អានតួអត្ថបទ
ចិន-បុរីវ៉ាទីកង់

ចិន និង​បុរីវ៉ាទីកង់បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ការ​តែងតាំង​មន្រ្តី​សង្ឃកាតូលិកចិន

នៅ​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា បុរីវ៉ាទីកង់ និង​រដ្ឋាភិបាល​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​តែងតាំង​មន្រ្តីសង្ឃកាតូលិក​នៅ​ក្នុង​ប្រទេស​ចិន។ ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ទទួល​ស្គាល់​មន្រ្តីសង្ឃ​កាតូលិក​ចិន​ចំនួន ៨អង្គ​ដែល​ទីក្រុង​ប៉េកាំង​ទើប​បាន​តែងតាំង​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុរីវ៉ាទីកង់។ សូម​ជម្រាប​ជូន​ថា​នៅ​ចិន​សព្វថ្ងៃ មាន​វត្តមាន​វិហារ​កាតូលិក​ស្នេហាមាតុភូមិ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន និង​វិហារ​កាតូលិក​លួចលាក់​ដែល​គាំទ្រ​ដោយ​បុរីវ៉ាទីកង់ ហើយ​ភាព​ចម្រូងចម្រាស​រវាង​បុរីវ៉ាទីកង់ និង​ចិន​បាន​ផ្តោត​តែ​លើ​ការ​តែងតាំង​មន្រ្តីសង្ឃកាតូលិក។

ចិន និង​បុរីវ៉ាទីកង់បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ការ​តែងតាំង​មន្រ្តី​សង្ឃកាតូលិក
ចិន និង​បុរីវ៉ាទីកង់បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ការ​តែងតាំង​មន្រ្តី​សង្ឃកាតូលិក AFP
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​កិច្ចព្រមព្រៀង​នយោបាយ​ស្តីពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​រវាង​ទីក្រុង​ប៉េកាំង និង​បុរីវ៉ាទីកង់​ទេ តែ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​លក្ខណៈ​សាសនា​ស្តីពី​នីតិវិធី​នៃ​ការ​តែងតាំង​មន្រ្តីសង្ឃកាតូលិក​នៅ​ក្នុង​ប្រទេស​ចិន។ តាម​រយៈ​កិច្ចព្រមព្រៀង​ដែល​ទើប​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​រវាង​អនុរដ្ឋមន្រ្តី​ការបរទេស​ចិន និង​អគ្គលេខាធិការរង​បុរីវ៉ាទីកង់ ការ​ជ្រើស​តាំង​មន្រ្តីសង្ឃកាតូលិក​ចិន​នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣ដំណាក់កាល ដំបូង សហគមន៍កាតូលិក​ចិន​ជា​អ្នក​រៀបចំ​បញ្ជី​ឈ្មោះ​សង្ឃការតូលិក បន្ទាប់​មក បញ្ជី​ឈ្មោះ​នោះ​ត្រូវ​មាន​ការ​យល់ព្រម​ពី​វិហារកាតូលិក​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចិន និង​ចុង​ក្រោយ សម្តេចប៉ាប​ជា​អ្នក​សម្រេច​ថា យល់ព្រម ឬ​មិន​យល់ព្រម​តែងតាំង​សង្ឃកាតូលិក​ដែល​មាន​នៅ​ក្នុង​បញ្ជី​នោះ។

បុរីវ៉ាទីកង់​បាន​ចាត់​ទុក​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ស្តីពី​ការ​តែងតាំង​មន្រ្តីសង្ឃកាតូលិក​ចិន​ថា​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត និង​សង្ឃឹម​អាច​ចូល​រួម​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា​ក្នុង​សំណុំរឿង​សាសនា​កាតូលិក​នៅ​ចិន។ « កិច្ចព្រមព្រៀង​មួយ​នេះ​មិនមែន​ជា​ទីបញ្ចប់​នៃ​នីតិវិធី​ទេ តែ​ជា​ការ​ចាប់​ផ្តើម » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​នាំ​ពាក្យ​បុរីវ៉ាទីកង់​ដែល​កំពុង​អម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​របស់​សម្តេចប៉ាបហ្រ្វង់ស័រ​នៅ​ក្នុង​ប្រទេស​បាល់ទិក​ក្នុង​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា។ គួរ​រម្លឹក​ជូន​ថា ចិន និង​បុរីវ៉ាទីកង់​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​តាំង​ពី​ឆ្នាំ ១៩៥១ មក​ម្ល៉េះ ពោល ២ឆ្នាំ​ក្រោយ​ពី​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​កុម្មុយនិស្ត។

សព្វថ្ងៃ​នេះ​នៅ​ចិន អ្នក​កាន់​សាសនាគ្រិស្ត​មាន​តិចតួច ពោល​ប្រមាណ​ជា ១២លាននាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ទាំង​ជិត ១ ៤០០លាននាក់។ តែ​បញ្ហា​នៅ​ត្រង់​ថា គ្រិស្ត​សាសនិកជន​ចិន​ទាំង ១២លាននាក់​កំពុង​បន្ត​បែកខ្ញែក​គ្នា​រវាង​វិហារកាតូលិក​ស្នេហាមាតុភូមិ​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចិន និង​វិហារកាតូលិក​លួចលាក់​ដែល​ទទួល​ស្គាល់​ដោយ​បុរីវ៉ាទីកង់។ តាំង​ពី ៣ឆ្នាំ​កន្លង​ទៅ បុរីវ៉ាទីកង់​បាន​ព្យាយាម និង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ផ្តល់​សន្ទុះ​កិច្ចចរចា​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ទសវត្ស​ឆ្នាំ ៨០ ក្នុង​ការ​បង្រួបបង្រួម​វិហារកាតូលិក​ទាំង​ពីរ ក៏​ដូច​ជា​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​បុរីវ៉ាទីកង់​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ