អានតួអត្ថបទ

ប៉េកាំង​បញ្ចេញ​កំហឹង​ដាក់​ស៊ុយអែត​ក្រោយ​ហេតុការណ៍​បណ្តេញ​ទេសចរ​ចិន

នៅ​ថ្ងៃ​ចន្ទ​នេះ ចិន​បាន​ធ្វើ​ការ​ទាមទារ​ជា​ផ្លូវការ​សេចក្តី​ពន្យល់​បំភ្លឺ​ពី​សំណាក់​ស៊ុយអែត និងបាន​ចោទ​ប្រកាន់​ប៉ូលិស​ក្រុង​ស្តុកខុម​ថា​បាន​ប្រើកម្លាំងបែប​​​ព្រៃផ្សៃ​​​​ ចាប់​បណ្តេញ​ទេសចរចិន​​ចេញ​ពី​សណ្ឋាគារ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​​ក្រសួងការបរទេស​ចិន។ ជា​ទង្វើដែល​មិន​សក្តិសម​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេសជឿនលឿន ស៊ីវីល័យ និងក្នុង​ប្រទេស​អ្នក​ទ្រទ្រង់​ទង់​​ការពារសិទ្ធិមនុស្ស​សោះ។

ទេសចរ​ចិន​មក​លេង​អឺរ៉ុប​
ទេសចរ​ចិន​មក​លេង​អឺរ៉ុប​ ©AFP
ផ្សាយពាណិជ្ជកម្ម

រឿង​ហេតុ​​បាន​កើត​ឡើង​នៅ​ថ្ងៃទី ២​កញ្ញា២០១៨ ពេល​​ទេសចរ​ចិន​បី​រូប ម្នាក់​ជាកូនប្រុស​​វ័យ​​ក្មេង និងពីរ​នាក់​ជា​​ម្តាយ​ឪពុក​វ័យ​ចំណាស់​ បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ នៅ​វេលា​ម៉ោង​​រំលង​អាធ្រាត្រ​បន្តិច​។ ដោយ​មកដល់​មុនពេល​កក់​ ជា​ច្រើន​ម៉ោងពេក អ្នក​ទាំង​បី​ចង់​សម្រាក​នៅ​ក្នុង​សាល​ទទួល​ភ្ញៀវ ដើម្បី​រង់ចាំ​​ចូល​បន្ទប់។ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​មិន​អនុញ្ញាត ហើយក៏​ហៅ​ប៉ូលិស។ រូបថត​វីដេអូ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម បង្ហាញ​សកម្មភាព​ប៉ូលិស​ពីរ​នាក់​លើក​ចាប់​បុរស​ម្នាក់​ ចេញ​ពី​សណ្ឋាគារ និង​ស្ត្រី​ចំណាស់​​ទឹកភ្នែក​រហាម​យំ​អង្គុយ​លើ​ចិញ្ចើម​ថ្នល់​ស្រែក​រក​ការ​សង្គ្រោះថា “ជួយផងៗ”។

ចំណែក​ខាង​សណ្ឋាគារ​វិញបាន​រៀប​រាប់​ពន្យល់ប្រាប់​សារព័ត៌មាន​ស៊ុយអែត Aftonbladet ​ថា គ្រួសារ​ទេសចរ​ចិន​នេះ មាន​ចរិត​កាច​គំរាមកំហែង និង​រំលោភបំពាន​លើ​បុគ្គលិកមុន ទើប​ត្រូវ​ហៅ​ប៉ូលិសមក​ធ្វើ​អន្តរាគមន៍។

ស្ថានទូត​ និង​ក្រសួង​ការបរទេស​ចិន បាន​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ស៊ុយអែត​រួច​ហើយ ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ស្តុកខុម​បើក​អង្កេត​ស៊ីជម្រៅ​ចំពោះ​ហេតុការណ៍​នេះ​ និង​ត្រូវ​ផ្តល់​ព័ត៌មាន​មក​ឱ្យ​ភាគី​ចិន​វិញ ឱ្យ​បាន​ឆាប់​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប៉ុន្តែ “​ប៉ូលិស​ស៊ុយអែត គឺ​ជា​ស្ថាប័ន​រដ្ឋបាល​ឯករាជ្យ។ រដ្ឋាភិបាល​មិន​អាច​និង​មិន​ត្រូវ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ក្នុង​សំណុំ​រឿង​អង្កេត​បែប​នេះ​ទេ!” នេះ​ជា​ចម្លើយ​របស់​សមភាគី​ស៊ុយអែត។ ចំណែក​​រដ្ឋអាជ្ញា​ទទួល​បន្ទុក​ស៊ើប​អង្កេត​មន្ត្រី​ប៉ូលិស​ស៊ុយអែត ទើប​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បិទ​សំណុំ​រឿង​ ដោយ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់។

បើ​តាម​ច្បាប់ស៊ុយអែត​ ប៉ូលិស​​មាន​សិទ្ធិ​​ផ្លាស់​ទី​បុគ្គល​ម្នាក់​ពី​កន្លែង​មួយ​ទៅកន្លែង​មួយ​ទៀត។ ដូច្នេះការ​ចាប់​បណ្តេញមនុស្ស​ជា​ដំណើរការនិង​ជា​ការងារ​​ដ៏​មហាសាមញ្ញ​បំផុត​របស់​ប៉ូលិស​ស៊ុយអែត។ នេះ​បើ​តាម​កាសែត Aftonbladet ប៉ុន្តែ​ខាង​ទូរទស្សន៍​ចិន ទង្វើ​បណ្តេញ​ទេសចរ​បរទេស​ ពី​សំណាក់​ប៉ូលិសនៃ​​ប្រទេស​ជឿន​លឿន អ្នក​កាន់​ច្បាប់​សិទ្ធិមនុស្ស ជា​អំពើ​ដ៏​រន្ធត់​និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

សូម​បញ្ជាក់​ថា រឿង​ហេតុ​នេះ បាន​កើត​ឡើង​តែ​មួយ​សប្តាហ៍​ក្រោយ​​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ទីបេ ដាឡៃឡាម៉ា​នៅ​ស្តុកខុម​ និង​ចំពេល​ដែល​ទំនាក់ទំនង​ចិន​ស៊ុយអែត​កំពុង​តាន​តឹង​ខ្លាំង បន្ទាប់​ពី​មានការ​ចាប់​ខ្លួន​អ្នក​លក់​សៀវភៅ​ជាតិ​​ស៊ុយអែត​ដើម​កំណើត​ចិន ដែល​បាន​បោះផ្សាយ​សៀវភៅ​នៅ​ហុងកុង​រៀប​រាប់​អំពី​ចរិត​ល្មោភ​កាម​របស់​មេដឹកនាំ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ