អានតួអត្ថបទ
ថៃ

បរិស្ថាន៖​ក្បួនបាតុកម្ម​នៅ​ទូទាំង​សកលលោក​ដើម្បី​ទាញ​សញ្ញាអាសន្ន​ពី​ការ​ប្រែប្រួល​អាកាសធាតុ

នៅ​ថ្ងៃ​សៅរ៍ ទី៨ កញ្ញា ក្រុម​សកម្មជន​បរិស្ថាន​នៅ​ក្នុង​គ្រប់​ប្រទេស​ទូទាំង​សកលលោក​បាន​រៀបចំ​ក្បួនបាតុកម្ម​ដើម្បី​ទាមទារ​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​បញ្ហា​អាកាសធាតុ។ អ្វី​ដែល​ពួក​គេ​ចង់​បាន គឺ​វិធានការ​ជាក់ស្តែង​ក្នុង​ការ​ទប់ស្កាត់​កំណើន​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស។ ក្បួនបាតុកម្មសកល​ដើម្បី​អាកាសធាតុ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​កិច្ចប្រជុំ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ដើម្បី​ត្រៀម​រៀបចំ​ជំនួបកំពូល​ស្តីពី​អាកាសធាតុ COP២៤ ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា។

បរិស្ថាន៖​ក្បួនបាតុកម្ម​នៅ​ទូទាំង​សកលលោក​ដើម្បី​ទាញ​សញ្ញាអាសន្ន​ពី​ការ​ប្រែប្រួល​អាកាសធាតុ
បរិស្ថាន៖​ក្បួនបាតុកម្ម​នៅ​ទូទាំង​សកលលោក​ដើម្បី​ទាញ​សញ្ញាអាសន្ន​ពី​ការ​ប្រែប្រួល​អាកាសធាតុ AFP PHOTO / JOHN MACDOUGALL
ផ្សាយពាណិជ្ជកម្ម

ក្បួនបាតុកម្ម​សកល​ដើម្បី​អាកាសធាតុ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ក្រោក​ឈរ​ឡើង​ដើម្បី​អាកាសធាតុ »។ ពី​ប្រទេស​អូស្រ្តាលី​ឆ្លង​ចូល​ប្រទេស​ហ្វីលីពីន​ដោយ​កាត់​តាម​ប្រទេស​ថៃ​ដែល​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សម្រាប់​ត្រៀម​ជំនួបកំពូល​ស្តីពី​អាកាសធាតុ COP២៤ ក្នុង​ប្រទេស​ប៉ូឡូញ​នា​ពេល​ខាង​មុខ ក្បួនបាតុកម្ម​របស់​ក្រុមសកម្មជន​បរិស្ថាន​ពេល​នេះ​បាន​ចាប់​ផ្តើម​មុន​គេ​នៅ​អាស៊ី មុន​នឹង​បន្ត​នៅ​អឺរ៉ុប បន្ទាប់​មក​នៅ​អាមេរិក។ ក្នុង​ទីក្រុង​បាងកក មាន​បាតុករ​ចូលរួម​ជិត ២០០នាក់​ជា​មួយ​នឹង​ផ្ទាំងបដា រួម​នឹង​សម្រែក​បរិហារ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស COP២១ ស្តីពី​អាកាសធាតុ។

« អាមេរិក​ជា​ភាគី​ដែល​មាន​ចំណែក​ធំ​ណាស់​នៅ​ក្នុង​បញ្ហា​អាកាសធាតុ ដូច្នេះ អាមេរិក​ត្រូវ​តែ​ចូលរួម​ដោះស្រាយ » នេះ​ជា​ការ​ថ្លែង​របស់​បាតុករ​ស្រ្តី​ម្នាក់។ « ជា​មួយ​នឹង​ការ​ដក​ខ្លួន​ចេញ​ពី COP២១ អាមេរិក​លែង​ស្ថិត​ក្នុង​វង់ល្បែង​ទៀត​ឡើយ តែ​គឺ​អាមេរិក​ដែល​កំពុង​បន្ត​ដាក់​ច្បាប់ » នេះ​ជា​ពាក្យ​រិះគន់​របស់​បាតុករ​ម្នាក់​ទៀត។ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចំនួន​បាតុករ​មាន​រហូត​ដល់​ទៅ ៨០០នាក់​ជាមួយ​នឹង​បដា​ទាមទារ​ឲ្យ​បិទបញ្ចប់​ថាមពល​បាន​មក​ពី​ធ្យូងថ្ម​ទៅ​ជា​ថាមពល​បៃតង​ដែល​មិន​បំពុល​បរិយាកាស។ គួរ​រម្លឹក​ជូន​ថា ហ្វីលីពីន​ជា​ប្រទេស​ដែល​ប្រភព​ថាមពល​បាន​ពឹង​សឹង​តែ​ទាំង​ស្រុង​លើ​មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូងថ្ម។

នៅ​អាមេរិក ក្បួនបាតុកម្ម​ដើម្បី​អាកាសធាតុ​នឹង​ត្រូវ​រៀបចំ​ក្រោម​ទ្រង់ទ្រាយ​ក្នុង​ទីក្រុង San Francisco ដែល​ជា​ទីកន្លែង​ត្រូវ​រៀបចំ​ជំនួបកំពូល​ពិភពលោក​នៃ​ទីក្រុង និង​រោងចក្រ សហគ្រាស​ដើម្បី​អាកាសធាតុ​ចាប់​ពី​ថ្ងៃទី១២ កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ