ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

របាយការណ៍របស់​អ-ស-ប៖ ភូមា​កំពុង​បើក​យុទ្ធនាការ​ប្រឆាំង​អ្នកកាសែត

media  
លោកស្រីMichelle Bacheletប្រធានថ្មី​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវនៅថ្ងៃទី ១០​កញ្ញា ២០១៨ © REUTERS/Denis Balibouse

អស់​ពី​រងការរិះគន់ថា បាន​ធ្វើ​យុទ្ធនាការ​បោសសម្អាត​ជនជាតិ​ភាគតិច ភូមា នៅ​ដើម​សប្តាហ៍​នេះ​បាន​រងការចោទប្រកាន់​មួយទៀត ថា កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អ្នកកាសែត។ នៅក្នុង​របាយការណ៍​របស់ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​បាន​ចោទប្រកាន់​កងទ័ព និង​រដ្ឋាភិបាល​ភូមា​ថា កំពុង​យក​​ច្បាប់ និង​តុលាការ ធ្វើជា​ឧបករណ៍ប្រើប្រាស់​ក្នុង​យុទ្ធនាការ​​​បង្រ្កាប ក្រុម​​អ្នកកាសែត​ឯករាជ្យ។

 

នៅ​ភូមា គ្មានទេ អ្នកកាសែត​ដែល​ធ្វើការងារ​របស់ខ្លួន ដោយ​គ្មានការភ័យខ្លាច ឬ​ដោយគ្មាន​​​ជំនួយ​ពី​រដ្ឋាភិបាលនោះ។ នេះ​ជា​ការវាយតម្លៃ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅក្នុង​របាយការណ៍ចុងក្រោយ​របស់ខ្លួន ដែល​​ផ្តោតទៅលើ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​ភូមា។ របាយការណ៍​របស់​​អង្គការ​សហប្រជាជាតិត្រូវ​បាន​ចងក្រោយឡើង នៅក្រោយ អ្នកកាសែត​ជាតិ​ភូមា ពីររូបដែល បម្រើការ​ឲ្យ​​​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស ​Reuters ត្រូវ​បាន​តុលាការ​ភូមា ប្រកាស​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ក្នុង​បទចោទប្រកាន់ រំលោភ​​កិច្ចការសម្ងាត់​រដ្ឋ នៅពេល​ពួកគេ​សរសេរ ស៊ើបអង្កេត​លើ​វិបត្តិ​​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។

​សម្រាប់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ការ​ផ្តន្ទាទោសលើ​អ្នកកាសែត​ភូមា ដោយសារ​តែ​ពួកគេ​ស៊ើបអង្កេត​លើ​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺ​ជា​ករណី​ចុងក្រោយមួយទៀត ដែល​បង្ហាញ​ថា ទាំង​រដ្ឋាភិបាល និង​យោធា​ភូមា បាន​ប្រើ​គ្រប់មធ្យោបាយច្បាប់ និង​រាល់​យន្តការ​របស់​តុលាការ ដើម្បី​ចាប់ដាក់​ទោស​​អ្នកកាសែត​ឯករាជ្យ ហើយ​និង​ប្រភព​អ្នកផ្តល់​ព័ត៌មាន​ឲ្យ​អ្នកកាសែត។ ជាក់ស្តែង ច្បាប់​ស្តីពី​សារទូរគមនាគមន៍ កិច្ចការសម្ងាត់​រដ្ឋ សមាគម​មិន​ត្រឹមត្រូវ​តាមច្បាប់ ឬ ច្បាប់​ស្តីពីការនាំចូល ឬនាំចេញជាដើម ត្រូវ​បាន​អាជ្ញាធរ​ភូមា ប្រើធ្វើ​ជា​ហេតុផល សម្រាប់​ប្រឆាំង​នឹង​អ្នកកាសែត។ របាយការណ៍​របស់​​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពីឧទាហរណ៍ចាប់អ្នកកាសែត​ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​លើ​ការដុតគ្រឿងញៀន នៅ​រដ្ឋ​ស្ហាន ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ភាគតិច រំដោះ​ជាតិ តា អាង (Ta’ang National Liberation Army)។ ទោះបី​ជា​អ្នកកាសែត មិនបាន​សរសេរ​រៀបរាប់​​ពីជម្លោះ​ប្រដាប់អាវុធ​រវាង កងទ័ពភូមា និង​កងទ័ព​ភាគតិច នៅ​រដ្ឋស្ហាន ប៉ុន្តែ​គ្រាន់​តែ​សរសេរផ្សារភ្ជាប់ ​ពិធី​ដុតគ្រឿង​ញៀន របស់កងទ័ពភាគតិច ទៅ នឹង​ទិវា​អន្តរជាតិ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រើប្រាស់​ និងជួញដូរ​ថ្នាំញៀន ក៏​ធ្វើ​ឲ្យអាជ្ញាធរ​ភូមា​​ចាប់ឃុំខ្លួន​អ្នកកាសែត ក្នុង​បទ​ចោទប្រកាន់​ផ្សំគំនិត​ជាមួយ​ក្រុមខុសច្បាប់​ដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​អង្គារ ប្រធាន​ថ្មី​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet បាន​ព្រមានថា ស្ថានភាព​ ចាប់ចង​អ្នកកាសែត ​នៅ​ភូមា នឹង​ធ្វើឲ្យ​​លទ្ធិប្រជាធិបតេយ្យ​ពិបាក​នឹង​កើតឡើង នៅ​ភូមា។ លោកស្រី Bachelet បានអំពាវនាវឲ្យ​អាជ្ញាធរ​ភូមា សើរើ កែប្រែច្បាប់ ដែល​ងាយនឹង​ប៉ះពាល់​ដល់សិទ្ធិសេរីភាព​បញ្ចេញមតិ ជាជាង​ប្រើ​ច្បាប់ចាស់គំរិល និងប្រព័ន្ធ​​តុលាការ ដើម្បី​ធ្វើបាបអ្នកកាសែត៕  ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ