ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

មេទ័ព​​​​ភូមាថា​ ​អ.ស.ប.​​គ្មាន​​​សិទ្ធិ​​​ជៀតជ្រែក​​​​​កិច្ចការ​​​​ផ្ទៃ​​​ក្នុង​​​​​ភូមា​​ទេ​​​​

media  
ឧត្តមសេនីយ៍​ Min Aung Hlaing​ មេទ័ព​ភូមា​ REUTERS/Ann Wang/File Photo

នៅ​ភូមា លោក Min Aung Hlaing ដែល​ជា​ប្រមុខ​កងទ័ពភូមា ទើប​​បញ្ចេញ​ប្រតិកម្ម ថា អ.ស.ប. គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​​របស់​ភូមា​ឡើយ ​ពាក់ព័ន្ធ ​នឹង ​វិបត្តិ ​រ៉ូហ៊ីងយ៉ា។ ​ជា​ប្រតិកម្ម​លើក​ទី​មួយ ​របស់​​មេទ័ព​ភូមា នេះ នៅ​​ក្នុង​ការ​​​វាយ​បក ​តបទៅ ​នឹង​​​អ.ស.ប.វិញ ​ដែល​​បាន​​ចោទ ថា​​កងទ័ព​ភូមា ​បាន​ធ្វើការ​បោសសំអាត​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុងប្រទេសភូមា​​។

 

គឺ​ជា​លើក​ទី​១​ហើយ​ដែល​លោក​មេទ័ព​ភូមា Min Aung Hlaing បាន​​ប្រតិកម្ម​​​តបត​ទៅ​​​អ.ស.ប.វិញ​ នៅ​​លើ​​វិបត្តិ​ជន​ជាតិ​​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ ជា​ប្រតិកម្ម​មួយ​​នៅ​លើ​​កាសែត​​ផ្លូវការ​​​កងទ័ព​​ភូមា​​នា​​ថ្ងៃ​​ចន្ទ​នេះ​ ដែល​​មេទ័ព​​ភូមា​ ​បាន​​លើក​​ឡើង​​ថា​ “គ្មាន​​ប្រទេស​​ឬ​​​ក៏​​អង្គការ​​ក៏​ព្រម​​ទាំង​​​ក្រុម​​ណា​​មួយ​​ឡើយ​​​ដែល​​មាន​​សិទ្ធិ​​ធ្វើការ​​ជ្រៀតជ្រែក​​នៅ​​ក្នុង​​​កិច្ចការ​​នយោបាយ​​របស់​​ភូមា​។​

មេទ័ព​ភូមា​រូប​នេះ បាន​អះអាង​ទៀត​ថា “​រាល់​ប្រទេស​នៅ​លើ​លោក ធ្វើការ​ជ្រើសរើស​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ស្រប​ទៅ​តាម​ការ​ចង់​បាន​​របស់​ប្រទេស​ខ្លួន​"។ ​ចំណែក​​ភូមា​វិញ​ ក៏​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​មួយ​ដែល​ប្រកាន់​លិទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស។ ​ហើយ​កងទ័ព​ភូមា ​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិការ​​​​របស់​​ខ្លួន​​ជានិច្ច​ ​ដរាបណា ​ការដោះស្រាយ​​ជម្លោះ​​នានា​​​ជាមួយ​​ក្រុម​បះបោរ​​ជាតិ​​ពិន្ធុ​​នៅ​ក្នុង​ប្រទេស​នៅ​​ពុំទាន់​ដោះស្រាយចប់​-នេះ​ជា​ការ​អះអាង​​របស់​​ប្រមុខ​កងទ័ព​ភូមា។

កាលពី​​សប្តាហ៍​មុន អ.ស.ប.​ បាន​​ចេញ​​របាយការណ៍​​មួយ​​ដែល​ធ្វើការ​ចោទ​ប្រកាន់​លើ​កងទ័ព​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ទៅ​លើ​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​និង​​បាន​អំពាវ​នាវ​​ឲ្យ​រដ្ឋាភិបាល​ស៊ីវីល​ភូមា បន្ត​ដំណើរការ​របស់​ខ្លួន​នៅ​ក្នុង​ការ​ដក​កងទ័ព​​​អោយ​ចេញ​​​ផុត​ពី​ឆាក​​នយោបាយ។

ក៏ប៉ុន្តែ​ការ​ទាមទារ​របស់​អ.ស.ប.​នេះ ត្រូវ​បាន​មេទ័ព​ភូមា បដិសេធ​យ៉ាង​ដាច់​អហង្ការ។

ក្រុម​អ្នក​ស៊ើប​អង្កេត​អ.ស.ប.ដែល​នៅ​ក្នុង​របាយការណ៍​​របស់​ខ្លួន បាន​​រាប់​ឈ្មោះ​​​មន្ត្រី​យោធា​​ជាន់​ខ្ពស់​​ភូមា​ចំនួន ៦​រូប​​ក្នុង​នោះ​ក៏​មាន​រូប​លោក​មេទ័ព Min Aung Hlaing ផង​ បាន​ទាមទារ ឲ្យ​មាន​ការ​កាត់ទោស​អ្នក​ទាំង​អស់នោះ​នៅ​​តុលាការ​អន្តរជាតិ​ពី​បទ​ប្រល័យ​​​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​ទៅ​លើ​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ដែល​ជា​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម​នៅ​ភូមា។

ក៏ប៉ុន្តែ​មេទ័ព​ភូមា បាន​បដិសេធ​​រាល់​ការ​ចោទ​ទាំង​អស់​របស់​ក្រុម​អ្នក​ស៊ើបអង្កេត​អ.ស.ប. ដោយ អះអាង​ថា កងទ័ព​ភូមា​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិការ​បោសសំអាត​​ជានិច្ច​​ទៅ​លើ​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ ក្រោយពី​មាន​ការ​វាយប្រហារ​យ៉ាង​ហិង្សារបស់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​​​ប្រឆាំង​ទៅ​លើ​ប៉ុស្តិ៍ប៉ូលីស​ភូមា​កាលពី​ខែ​សីហា​ឆ្នាំ​២០១៧រួចមក​។

ចំណែក​​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (CPI) លោកស្រី​ Fatou Bensouda ​ក៏​បាន​ជូន​ដំណឹង​កាលពី​សប្តាហ៍​មុន ថា​នឹង​បើកការ​ស៊ើបអង្កេត​បឋម​នៅ​លើ​សំណុំរឿង​នេះ ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ស៊ើបអង្កេត​​ជាក់​លាក់​មួយ​និង​ការ​ចោទ​ប្រកាន់​របស់​​តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ៕​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ