ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT
អាស៊ី

ឧបទ្វីបកូរ៉េ៖​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​សេអ៊ូល​បើក​ការិយាល័យ​ទំនាក់ទំនង​រវាង​គ្នា

media ឧបទ្វីបកូរ៉េ៖​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​សេអ៊ូល​បើក​ការិយាល័យ​ទំនាក់ទំនង​រវាង​គ្នា Reuters

នៅ​ថ្ងៃ​សុក្រ ទី១៤ កញ្ញា កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បើក​សម្ពោធ​អាគារ​ទំនាក់ទំនង​រវាង​គ្នា​មួយ​ដែល​បំពាក់​ដោយ​ការិយាល័យ​ជា​ច្រើន។ អាគារ​ដែល​មាន​កម្ពស់ ៤ជាន់​បាន​សាងសង់​ឡើង​នៅ​ក្នុង​តំបន់​កេសុង​ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងជើង។ នេះ​ជា​សញ្ញា​ថ្មី​មួយ​ទៀត​នៃ​ការ​រំកិល​ជិត​គ្នា​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​គ្រោង​ជួប​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ ទី១៨ កញ្ញា​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

នៅ​ពិធី​បើក​សម្ពោធ​អាគារ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ក្នុង​តំបន់​កេសុង ភាគី​កូរ៉េខាងត្បូង​បាន​ចូលរួម​ដោយ​រដ្ឋមន្រ្តី​ក្រសួង​រួបរួម​កូរ៉េខាងត្បូង​លោក Cho Myoung-gyon ចំណែក​ខាង​ភាគី​កូរ៉េខាងជើង​ចូលរួម​ដោយ​លោក Ri Son Gwon។ « ថ្ងៃ​នេះ ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្រ្ត​បាន​បើក​នៅ​ទីនេះ » នេះ​ជា​ការ​ថ្លែង​របស់​លោក Cho Myoung-gyon។ រីឯ​លោក Ri Son Gwon បាន​ឆ្លើយ​តប​វិញ​ដោយ​ចាត់​ទុក​អាគារ​ទំនាក់ទំនង​ថា ជា​ផ្លៃផ្កា​បាន​មក​ពី​ដំណាំ​រួម​គ្នា​រវាង​ពលរដ្ឋ​ខាងជើង និង​ខាង​ត្បូង។

នៅ​ក្នុង​អាគារ​កម្ពស់ ៤ជាន់​មាន​បំពាក់​ដោយ​សាលប្រជុំ​រួម​មួយ និង​ការិយាល័យ​ជា​ច្រើន​ដែល​មាន​ការ​ខ័ណ្ឌចែក​សម្រាប់​អ្នក​ធ្វើ​ការ​មក​ពី​ខាង​ជើង និង​ខាងត្បូង។ តាម​គម្រោង មាន​អ្នក​តំណាង​ប្រមាណ​ជា ២០នាក់​ពី​ភាគី​ម្ខាងៗ ហើយ​អាគារ​នោះ​នឹង​បើក​ទ្វារ ២៤ម៉ោង​លើ​២៤ម៉ោង និង ៣៦៥ថ្ងៃ​ក្នុង​១ឆ្នាំ។ គោលដៅ​នៃ​ការ​បង្កើត​ឲ្យ​មាន​អាគារ​ទំនាក់ទំនង​នេះ​ឡើង គឺ​ដើម្បី​ជួយ​សម្រួល​លើ​ការងារ​ដោះដូរ​រវាង​គ្នា​នៅ​តាម​ព្រំដែន បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​អាមេរិក ហើយ​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា។

គួរ​រម្លឹក​ថា តាំង​ពី​ដំណាច់ខែ​មេសា និង​តាំង​ពី​ក្រោយ​ជំនួបកំពូល​លើកទី១ រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ស្រុក Panmunjom មក បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​ព្យាយាម​បង្កើត​ឲ្យ​មាន​គម្រោង​រួម​គ្នា​នៅ​ក្នុង​វិស័យ​ជា​ច្រើន។ តាម​គម្រោង លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​ត្រូវ​ជួប​គ្នា​ជា​លើកទី៣ នៅ​ថ្ងៃទី១៨ កញ្ញា​ក្នុង​ទីក្រុង​ព្យងយ៉ាង។ គួរ​រម្លឹក​ជូន​ថា លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​បាន​ជួប​គ្នា​ចំនួន​ពីរ​ដង លើកទី១ ក្នុង​ខែ​មេសា​ជា​ជំនួបកំពូល និង​លើកទី២ ក្នុង​ខែ​ឧសភា​ជា​ការ​ជួប​ប្រាស្រ័យ​គ្នា​ដោយ​គ្មាន​ការ​គ្រោង​ទុក។

អ្វី​ជា​ការ​កត់សម្គាល់ ការ​រំកិលខិត​រក​គ្នា​កាន់​តែ​ជិត​រវាង​កូរ៉េ​ទាំង​ពីរ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ហាក់​កំពុង​ជាប់គាំង។ តែ​គេ​សង្ឃឹម​ថា ភាព​ជាប់គាំង​នេះ​អាច​នឹង​ត្រូវ​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នៅ​ក្នុង​គម្រោង​ជួប​គ្នា​ជា​ថ្មី​រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​នា​ថ្ងៃទី១៨ កញ្ញា​ក្នុង​ទីក្រុង​ព្យុងយ៉ាង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ