អានតួអត្ថបទ
វៀតណាម

ប្រធានាធិបតី​វៀតណាម​ទទួល​មរណភាព នៅ​អាយុ​៦១​ឆ្នាំ

ប្រធានាធិបតី​វៀតណាម លោក ចិន ដាយគ័ង Tran Dai Quang បាន​ទទួល​មរណភាព​ហើយ នៅ​ថ្ងៃ​សុក្រ​នេះ។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ វៀតណាម ប្រមុខរដ្ឋ​វៀតណាម បាន​ទទួល​អនិច្ចកម្ម នៅក្នុង​អាយុ ៦១​ឆ្នាំ ដោយសារ​ជម្ងឺ​ដ៏​ធ្ងន់ធ្ងរ។ ប្រធានាធិបតី​វៀតណាម​បាន​លាចាក​លើកទៅ ដោយ​បន្សល់​នូវ កេរ្តិ៍ឈ្មោះ ​មេដឹកនាំ​ដែល​បញ្ជា​ឲ្យ​មាន​ការបង្រ្កាប ចាប់ដាក់​ពន្ធនាគារ ក្រុមប្រឆាំង ហើយនិង​ក្រុមសកម្មជន​សិទ្ធិមនុស្ស។ តើ​លោក​ប្រធានាធិបតី​វៀតណាម​មាន​ប្រវត្តិដើម​យ៉ាងណា? 

ប្រធានាធិបតី​វៀតណាម លោក​ចិន ដាយគ័ង Tran Dai Quang នៅ​វិមាន​ប្រធានាធិបតី​កាលពីថ្ងៃ​ទី ១៣ កញ្ញា ២០១៨ គឺនៅមួយសប្តាហ៍​មុន​ទទួល​មរណភាព​ដោយសារ​ជម្ងឺ
ប្រធានាធិបតី​វៀតណាម លោក​ចិន ដាយគ័ង Tran Dai Quang នៅ​វិមាន​ប្រធានាធិបតី​កាលពីថ្ងៃ​ទី ១៣ កញ្ញា ២០១៨ គឺនៅមួយសប្តាហ៍​មុន​ទទួល​មរណភាព​ដោយសារ​ជម្ងឺ ©REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

កើតនៅ​ឆ្នាំ ១៩៥៦ នៅ​ខេត្ត​និញប៊ិញ ភាគខាងជើង វៀតណាម លោក​ចិន ដាយគ័ង Tran Dai Quang​បាន​ចូលរៀន​សាលាប៉ូលិស តាំង​ពី​នៅ​វ័យក្មេង។ លោក​បាន​ចាប់ផ្តើម​ការងារ លើកដំបូង នៅ​ក្រសួង​សន្តិសុខ ឬ​ក្រសួង​មហាផ្ទៃ នៅ​ឆ្នាំ ១៩៧៥។ នៅក្នុង​រយៈពេល ៤០ឆ្នាំ ​នៅ​ក្រសួង​សន្តិសុខ​សាធារណៈ លោក​ចិន ដាយគ័ង ធ្លាប់​ជា​ប្រធាន​ប៉ូលិស និង​ស៊ើបការណ៍​សម្ងាត់ មុន​នឹង​ក្លាយជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​វៀតណាម អស់​រយៈពេល ៥​ឆ្នាំ។

នៅ​ឆ្នាំ ២០១៦ លោកចិន ដាយគ័ង ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ ដំបូងគេ នៅវៀតណាម​ដែល​ត្រូវ​បាន​បក្សកុម្មុយនិស្ត​វៀតណាម ជ្រើសតាំង​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី។ លោក​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​សំខាន់​៤រូប​របស់​ការិយាល័យ​នយោបាយ​របស់បក្ស​កុម្មុយនិស្ត ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​វៀតណាម។ នៅ​វៀតណាម បុគ្គល​ដែលមាន​ឥទ្ធិពល និង​អំណាច​ពិតប្រាកដ គឺ អគ្គលេខាធិការ​បក្ស។ ចំណែក​ប្រធានាធិបតី​គ្រាន់តែ​ដើរតួនាទី​ជា​ប្រមុខរដ្ឋ សម្រាប់​ទទួល​ថ្នាក់ដឹកនាំ​បរទេស​តែប៉ុណ្ណោះ ដូចជា​ទទួល​គារវកិច្ច​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ជាដើម។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី គេ​វាយតម្លៃថា បើទោះបី​ស្ថិត​ក្នុង​ឯកសណ្ឋាន​ស៊ីវិល ជា​ប្រធានាធិបតី លោក​ចិន ដាយគ័ង មកពី​ក្រុម​អភិរក្សនិយម​វៀតណាម នៅ​តែ​ឆ្លៀត បង្គាប់បញ្ជា​ឲ្យ​ក្រសួង​សន្តិសុខ​វៀតណាម បន្ត​រឹតបន្តឹង​បង្រ្កាប​ក្រុមប្រឆាំង ដូចកាល​ដែលលោក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តីមហាផ្ទៃ។

តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International នៅក្នុង​នាម​ជាប្រធានាធិបតី លោក​ចិន ដាយគ័ង​បាន​បញ្ជា​ឲ្យ​បង្ក្រាប ​ចាប់​ដាក់​ពន្ធនាគារ ក្រុមប្រឆាំង អ្នកដែល​សរសេរ​Blog​រិះគន់​រដ្ឋាភិបាល។ អង្គការ​Amnesty International រកឃើញ​ថា រហូត​មកដល់​ខែ មេសា មានអ្នកទោស​នយោបាយ​វៀតណាម ១០០​នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់ដាក់​ពន្ធនាគារ។ អ្នកតំណាង​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​FIDH​វិញ​វាយតម្លៃថា ទោះបី​លោក ចិន ដាយគ័ង មេដឹកនាំ​កណ្តាប់ដៃដែក​ម្នាក់​របស់​វៀតណាម​បាន​ស្លាប់បាត់បង់​ជីវិត ទៅ​នៅថ្ងៃ​នេះ ប៉ុន្តែ ស្ថានភាព​នៅរបប​កុម្មុយនិស្ត វៀតណាម​នឹង​មិន​ធូរស្រាល ផ្លាស់ប្តូរ​ខុស​ពី​មុន​នោះទេ។ សម្រាប់​អ្នកជំនាញ កិច្ចការអាស៊ីអាគ្នេយ៍ នៅ​សកលវិទ្យាល័យ Canberra ប្រទេស​អូស្ត្រាលី បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​រចនាសម្ព័ន្ធ​រឹងមាំ និង​បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​រក​មនុស្ស នៅក្នុង​ការិយាល័យ​នយោបាយ​របស់​បក្ស សម្រាប់​តំណែង អនាគត​ប្រធានាធិបតី ក្នុង​ពេល​ខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ