អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​លើកទី៣ រយៈពេល ២ថ្ងៃ​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ព្យុងយ៉ាង ទឹកដី​កូរ៉េខាងជើង​បាន​បិទបញ្ចប់​នា​ថ្ងៃ​ពុធ ទី១៩ កញ្ញា។ លទ្ធផល​ដែល​ទទួល​បាន​នៅ​ក្នុង​ជំនួប​លើកទី៣ រវាង​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​ពេល​នេះ គឺ​កិច្ចព្រមព្រៀង និង​ពាក្យសន្យា។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន​បាន​ថ្លែង​សាទរ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​លើ​លទ្ធផល​ដែល​ទទួល​បាន ព្រម​ទាំង​ចាត់​ទុក​ជា​ការ​បោះជំហាន​ចូល​ក្នុង​សករាជសន្តិភាព និង​ភាព​រុងរឿង​នៅ​ឧបទ្វីប​កូរ៉េ។ អ្វី​ជា​ការ​កត់សម្គាល់ លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​ហាក់​កំពុង​ជាប់គាំង។

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ក្នុង​ទីក្រុងព្យុងយ៉ាង ថ្ងៃទី១៩ កញ្ញា ២០១៨
លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ក្នុង​ទីក្រុងព្យុងយ៉ាង ថ្ងៃទី១៩ កញ្ញា ២០១៨ Pyeongyang Press Corps/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា លោក​មូន ចៃអ៊ីន​បាន​បញ្ជាក់​ថា កូរ៉េខាងជើង​បាន​យល់ព្រម​បិទ​ទ្វារ​ជា​អចិន្រ្តៃយ៍​លើ​ទីតាំង Tongchang-ri ដែល​ជា​កន្លែង​សាកល្បង​គ្រាប់មីស៊ីល និង​សុខចិត្ត​ឲ្យ​មាន​វត្តមាន​ឃ្លាំ​មើល​ពី​ក្រុមអធិការអន្តរជាតិ​នៅ​ក្នុង​ពិធី​រៀបចំ​បិទទ្វារ។ បន្ទាប់​មក និង​បើ​តាម​លោក​មូន ចៃអ៊ីន​ដដែល កូរ៉េខាងជើង​ក៏​បាន​ត្រៀម​ខ្លួន​បិទទ្វារ​ជា​ស្ថាពរ​លើ​ទីតាំង Yongbyon ដែល​ជា​កន្លែង​ស្រាវជ្រាវ​នុយក្លេអ៊ែរ។ ការ​សន្យា​ទាំង​នេះ​របស់​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប្តេជ្ញាចិត្ត​មួយ​មិន​ធ្លាប់​មាន​របស់​កូរ៉េខាងជើង​នៅ​ក្នុង​សំណុំរឿង​រំសាយនុយក្លេអ៊ែរ។

ក្រៅ​ពី​សំណុំរឿង​នុយក្លេអ៊ែរ​ដែល​មាន​តែ​ពាក្យ​សន្យា បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន ពិសេស​ក្នុង​វិស័យ​យោធា​ក្នុង​គោលដៅ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​គ្នា និង​ការ​ផ្ទុះសង្រ្គាម​ជា​យថាហេតុ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន​ចង់​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​តំបន់​ទេសចរណ៍​ភ្នំ Kumgang របស់​កូរ៉េខាងជើង បង្កើន​ជំនួយមនុស្សធម៌ រៀបចំ​ឲ្យ​បាន​ញឹកញាប់​នូវ​ការ​ជួបជុំ​គ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស់​ក្រោយ​សង្រ្គាម តភ្ជាប់​បណ្តាញ​ផ្លូវ​រថភ្លើង និង​ផ្លូវថ្នល់​រវាង​គ្នា​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ ២០១៨។ លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន​បាន​ថ្លែង​សាទរ​លើ​លទ្ធផល​ដែល​ទទួល​បាន ហើយ​លោក​គីម ជុងអ៊ុន​ក៏​បាន​សន្យា​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​បង្រួបបង្រួម​កូរ៉េ​តែ​មួយ​នៅ​វែងឆ្ងាយ

ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ មុន​នឹង​កូរ៉េ​ទាំង​ពីរ​អាច​រួបរួម​គ្នា​ឡើង​វិញ​ជា​បងប្អូន​រួមសុខ រួមទុក្ខ​ក្នុង​គ្រួសារ​តែ​មួយ​ដូច​មុន​សង្រ្គាម។ សង្រ្គាមកូរ៉េ​បាន​បិទបញ្ចប់​តាំង​ពី ៦៥ឆ្នាំ តែ​កូរ៉េ​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​ទេ មាន​ន័យ​ថា​សព្វថ្ងៃ​នេះ បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​កំពុង​មាន​សង្រ្គាម​នឹង​គ្នា​ជានិច្ច។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​បាន​ស្គាល់​ភាព​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​តាំង​ពី​លោក​មូន ចៃអ៊ីន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង។

ខុស​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​មុនៗ​ដែល​ចូលចិត្ត​ប្រើ​ធម៌ក្តៅ និង​ប្រកាន់​ជំហរ​តឹងតែង​ជាមួយ​កូរ៉េខាងជើង លោក​មូន ចៃអ៊ីន​ជា​ឥស្សរជន​ដែល​មាន​ការ​អត់ធ្មត់ មិន​ឆេវឆាវ ចូលចិត្ត​ប្រើ​ធម៌ត្រជាក់ និង​នយោបាយ​សម្របសម្រួល។ ជំហរ និង​កាយវិការ​មួយ​នេះ​បាន​ផ្តល់​ផ្លែផ្កា​ដូច​ដែល​លោក​សង្ឃឹម​ទុក​រហូត​អូស​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​តែង​វាយប្រហារ ជេរប្រមាថ​គ្នា​មិន​សំចៃមាត់​ឲ្យ​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃទី១២ មិថុនា។ ជាមួយ​នឹង​លោក​មូន ចៃអ៊ីន ភាព​ធូរស្រាល​មាន​ទាំង​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ជាមួយ​អាមេរិក។

លទ្ធផល​នៃ​ជំនួប​លើក​ទី៣ រវាង​លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ជិត​ឡើង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ។ លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ប្រែ​ក្លាយ​ឧបទ្វីប​កូរ៉េ​ទៅ​ជា​ដែនដី​សន្តិភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​ការ​គំរាម​នុយក្លេអ៊ែរ។

បាល់​កំពុង​ស្ថិត​ក្នុង​ជើង​លោក​ដូណាល់ ត្រាំ

ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​កំពុង​បន្ត​ចម្រើន​ទៅ​មុខ កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​ហាក់​កំពុង​ជាប់គាំង។ ពិត​ណាស់ ឧបទ្វីប​កូរ៉េ​មួយ​មាន​សន្តិភាព គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​ការ​គំរាម​នុយក្លេអ៊ែរ ជា​ការ​ចង់​បាន​ខ្លាំង​ណាស់​របស់​កូរ៉េ​ទាំង​ពីរ រួម​ទាំង​អាមេរិក និង​សហគមន៍​អន្តរជាតិ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នុយក្លេអ៊ែរ​ជា​បំពង់​ដង្ហើម​នៃ​ការ​បន្ត​រស់រាន​មាន​ជីវិត​របស់​របប​កុម្មុយនិស្ត​នៅ​កូរ៉េខាងជើង​គ្រប់​ជំនាន់​ទាំង​អស់ តាំង​ពី​ជំនាន់​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា និង​លោក​គីម ជុងអ៊ីល​ដែល​ជា​ឱពុក​របស់​លោក​គីម ជុងអ៊ុន។

ជានិច្ចកាល ទីក្រុង​ព្យុងយ៉ាង​បាន​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ផ្ទាល់​ជាមួយ​អាមេរិក​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ តែ​គេ​ត្រូវ​រង់ចាំ​ដល់​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ទើប​ឃើញ​អាមេរិក​យល់ព្រម​អង្គុយ​ជជែក​មួយ​ទល់​មួយ​ជាមួយ​កូរ៉េខាងជើង។ ជំហានទី១ នេះ​បាន​សម្រេច​ហើយ តែ​នៅ​សល់​ជំហាន​ទី២ និង​ជំហាន​ទី៣ ទៀត។ ជំហាន​ទី២ គឺ​ការ​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា ហើយ​ជំហានទី៣ គឺ​ការ​អនុវត្ត​ជាក់ស្តែង។ សព្វថ្ងៃ​នេះ ភាព​ជាប់គាំង​កំពុង​ស្ថិត​ក្នុង​ជំហានទី២។ លោក​គីម ជុងអ៊ុន​បាន​បញ្ជាក់​ដោយ​ព្រមាន​នៅ​ក្នុង​ជំនួបលើកទី៣ ជាមួយ​លោក​មូន ចៃអ៊ីន​ថា លោក​អាច​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​លោក​បាន លុះ​ត្រា​តែ​លោក​ដូណាល់ ត្រាំ​អនុវត្ត​ក្នុង​កម្រិត​ស្មើ​គ្នា​ដោយ​ផ្អែក​លើ​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​អាមេរិក កូរ៉េខាងជើង​ថ្ងៃទី១២ មិថុនា។

ខណៈ​នេះ ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ​បាន​ត្រឹម​សាទរ​លើ​លទ្ធផល​នៃ​ជំនួប​រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន។ លោក​មូន ចៃអ៊ីន​នឹង​ត្រូវ​ទៅ​ជួប​លោក​ត្រាំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃទី២៤ កញ្ញា​ខាង​មុខ​ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​វិធានការ និង​ពាក្យសន្យា​របស់​លោក​គីម ជុងអ៊ុន។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចាំ​មើល​នោះ​គឺ​ថា តើ​វិធានការ សំណើ និង​ពាក្យសន្យា​របស់​លោក​គីម ជុងអ៊ុន​ពេល​នេះ​អាច​ជំនះ និង​បញ្ចុះបញ្ចូល​លោក​ត្រាំ​បាន​ឬ​អត់ ពិសេស​អាច​ជួយ​ទម្លុះ​ភាព​ជាប់គាំង​នៃ​ការ​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​បាន​ឬ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ