ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​​ទៅ​សុំ​ប្រាក់​ជំនួយ​ពី​​ចិន ម្ចាស់បំណុល

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​​ទៅ​សុំ​ប្រាក់​ជំនួយ​ពី​​ចិន ម្ចាស់បំណុល ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូ​ និងភរិយា​ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ក្នុង​ក្របខ័ណ្ឌ​​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅប្រទេស​ចិន ចាប់ ពីថ្ងៃ​ទី ១៣ ដល់ថ្ងៃទី ១៦​កញ្ញា ©Miraflores Palace/Handout via REUTERS

    ក្រសួងការបរទេស​ចិន បាន​​ប្រកាស​ថា លោក​ប្រធានាធិបតី​ចិន ស៊ីន ជីនពីង​នឹង​ទទួល​ជួប​រាក់ទាក់​លោក​ប្រធានាធិបតីវ៉េណេស៊ុយអេឡា នៅថ្ងៃ​សុក្រទី ១៤ កញ្ញា។ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​នីកូឡា ម៉ាឌូរ៉ូ បានធ្វើដំណើរ​ទៅ​ដល់​ទីក្រុងប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន រហូត​ដល់​ថ្ងៃ​អាទិត្យ។ ដំណើរ​ទស្សនកិច្ច​​របស់​ប្រមុខដឹកនាំ​វ៉េណេស៊ុយអេឡា​ទៅ​ចិន ធ្វើឡើង ក្នុង​កាលៈទេសៈ ដែល​វ៉េណេស៊ុយអេឡាកំពុង​ឈ្លោះតានតឹង​ជាមួយ​អាមេរិក។

    ប្រធានាធិបតី​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ។ ទៅដល់​ទីក្រុង​ប៉េកាំង តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​នីកូឡា ម៉ាឌូរ៉ូ​ដែល​ត្រូវជួប​ប្រធានាធិបតី​ចិន នៅថ្ងៃ សុក្រទី ១៤កញ្ញា បាន​ចូល​ទៅ​ដាក់​កម្រងផ្កា នៅ​ផ្នូរ​របស់​ប្រមុខម៉ៅ សេងទុង។ ចិន​ជា​ប្រទេស​ដំបូងគេ ដែល​លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច នៅក្រោយ​​ភេរវកម្មសំដៅរូបលោក ប៉ុន្តែ មិន​បាន​សម្រេច កាលពី​ថ្ងៃទី ៤ ខែសីហា។ នៅ​មុន​ដាក់ជើង​ជាន់​ប្រទេស​ចិនម្ល៉េះ​ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ បានប្រកាស​ហើយ​ថា ដំណើរ​ទស្សនកិច្ច​របស់លោក ទៅប្រទេស​ចិន គឺ​សំខាន់ ចាំបាច់ និង​អាច​នាំប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​វ៉េណេស៊ុយអេឡា។ សម្រាប់​លោកម៉ាឌូរ៉ូ ចិន​ជា​ “បងស្រី​”​របស់​វ៉េណេស៊ុយអេឡា។

    ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា​នៅ​ប្រទេស​ចិន ធ្វើឡើង នៅក្នុង​កាលៈទេសៈ ដែល​​ប្រទេស​នៅអាមេរិកឡាទីន​មួយ​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ហើយ​និងតានតឹងខ្លាំង​​ជាមួយ​សហរដ្ឋអាមេរិក។ នៅ​ប្រទេស​ចិន ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​សង្ឃឹម​ចង់​បានពី​ចិន នូវ​​ទឹកប្រាក់ជំនួយផង ហើយ​និង​ការគាំទ្រ​ខាងផ្នែក​នយោបាយ​ការទូតផង។ "ខ្ញុំចេញទៅប្រទេស​ចិន ជាមួយ​នឹង​ក្តីសង្ឃឹម​។ ចិន​ជាប្រទេស​បងស្រី។ ខ្ញុំ​នឹង​សប្បាយចិត្តណាស់ នៅពេល​បានជួប​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅថ្ងៃសុក្រ"។ នេះជាប្រសាសន៍​របស់​លោកម៉ាឌូរ៉ូ នៅមុន​ឡើង​យន្តហោះ​សំដៅ​ទីក្រុង​ប៉េកាំង។

    សូមអាន៖ វ៉េណេស៊ុយអេឡា៖​លោក​នីកូឡា ម៉ាឌូរ៉ូ​បញ្ចេញ​រូបិយប័ណ្ណ​ថ្មី​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច

    ដោយសារ​តែ​នយោបាយ​បង្រ្កាប​ចាប់ដាក់​ពន្ធនាគារ មេដឹកនាំ និង​សមាជិក​ក្រុម​បក្ស​ប្រឆាំង រដ្ឋាភិបាលវ៉េណេស៊ុយអេឡា​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ​បាន​រងការដាក់សម្ពាធ ឈប់រាប់រក ​ពីសហគមន៍អន្តរជាតិ ជាពិសេស​ក្រុមប្រទេស​លោកខាងលិច ដូចជា​អាមេរិកជាដើម គឺ​លើក​លែង​តែ​ពី​ប្រទេស​មួយចំនួន ដែល​នៅ​រក្សា​ទំនាក់ទំនង ជិតស្និទ្ធិ និង​គាំទ្ររដ្ឋាភិបាល​​វ៉េណេស៊ុយអេឡា។ នៅក្នុង​នោះ​មានផងដែរ ​ចិន សម្ព័ន្ធមិត្ត​របស់​វ៉េណេស៊ុយអេឡា។

    គោលដៅ​ទី ២ និង​ដែល​សំខាន់​របស់​លោកម៉ាឌូរ៉ូ នៅ​ប្រទេស​ចិន គឺ​ចង់​បាន​ថវិកាជំនួយ​ពី​ចិន ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា ដែល​កំពុង​ដើរអូសជើង និង​ដែល​កំពុង​បង្ក​ចលាចល ជំរុញ​ឲ្យ​ប្រជាជន​ភ័យខ្លាច រត់ ធ្វើ​ចំណាកស្រុក ទៅ​រស់នៅ​ប្រទេស​ជិតខាង នៅ​អាមេរិកឡាទីន។ នៅមុន​ឡើង​យន្តហោះ​សំដៅ​ទីក្រុង​ប៉េកាំង កាលពីថ្ងៃ​ពុធ លោក​ម៉ាឌូរ៉ូ​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា លោក​ទៅ​ប្រទេស​ចិន ដើម្បីជំរុញ ការវិនិយោគ​លើ​ផ្នែក​ថាមពល ការដោះដូរ ហើយ​និង​ទំនាក់ទំនង​ហិរញ្ញវត្ថុដ៏​ ជោគជ័យ​រវាង​ប្រទេស​ទាំងពីរ ចិន និង​វ៉េណេស៊ុយអេឡា។ តាម ទីភ្នាក់ងារ​តាមដាន​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ​នឹង​អាច​ត្រលប់​ចូល​ប្រទេស​វិញ ជាមួយ​នឹង​ប្រាក់ជំនួយ​របស់​ចិន ប្រមាណ ៥ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បីយក​ទៅ​អនុវត្ត​កំណែទម្រង់​សេដ្ឋកិច្ច​ក្នុង​ប្រទេស ដែល​រដ្ឋាភិបាល​បាន​ប្រកាសធ្វើ កាលពី​ចុងខែ​សីហា​កន្លងទៅ។

    ជំនួយ​របស់​ចិន ភ្ជាប់​ជាមួយ​​ចំណងតឹងផ្អើះ

    ចិន​ជា​សម្ព័ន្ធមិត្ត ប៉ុន្តែ ក៏​ជា​ម្ចាស់បំណុល​ធំជាងគេ​របស់​វ៉េណេស៊ុយអេឡា។ ជំនួយ​របស់​ចិន​កន្លងមក សម្រាប់​វ៉េណេស៊ុយអេឡា គឺ​ជាជំនួយ ឥណទាន។ ជាក់ស្តែង ក្នុង​​រយៈពេល​១០​ឆ្នាំចុងក្រោយនេះ ចិន​បាន​ឲ្យ​វ៉េណេស៊ុយអេឡា​ខ្ចីប្រាក់ ប្រមាណ ៥០ពាន់​លាន​ដុល្លារ ប៉ុន្តែ ជាថ្នូរមកវិញ វ៉េណេស៊ុយអេឡា​ត្រូវ​បើកផ្លូវ​ឲ្យ​ចិន​ចូល​វិនិយោគ លើ​​ការផលិតបូមប្រេង ហើយ​និងការធ្វើ​អាជីវកម្ម​លើ​រ៉ែក្រោមដី។ រហូតមក វ៉េណេស៊ុយអេឡា​ ដែល​ជា​ប្រទេស​មាន​អណ្តូងប្រេង ធំជាងគេ ក្នុង​លោក បាន​សងប្រាក់បំណុល​របស់​ចិន ជា​បណ្តើរៗ ជាមួយ​នឹង​ប្រេង ដែលខ្លួន​​បូមបាន។ សព្វថ្ងៃនេះ វ៉េណេស៊ុយអេឡា នៅ​ជំពាក់​ចិន តែ​២០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ។​ ចិនវិញ នៅពេល​មាន​វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ជង្រុកប្រេង ជា​កូនបំណុល គឺ​ច្បាស់ណាស់​ថា គ្មាន​បញ្ហា​ខ្វះប្រេង សម្រាប់​ផ្គត់ផ្គង់ថាមពល​ក្នុង​ស្រុក​នោះទេ។

    ជាជង្រុកប្រេងធំជាងគេ ប៉ុន្តែ ​វ៉េណេស៊ុយអេឡាធ្លាក់ខ្លួន​ជា​កូនបំណុល​របស់​ចិន

    ចិន​បាន​ចូល​ទៅ​ដាក់​ទុនវិនិយោគ បែប​ប្រាក់ជំនួយ​ឥណទាន នៅ​វ៉េណេស៊ុយអេឡា តាំង​ពី​ឆ្នាំ ២០០៨ ដោយ​ចិន​វិនិយោគ​ទៅលើ​ផ្នែក​ថាមពល ហើយ​និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ​ផលិតប្រេង នៅ​វ៉េណេស៊ុយអេឡា។ សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា បាន​ចាប់​ធ្លាក់​ដុនដាប និង​រត់ទៅ​ពឹងប្រាក់បំណុល​របស់​ចិន នៅពេល​ដែល​តម្លៃ​ប្រេងឆៅ​បានធ្លាក់ចុះ​ថ្លៃ កាលពី​ឆ្នាំ ២០១៤។ តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ថ្លៃ ធ្វើ​ឲ្យ​បរិមាណ​ផលិតប្រេង​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា ធ្លាក់ចុះទៅដែរ។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​សំពាធ និង​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​អាមេរិកផង។ ​កន្លងមក ចិនធ្លាប់​បាន​ចុះកិច្ចព្រមព្រៀង​ផ្តល់​ប្រាក់កម្ចី​ ដល់​វ៉េណេស៊ុយអេឡា​ប្រមាណ ៥ពាន់​លាន​ដុល្លារដើម្បីអភិវឌ្ឍន៍​វិស័យ​អភិវឌ្ឍ ផលិតប្រេងរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ វ៉េណេស៊ុយអេឡា មិន​បាន​ទទួល​ប្រាក់បំណុល​ទាំងអស់​នៅឡើយទេ។ កាលពី​៣​ឆ្នាំមុន ចិន បានផ្អាក​ មិនបញ្ជូន​សាច់ប្រាក់បំណុល​ទៅ​ឲ្យ​វ៉េណេស៊ុយអេឡា ​នៅបន្ទាប់ពីវ៉េណេស៊ុយអេឡា ទាមទារ​ឲ្យ​ចិន ដំឡើង​ថ្លៃប្រេង​​ ដែល​វ៉េណេស៊ុយអេឡា ត្រូវ​សងកាត់កង​ ប្រាក់បំណុលចិន។ វា​ច្បាស់ណាស់ថា នៅពេល​ដែល​តម្លៃ​ប្រេង​ចុះថ្លៃ​បែបនេះ ចិនទទួល​បាន​ប្រយោជន៍​ច្រើនណាស់ ពី​ការកាត់សង​បំណុល​ជា​ប្រេង ពី​វ៉េណេស៊ុយអេឡានោះ។

    ចិន​នឹង​ឲ្យ​វ៉េណេស៊ុយអេឡា​ខ្ចីលុយ​ សមតាម​បំណង

    មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​វាយតម្លៃហើយ​ថា អត្រាអតិផរណា​របស់​ប្រទេស​វ៉េណេស៊ុយអេឡា ​នឹង​កើនឡើង​ដល់ ១លាន​ភាគរយ នៅ​ចុងឆ្នាំនេះ។

    ប៉ុន្តែ ទីក្រុង​ប៉េកាំងវិញ បាន​សំដែង​ការគាំទ្រ​ជំហរ​នយោបាយ​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ជាពិសេស ក្នុង​រឿង បង្កើតក្រដាស​ប្រាក់​ថ្មី ដើម្បី​លើកតម្លៃ​រូបិយប័ណ្ណ​ជាតិ និង​ដើម្បី​កាត់បន្ថយ​អត្រាអតិផរណា។ រដ្ឋាភិបាល​ចិន តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​វាយតម្លៃថា កំណែទម្រង់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា កំពុង​ជំរុញ​សេដ្ឋកិច្ច ហើយ​និងធ្វើ​ឲ្យ​​ផ្លាស់ប្តូរប្រព័ន្ធ​ហិរញ្ញវត្ថុ។ សម្រាប់​ចិន ការអភិវឌ្ឍន៍​ប្រកប​ដោយ​ស្ថិរភាព​របស់​វ៉េណេស៊ុយអេឡា គឺជា​ការចង់​របស់​គ្រប់ភាគីទាំងអស់។

    ទីភ្នាក់ងារ​ពិគ្រោះយោបល់​វ៉េណេស៊ុយអេឡា​ដែលតាម​ដានជាប់​ប្រាក់បំណុល​របស់​ចិន សម្រាប់​វ៉េណេស៊ុយអេឡា បាន​វាយតម្លៃថា នៅក្នុង​ទស្សនកិច្ច​លើកនេះ លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​នឹង​ទទួល​បាន​ប្រាក់កម្ចី ៥ពាន់លាន​ដុល្លារ​បន្ថែមទៀត ពី​ចិន ដើម្បី​អភិវឌ្ឍ ​គម្រោងផលិតប្រេង។ ​ទីក្រុង​ប៉េកាំង តាមពិត គ្រាន់តែ​នៅ​រង់ចាំ​មើលថា តើ​រដ្ឋាភិបាល​​វ៉េណេស៊ុយអេឡាដាក់ចេញ នូវ​វិធានការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ។

    ទោះបី​ជា​ប្រាក់កម្ចី​របស់​ចិន មិនអាច​ទៅជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា បានទាំងស្រុង ប៉ុន្តែ ចិន​ក៏​មិន​ខកចិត្តដែរ។ ចិន​នៅ​តែ​ទទួល​ប្រយោជន៍ ព្រោះ​មាន​ប្រទេស​ជង្រុកប្រេង​មួយជា​កូនបំណុល​របស់ខ្លួន ដែល​ចាំតែ​បូម​ប្រេង និង​ដឹកជញ្ជូន​ទៅ​ឲ្យ​ចិន សម្រាប់​កាត់សងបំណុល។ ​ផ្ទុយទៅវិញ នៅពេល​ដែល​ធ្លាក់​​ខ្លួន​ឯកោ វ៉េណេស៊ុយអេឡា​ឯណោះទេដែល​រងគ្រោះ ខាតបង់​ប្រយោជន៍ ព្រោះ​គ្មាន​អតិថិជន​​ច្រើន​សម្រាប់​ដេញថ្លៃ។ នៅពេល​មាន​ចិន​ជាអតិថិជន​ធំ សឹងផ្តាច់មុខ វ៉េណេស៊ុយអេឡា គឺ មិនអាច​តថ្លៃ អ្វីបានច្រើន ជាមួយ​ចិន ដែល​សម្ព័ន្ធមិត្ត ប៉ុន្តែ ក៏​ជា​ម្ចាស់​បំណុល ដែល​មាន​សិទ្ធិ​អារកាត់​គ្រប់រឿង៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ចិន-វ៉េណេស៊ុយអេឡា

      លោក​ស៊ី ជីនពីង​បញ្ចប់​ទស្សនកិច្ច​នៅ​វ៉េណេស៊ុយអេឡា​ជាមួយ​នឹង​ការ​ចុះ​កិច្ចសន្យា​រាប់​ពាន់​លាន​ដុល្លារ

      ស្វែងយល់បន្ថែម

    • វ៉េណេស៊ុយអេឡា

      វិបត្តិ​នយោបាយ​កាន់​តែ​ធ្លាក់​ចុះ​ជ្រៅ នៅ​វ៉េណេស៊ុយអេឡា

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      បាតុកម្ម​ផ្ទុះ​នៅ​ប្រទេស​សង្គម​និយម វ៉េណេស៊ុយអេឡា

      ស្វែងយល់បន្ថែម

    • ​វ៉េណេស៊ុយអេឡា-យោធា

      ការ​ដំឡើង​បៀវត្ស​យោធា​វ៉េណេស៊ុយអេឡា​ជាង​៤៥​ភាគរយ​បង្ក​ការ​រិះគន់

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ