អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិមានប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យនេះ បញ្ជី​ឈ្មោះ​គណៈប្រតិភូ ដែល​ត្រូវ​អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​ក្នុង​ជំនួបកំពូល នៅទីក្រុង​ព្យុងយ៉ាង។ នៅក្នុង​បញ្ជីឈ្មោះ មានផងដែរ ប្រធានក្រុមហ៊ុន ឯកជន​កូរ៉េខាងត្បូង ដូចជា អគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង និង​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត ហ៊ីយុនដាយ ជាដើម។ តាមការិយាល័យ​របស់​ប្រធានាធិបតីកូរ៉េខាងត្បូង រាប់ទាំង​អ្នកកាសែតផង គណៈប្រតិភូ​កូរ៉េខាងត្បូង​សម្រាប់​ជំនួបកំពូល​រវាង​លោកប្រធានាធិបតី​មូន ចៃអ៊ីន ជាមួយ​លោកគីម ជុងអ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង នៅថ្ងៃ​អង្គារ​ខាងមុខ នឹង​មាន​មនុស្ស​២០០​នាក់។ 

តាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកអគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង Lee Jae-yongនឹង​ធ្វើដំណើរ​អម​លោកប្រធានាធិបតី​ មូនចៃអ៊ីន​ទៅ​ទីក្រុង​ព្យុងយ៉ាង នៅថ្ងៃអង្គារ ទី ១៨​កញ្ញា ២០១៨
តាម​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកអគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង Lee Jae-yongនឹង​ធ្វើដំណើរ​អម​លោកប្រធានាធិបតី​ មូនចៃអ៊ីន​ទៅ​ទីក្រុង​ព្យុងយ៉ាង នៅថ្ងៃអង្គារ ទី ១៨​កញ្ញា ២០១៨ REUTERS/Cho Seong-joon/Pool/File photo
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចៃអ៊ីន​នឹង​ធ្វើដំណើរ នៅថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង។ តាម​ការិយាល័យ ប្រធានាធិបតី​កូរ៉េខាងត្បូង គណៈប្រតិភូ អម​ដំណើរ​លោក​មូន ចៃអ៊ីន ទៅ​កូរ៉េខាងជើង នឹង​មាន​សមាជិក ប្រមាណ ២០០​នាក់ ដូចជា​រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តី​ការបរទេស ឬ រដ្ឋមន្រ្តី​ដើម្បី បង្រួបបង្រួម​កូរ៉េ។ នៅ​ថ្ងៃ​អាទិត្យនេះ មន្រ្តីរដ្ឋាភិបាល និង​អ្នកកាសែត ចំនួន ៩០នាក់ បាន​ជិះរថយន្ត ឆ្លង​ចូល​ទៅ​ទឹកដី​កូរ៉េខាងជើង ដើម្បី​រៀបចំ​ជំនួបកំពូល កូរ៉េ នៅទីក្រុង​ព្យុងយ៉ាង។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍ ដែរនោះ គឺ​នៅក្នុង​បញ្ជីឈ្មោះ គណៈប្រតិភូ​អមដំណើរ ប្រធានាធិបតី កូរ៉េខាងជើង មាន​ផងដែរ ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង ដូចជា​អគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង លោក Lee Jae Yong ឬ​អនុប្រធាន​ក្រុមហ៊ុន​ផលិតរថយន្ត Hyundai Motor group​លោក Kim Yong Hwan ជា​ដើម។

តាមរយៈ សេចក្តី​ប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី ដែល​បាន​សរសេរ​ថា ជំនួបកំពូល​នៅ​ថ្ងៃអង្គារ​ខាងមុខ រវាង​មេដឹកនាំ​កូរ៉េខាងជើង ហើយ​និង​លោកប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួយ​បើកផ្លូវ ជំរុញ ឲ្យ​មាន​ការដោះដូរ ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ មាន​កាន់តែច្រើន។

គេ​រំពឹងថា ទៅ​ទីក្រុង​ព្យុងយ៉ាង​លើកនេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចៃអ៊ីន នឹង​ផ្តោតសំខាន់ ទៅ​គម្រោង​ពាណិជ្ជកម្ម​ដែល លោកធ្លាប់​បាន​និយាយ​ព្រមព្រៀង រួចហើយ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង កាលនៅក្នុង​ជំនួប​កូរ៉េ​លើកដំបូង នា​ខែ​មេសា​កន្លងទៅ។

កាលណោះ មេដឹកនាំ​កូរ៉េទាំងពីរ​ធ្លាប់​បាន​យល់​ព្រមព្រៀង​គ្នា ថា​នឹង​ជំរុញ គម្រោង​អភិវឌ្ឍន៍​ផ្លូវ គមនាគមន៍ ដូចជា​ផ្លូវរថភ្លើង ដើម្បី​តភ្ជាប់​ពីទឹកដី​កូរ៉េខាងត្បូង ឆ្លងកាត់​កូរ៉េខាងជើង សំដៅ​ទៅកាន់​ព្រំដែន​ចិន។ កាលពី​ចុងខែ​សីហា​កន្លងទៅ គឺ​នៅក្រោយ​ជំនួបកំពូល​កូរ៉េ​លើកទី ២ ដែល​មិន​បាន​ព្រាងទុក មេដឹកនាំ​កូរ៉េខាងជើង បាន​អំពាវនាវ​ចង់​បាន​ជំនួយ​ហិរញ្ញវត្ថុ ពី​ក្រុង​សេអ៊ូល។ ចំណែក​កាសែត​រដ្ឋ​កូរ៉េខាងជើង​វិញ បាន​សរសេរ ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ​ចេះ​សម្រេចចិត្ត​ដោយ​ខ្លួន ឯង និង​ផ្តោតសំខាន់​ជា​អាទិភាព​លើ​ការសហការ កូរ៉េ ក្នុងជា​ប្រជាជាតិ​តែមួយ បើសិន​កូរ៉េខាងត្បូង ពិតជា​ចង់បាន​សន្តិភាព ជាមួយ​កូរ៉េខាងជើង​មែន។ ភាគី​ខាងជើង​ដាក់​សម្ពាធ​លើ​កូរ៉េខាងត្បូង យ៉ាងដូច្នេះ ដោយសារ តែ កូរ៉េខាងជើង មិនឃើញ​កូរ៉េខាងត្បូង ចាត់​វិធានការ​អ្វី ជាក់ស្តែង នៅក្រោយ ជំនួបកំពូល កាលពី​ខែ​មេសា។ ម្យ៉ាងទៀត កូរ៉េខាងជើង ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ​ប្រញាប់សហការ​សេដ្ឋកិច្ច​ជាមួយខ្លួន ក៏ដោយសារ​តែ ការចរចា​ជាមួយ​អាមេរិក​នៅ​ជាប់គាំង ហើយ អាមេរិក​នៅតែ​មិនព្រម​បន្ធូរបន្ថយ​សោះ ពី​រឿង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។

ដោយ​នាំយក​ទៅជាមួយ ក្រុមអ្នកវិនិយោគ ហើយ​និង​ប្រធានក្រុមហ៊ុន គ្រាក់ៗ​របស់​កូរ៉េខាងត្បូង លោក​ប្រធានាធិបតី​មូន ចៃអ៊ីន ចង់​ឬ​មិន​ចង់ បញ្ជាក់​ថា លោកមាន​ចេតនា គោរព​តាម​កិច្ចព្រមព្រៀង និង​ចង់​ពង្រឹង​ការសហការ សេដ្ឋកិច្ច រវាង​ប្រទេស​កូរ៉េទាំងពីរ។

កូរ៉េខាងត្បូង​សំលឹង​ប្រយោជន៍​សេដ្ឋកិច្ច​នៅក្រោយ​មានសន្តិភាព​ជាមួយ​ក្រុង​ព្យុងយ៉ាង

កូរ៉េខាងត្បូង​ជា​ប្រទេស​មានសេដ្ឋកិច្ច​រីកចម្រើន ខ្លាំង។ ចំណែក​កូរ៉េខាងជើង​ជា​ប្រទេស​កុម្មុយនិស្ត ក្រីក្រ ដែល​មាន​ប្រជាជន​ជួបគ្រោះទុរភឹក្ស​ជាច្រើន​លាន​នាក់។ គេ​អាច​និយាយថា បើសិនកូរ៉េខាងជើង ​ ​ចាប់សហការ​សេដ្ឋកិច្ច ជាមួយ កូរ៉េខាងត្បូង​ នោះ កូរ៉េខាងជើង​នឹង​បូម​យក​ប្រយោជន៍​ច្រើន​ពី​ប្រទេស​អ្នកមាន​ដូចជា​កូរ៉េខាងត្បូង។ ប៉ុន្តែ នៅ​លើ​ស្ថានភាព​ជាក់ស្តែង គឺ​មិនដូច្នេះទេ។

ដោយ​ចង់​ត្រលប់​ទៅ​ជានា ចុះ​សន្ធិសញ្ញា​សន្តិភាព ជាមួយ​កូរ៉េខាងជើង កូរ៉េខាងត្បូង បាន​សំលឹង​រួចហើយ ផលប្រយោជន៍ សម្រាប់ខ្លួន។

ទី១ ការចាប់ដៃ ដោះដូរ​សេដ្ឋកិច្ច ជាមួយ​កូរ៉េខាងជើង នឹង​អាច​ជួយធានា​ឲ្យ​កូរ៉េខាងត្បូង​ទទួល​បាន​សន្តិភាព លែង​រស់នៅ​ក្នុង​ភាពភ័យខ្លាច នឹង​ការគំរាមកំហែង វាយប្រហារ​ដោយ​មីស៊ីល ឬ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ កូរ៉េខាងជើង​ដែល​នឹង​អាច​ទទួល​ប្រយោជន៍ពី​ការដោះដូរ​ សេដ្ឋកិច្ច ជាមួយទីក្រុង​សេអ៊ូល ច្បាស់ ជា​លែង​រករឿង ចង់​បាញ់​បំផ្លាញ កម្ទេច ទីក្រុង​សេដ្ឋកិច្ច​សេអ៊ូល ដែល​អាច​ជាទី​ក្រុង​ដៃគូ​របស់​ព្យុងយ៉ាង តទៅទៀត។

ទី២ ដោយសារ​តែ​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​កូរ៉េខាងជើង កូរ៉េខាងត្បូង ជា​ដីកោះ ដែល​ចំណាយ​ច្រើន ក្នុង​ការដឹកជញ្ជូន​ទំនិញ ទៅលក់​នៅបរទេស។ ជាក់ស្តែង បើសិន​កូរ៉េខាងត្បូង និង​ខាងជើង​ចរចា ត្រូវរ៉ូវគ្នា ដើម្បី ឲ្យ​កូរ៉េខាងត្បូង​អាច​សាងសង់​ផ្លូវដែក ឆ្លងកាត់​កូរ៉េខាងជើង ទៅកាន់​ព្រំដែន​ចិន នោះ កូរ៉េខាងត្បូង​នឹង​កាត់បន្ថយ​ចំណាយ​ច្រើន​លើ​ការដឹកជញ្ជូន​ទំនិញ ទៅ​តំបន់​អាស៊ីកណ្តាល ឬ​តំបន់​អឺរ៉ុប ជាដើម។

មេដឹកនាំ​កូរ៉េខាងត្បូង រួមទាំង​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ត្រូវ​តែ​ប្រញាប់​រួសរាន់ ចូល​ទៅ​វិនិយោគ​នៅ​កូរ៉េខាងជើង ដើម្បី​កុំ​ឲ្យ​ចាញ់ ចិន ហើយ​និង​រុស្ស៊ី ដែល​កំពុង​សកម្ម​ខ្លាំងណាស់ដែរ ពីរឿង​កូរ៉េខាងជើង ជាពិសេស​ចិន​តែម្តង។ មេដឹកនាំ​កូរ៉េខាងត្បូង បារម្ភថា បើសិនចិន ផ្តាច់មុខ ​នៅកូរ៉េខាងជើង នោះ ចិន​នឹង​មាន​ឥទ្ធិពល​អំណាច​ខ្លាំង ទៅលើ​របបព្យុងយ៉ាង។ ការនេះ​នឹង​ក្លាយជា​ឧបសគ្គ ដល់​ការចរចា បង្រួបបង្រួម កូរ៉េទាំងពីរ​មិនខាន។

ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​រែកអង្រែកពីរ

កូរ៉េខាងត្បូង គិតគូរ ចង់​បង្កើតទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ កូរ៉េខាងជើង ទាំង​អាមេរិក បាន​បញ្ជាក់​ហើយ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង នឹង​ត្រូវគេ​គិតគូរ នៅក្រោយ កូរ៉េខាងជើង បង្ហាញ​សញ្ញា​ កាត់រំសាយ​អាវុធ​នុយក្លេអ៊ែរ ជាមុន​សិន។នេះហើយ​ជា​កិច្ចការ​លំបាក សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​សម្រេចចិត្តថា តើ​លោក​នៅ​ឈរ​ខាង​អាមេរិក ដែល​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ឬ​មួយ​ក៏​ត្រូវ​ដើរតាមផ្លូវ​នយោបាយ​ផ្ទាល់ខ្លួន​របស់កូរ៉េខាងត្បូង ស្តីពី​រឿង លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរនេះ។ បើសិន​លោក​មូន ចៃអ៊ីន សុខចិត្ត​អនុវត្តគម្រោង សេដ្ឋកិច្ច ទៅតាម​ការចង់​បាន​របស់ កូរ៉េខាងជើង នោះ កូរ៉េខាងត្បូង​នឹង​អាច​រំលោភ​សេចក្តីសម្រេចរបស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង។ ប៉ុន្តែ បើសិន កូរ៉េខាងត្បូង​មិនធ្វើ​តាម​ការចង់​បាន របស់កូរ៉េខាងជើង ដោយ​ផ្អាកព្យួរ ការសហការ​សេដ្ឋកិច្ច ហើយ​និង​ទាមទារ​ឲ្យ​កូរ៉េខាងជើង កាត់រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ដូចជាការទាមទារ​របស់​លោកប្រធានាធិបតី អាមេរិក​ដែល​ជាសម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង នោះ កូរ៉េខាងត្បូង នឹង​ប្រឈមមុខ​ជាថ្មី នឹង​កូរ៉េខាងជើង ដែល​នឹង​ប្រែសំដី លែង​ចង់​ឲ្យ​មាន​ការបង្រួបបង្រួម​ជាមួយ​កូរ៉េខាងត្បូងវិញ។

លោក​មូន ចៃអ៊ីន​រហូតមក​បាន​ដើរតួ​ជាអាជ្ញាកណ្តាល។ គេ​សង្ឃឹមថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង កំពុង​ជាប់គាំង លោកមូន ចៃអ៊ីន នឹង​ដើរតួ សម្របសម្រួល ជាអាជ្ញាកណ្តាល គឺ​នឹង​មិន​ទៅ​ឈរ​នៅ​ភាគី​ណាទេ។ នៅទីក្រុង​ព្យុងយ៉ាង​លោក​អាច​បញ្ចុះបញ្ចូល ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង ពិចារណា​គិត​ប្រយោជន៍​សេដ្ឋកិច្ច​ជាធំ។ ពោល​គឺ​បើសិន​អាមេរិក​ដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​កូរ៉េខាងជើង នោះ កូរ៉េខាងត្បូង ត្រៀមខ្លួន​រួចហើយ នឹង​ចូល​ទៅ​វិនិយោគ ជួយអភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងជើង។ ប៉ុន្តែ ជា​ថ្នូរមកវិញ កូរ៉េខាងជើង ត្រូវ​យល់​ព្រម​បង្ហាញ​កាយវិការ​របស់ខ្លួន​ដែលថា កំពុង​ឈាន​ទៅ​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ