉ាទីស (Jim Mattis) បាន​បំពេញ​ទស្សនកិច្ច​ឥត​ព្រាង​ទុក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ នេះ​ជា​ទស្សនកិច្ច​លើកទី៤ តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​ក្នុង​ខែ​មករា ឆ្នាំ ២០១៧។ ទស្សនកិច្ច​របស់​លោក​ម៉ាទីស​នា​ថ្ងៃ​សុក្រ ទី៧ កញ្ញា​បាន​ធ្វើ​ឡើង ក្នុង​បរិបទ​នៃ​កំណើន​អំពើហិង្សា​បង្ក​ឡើង​ដោយ​ពួកឧទ្ទាម​តាលីបង់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រមុខ​ការពារជាតិ​អាមេរិក​នៅ​តែ​សង្ឃឹម​ផ្តល់​ឲ្យ​មាន​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​រវាង​ពួក​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani ទទួល​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ Jim Mattis ក្នុង​ទីក្រុង​កាប៊ូល ថ្ងៃទី៧ កញ្ញា ២០១៨
លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani ទទួល​ជួប​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ Jim Mattis ក្នុង​ទីក្រុង​កាប៊ូល ថ្ងៃទី៧ កញ្ញា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទីក្រុង​កាប៊ូល លោក​ម៉ាទីស​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​អាច្រាហ្វ ហ្កានី និង​នាយករដ្ឋមន្រ្តី​លោក​អាប់ឌូឡា អាប់ឌូឡា។ តាម​វិមាន​ប្រធានាធិបតី ប្រធានបទ​នៃ​ជំនួប​បាន​ផ្តោត​សំខាន់​លើ​ដំណើរការ​ស្វែង​រកសន្តិភាព កំណែទម្រង់​លើ​កម្លាំងទ័ព​អាហ្វហ្កានីស្ថាន ការ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​នា​ពេល​ខាង​មុខ យុទ្ធនាការ​ប្រឆាំង​ភេរវនិយម និង​កិច្ចសន្ទនា​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ក្បែរ​ខាង។ បច្ចុប្បន្ន​នេះ មាន​ទាហាន​អាមេរិក​ចំនួន ១៤ ០០០នាក់​កំពុង​បំពេញ​បេសកកម្ម​លើ​ទឹកដី​​អាហ្វហ្កានីស្ថាន​ក្នុង​ក្របខណ្ឌ​អង្គការ​អូតង់។ បេសកកម្ម​របស់​ទ័ពអាមេរិក គឺ​ជួយ​គាំទ្រ និង​ជួយ​ហ្វឹកហ្វឺន​កម្លាំងសន្តិសុខ​អាហ្វហ្កានីស្ថាន​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ឧទ្ទាម​តាលីបង់។

តែ​មក​ទល់​ពេល​នេះ កម្លាំង​អាហ្វហ្កានីស្ថាន និង​កម្លាំង​អាមេរិក​ហាក់​ពិបាក​ទប់ទល់​នឹង​កំណើន​ឥទ្ធិពល​របស់​ពួក​តាលីបង់​ដែល​កំពុង​បន្ត​បើក​ការ​វាយប្រហារ​នៅ​ទីតាំង​សំខាន់ៗ​ទូទាំង​ប្រទេស រួម​ទាំង​ទីក្រុង​កាប៊ូល​ផង។ ក្នុង​ខែ​មិថុនា​ថ្មីៗ​នេះ កិច្ចព្រមព្រៀង​ឈប់បាញ់​មិន​ធ្លាប់​មាន​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​ពួក​តាលីបង់ និង​រដ្ឋាភិបាល​ក្រុង​កាប៊ូល។ បន្ទាប់​មក​ក្នុង​ខែ​កក្កដា មាន​ជំនួប​រវាង​តំណាង​ភាគី​អាមេរិក និង​តាលីបង់​ក្នុង​ប្រទេស​កាតា។ នីតិវិធី​ទាំង​នេះ​បាន​ផ្តល់​ក្តីសង្ឃឹម​ពី​ការ​បិទបញ្ចប់​ជម្លោះ និង​ការ​ផ្តើម​កិច្ចចរចា​សន្តិភាព។ តែ​សុទិដ្ឋិនិយម​មួយ​នេះ​កំពុង​ត្រូវ​បាន​បំផ្លាញ​ដោយ​កំណើន​វាយប្រហារ​របស់​ពួក​តាលីបង់ និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ថ្មី​ចុង​ក្រោយ​គឺ​ការ​វាយប្រហារ​លើ​អាគារកីឡា​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី៥ កញ្ញា​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ២៦នាក់ និង​របួស ៩១នាក់។ គួរ​រម្លឹក​ថា​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​យុទ្ធសាស្រ្ត​ថ្មី​សម្រាប់​អាហ្វហ្កានីស្ថាន​ដោយ​ដំឡើង​ចំនួន​ទ័បអាមេរិក។ គោលដៅ​របស់​លោក​ត្រាំ គឺ​ដាក់​គំនាប​លើ​ពួក​តាលីបង់​ឲ្យ​ចូល​តុចរចា​សន្តិភាព​ជាមួយ​ទីក្រុង​កាប៊ូល។ តែ​បញ្ហា​នៅ​ត្រង់​ថា ពួក​ឧទ្ទាម​មួយ​នេះ​តែង​បដិសេធ​ការ​បោះដៃ​ចរចា​របស់​ក្រុង​កាប៊ូល និង​បន្ត​ទាមទារ​ចង់​បាន​ការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ម៉ាទីស​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ក្តីសង្ឃឹម​របស់​លោក​ដែល​ថា ពួក​តាលីបង់​នឹង​យល់ព្រម​ចូល​តុចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ