អានតួអត្ថបទ

ជំនួប​កំពូល​​អន្តរ​កូរ៉េ​លើក​ទីបី ប្រព្រឹត្ត​ទៅ​ដូចការគ្រោង​ទុក​នៅ​ព្យុងយ៉ាង

ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក មូន ចែអ៊ីន បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី ១៨​ កញ្ញា​នេះ ដើម្បីជួប​​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើងលោក​ គីម ជុងអ៊ុន។ នេះ​ជា​​ជំនួប​កំពូលអន្តរកូរ៉េ ​លើក​ទី​បី ក្នុង​រយៈ​ពេល​តែ​៦​ខែ និង​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ដែល​ប្រធានាធិបតី​កូរ៉េខាង​ត្បូង បំពេញ​ទស្សនកិច្ច​ នៅក្នុង​រដ្ឋធានី​របស់​កូរ៉េខាង​ជើង។ លោក​មូន ចែអ៊ីន នឹង​ស្នាក់​នៅក្នុង​ក្រុង​ព្យុងយ៉ាង​រយៈ​ពេល​បី​ថ្ងៃ។

ពិធី​ទទួល​ស្វាគមន៍​លោកមូន ចែអ៊ីន និង​ភរិយា នៅ​ទីក្រុង​ព្យុងយ៉ាង
ពិធី​ទទួល​ស្វាគមន៍​លោកមូន ចែអ៊ីន និង​ភរិយា នៅ​ទីក្រុង​ព្យុងយ៉ាង Pyeongyang Press Corps/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក គីម ជុងអ៊ុន បាន​មក​ទទួល​ស្វាគមន៍​លោកប្រធានាធិបតី​​ មូន ចែអ៊ីន ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ កន្លែង​ដែលបុរស​ខ្លាំង​​កូរ៉េខាង​ជើងធ្លាប់​បាន​មក​ឈរ​ចាំ​មើល​ដំណើរការ​បាញ់​សាកល្បង​មីស៊ីល​។ ក្នុង​ទឹកមុខ​ញញឹម​រីករាយ ចាប់​ដៃ​គ្នា​យ៉ាង​រលាក់ និង​អោបគ្នា​យ៉ាង​ហោច​បីដង មេដឹកនាំកូរ៉េទាំងពីរ​ បាន​បង្ហាញ​ភាព​ល្អូនល្អើន​នឹង​គ្នា​យ៉ាង​ខ្លាំង។

ដូច​ទម្លាប់​ កូរ៉េខាង​ជើង បាន​រៀប​ចំ​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ ដ៏​អស្ចារ្យ ពលរដ្ឋ​ស៊ីវិល​រាប់​សិប​ពាន់​នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ឈរ​អប​តាម​បណ្តោយ​ផ្លូវ​ គ្រវី​បាច់ផ្កា ទង់ជាតិ និង​ស្រែក​ជ័យឃោសចម្រៀង​បង្រួបបង្រួម​ជាតិ​​ ដែល​ក្បួន​រថយន្ត​របស់​ប្រមុខ​ដឹក​នាំដង្ហែបើក​ចេញ​ពី​អាកាសយានដ្ឋាន ឆ្ពោះ​ទៅ​​កណ្តាល​រដ្ឋធានី​ព្យុងយ៉ាង ដោយ​ឆ្លង​កាត់​វិមាន​ គុនស៊ូសាន ដែល​ជា​កន្លែង​កម្តល់សព​លោក​គីម អ៊ីលស៊ុង ជាជីតា និង​លោក គីម ជុងអ៊ីល​ជា​ឪពុករបស់​លោក គីម​ ជុងអ៊ុន។

កូរ៉េខាង​ជើង ដែល​បាន​ចូល​ឈ្លាន​ពាន​កូរ៉េខាង​ត្បូង​នៅ​ឆ្នាំ​១៩៥០ ថ្ងៃ​ផ្តើម​សង្គ្រាម​កូរ៉េ នាពេល​នេះ​តែបាន​​គូសបញ្ជាក់ជា​ញឹកញយ​​អំពីសារសំខាន់​នៃ​ការ​បង្រួបបង្រួមជាមួយ​​កូរ៉េខាង​ត្បូង​ដែល​មាន​បាន​ជាង​។ មាន​​ឪពុកម្តាយ​បង្កើត​ជា​ជន​​រត់ភៀស​ខ្លួន​​គេច​ពី​កូរ៉េ​ខាង​ជើង​ ក្នុងពេល​​សង្គ្រាម លោក មូន​ ចែអ៊ីន ជា​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ត្បូង​ទីបី ដែល​ធ្វើ​ដំណើរ​ទៅ​ព្យុងយ៉ាង​ តាម​​​គន្លង​របស់​ប្រធានាធិបតីរៀមច្បង​មុនលោក គីម ដៃជុង ​(នៅ​ឆ្នាំ​២០០០) និង​លោក​រ៉ូ មូយុន (នៅ​ឆ្នាំ​២០០៧)។ ​ ​

លោក មូន ចែអ៊ីន ត្រូវ​មាន​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន​យ៉ាង​ហោច​ក៏​ពីរ​ដង ក្នុង​រយៈ​ពេល​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​នេះ ជាមួយ​នឹង​បន្ទុក​ការងារ​ដ៏​លំបាក គឺ ៖ លោក​ចង់​ជជែក​ជាមួយ​កូរ៉េខាង​ជើង​អំពី ការ​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​អន្តរកូរ៉េ ជាពិសេសលើ​វិស័យ​សេដ្ឋកិច្ច​។ ដើម្បី​សម្រេច​បំណង​នេះ​ លោក​ មូន ចែអ៊ីន ត្រូវ​ការ​ការ​លើក​ទណ្ឌកម្ម​ និង​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​រំសាយ​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋ​អាមេរិក។ សំណុំ​រឿង​ដែល​ត្រូវ​ជាប់​គាំង​ស្តូក​ នា​ពេល​នេះ និង​ដែល​ព្យុងយ៉ាង​ទើប​បាន​បន្ទោស​ជា​ថ្មី​ថា​បណ្តាល​មក​ពីវ៉ាស៊ីនតោន។

ដូច្នេះ លោក​មូន ចែអ៊ីន ត្រូវ​បញ្ចុះ​បញ្ចូល​ បុរស​ខ្លាំង​គីម ជុងអ៊ុន ឱ្យ​ធ្វើ​សម្បទាន​បំពេញ​ចិត្ត​អាមេរិក​ ដូច​ជា​ត្រូវ​ធ្វើ​បញ្ជី​រាយ​មុខ​អាវុធ​នុយក្លេអ៊ែរ​ ឱ្យ​បាន​ពេញ​លេញ​ដែល​លោក​ដូណាល់ ត្រាំ​អាច​ទទួល​យក​បាន​ សម្រាប់​ប្រកាស​ជាផ្លូវការ​បិទ​បញ្ចប់​សង្គ្រាម​កូរ៉េផង និង​ជា​ចាប់ផ្តើម​បន្ត​កិច្ច​ចរចា​ផង។ ក្នុងករណី​បរាជ័យ​ សេអូល​ទំនង​ជា​ត្រូវ​ប្រឈម​នឹង​ទង្វើ​ផ្គើន​ ព្រមទាំង​ការ​ប្រកាស​សង្គ្រាម​ពី​សំណាក់​ព្យុងយ៉ាង​ជា​ថ្មី ដូចអ្វី​ដែល​មាន​កើត​ឡើងកាលពី​ឆ្នាំ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ