ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?
 
លោក ដូណាល់ ត្រាំ​ និង​លោក ស្ហ៊ីនហ្សូ អាបេ រូបថត​ជំនួប​ថ្ងៃទី ៦ វិច្ឆិកា ២០១៧ REUTERS/Kazuhiro Nogi

មុន​​អង្គមហាសន្និបាត​​អ.ស.ប ចាប់​បើក​ជា​ផ្លូវការ មាន​ជំនួប​ក្រៅ​ផ្លូវការ​ និង​ទ្វេភាគី​ ជាច្រើន​ត្រូវ​បាន​​រៀប​ចំ​ឡើង។ ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងគេ គឺ​ជំនួប​រវាង​លោក ដូណាល់ ត្រាំ​ និង​លោក ស្ហ៊ីនហ្សូ អាបេ នៅ​ល្ងាច​មិញ។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ជួប​ជជែក​គ្នា​អំពី​វិបត្តិ​កូរ៉េខាង​ជើង ការពារជាតិ និង​ពិសេស​អំពី​បញ្ហា​សង្គ្រាមពាណិជ្ជកម្ម។ ជប៉ុន​ជា​ក៏ចំណុច​ដៅ​ ​មួយ​ដែល​​លោក​ ដូណាល់ ត្រាំ ក៏​ចង់​សើរើ​ដំឡើង​ពន្ធ​គយ​​​នាំ​ចូលដែរ​​។ ប្រធានបទ​នេះ​នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​នៅ​ក្នុង​ជំនួប​ផ្លូវការ​រវាង​លោក​ត្រាំ​និង​លោក​អាបេ នៅថ្ងៃ​ពុធ​ ក្នុង​អំឡុង​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

ហេតុអ្វី​​អាមេរិកចង់​រក​រឿង​​ជប៉ុន​ ?

លោក​ ដូណាល់ ត្រាំ​ ប្រើ​ភាសា​តែ​មួយ និង​ដដែល​ញយៗ​ដង​ហើយ ថាជប៉ុន​និង​អាមេរិក​​មាន​គម្លាត​ឱនភាព​ពាណិជ្ជកម្ម​ឆ្ងាយ​គ្នា​ពេក និង​​ព្រមាន​ចង់​ឱ្យ​ជប៉ុន​សងវិញ​ខ្លះ។

ប៉ុន្តែ​ដោយ​ពិត​ជាក់​ស្តែង​នោះ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន មិន​ធំ​ខ្លាំង​ទេ ! គឺ​មាន​ត្រឹម​តែ​៦៨,៨ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ ពោល​គឺ​ជប៉ុន​ស្ថិត​នៅ​លំដាប់​ទី​បី បន្ទាប់​ពី​ចិន (៣៧៥​ពាន់​លាន) និង​ម៉ិចស៊ិក (៧១ពាន់​លាន)​ និង​ជា​ចំណែក​ដ៏​តូច​មួយ​បើ​ប្រៀប​ទៅ​នឹង​​ឱនភាព​នាំចូល​សរុប​របស់​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោកចំនួន៧៩៦​ពាន់​លាន​។ នៅ​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ ឱនភាព​នាំចូល​ជាមួយ​ជប៉ុន​មាន​កំរិត​៤០ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ស្ថិតិ​ផ្លូវការ​អាមេរិក។

ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក​ជប៉ុន ផ្អៀង​ខ្លាំង ដោយ​សារ​​ការ​នាំ​ចូល​រថយន្ត​ជប៉ុន​មក​អាមេរិក។ ​ជប៉ុននាំ​ចូល​គ្រឿង​បន្លាស់​រថយន្ត និង​ឡាន​​​​ទាំង​មូលៗ មក​លក់​ឱ្យ​អាមេរិក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ឯ​រថយន្ត​អាមេរិកធំគ្រាក់ៗ​មិន​សូវ​ពេញ​និយម​សោះ​និង​​មាន​លក់​តិច​តួច​ណាស់​នៅ​លើ​ទីផ្សារ​ជប៉ុន។ ហេតុដូច្នេះ​ហើយ​បាន​​​លោក ដូណាល់ ត្រាំ ​មិន​សុខ​ចិត្ត​នោះ។ ថ្វីបើ​ជប៉ុន​មិន​យក​ពន្ធនាំ​ចូល​ឡាន​អាមេរិក​ ដូច​អាមេរិក​យក​ពន្ធ​ឡាន​ជប៉ុន​ (២,៥%)មែន តែលោក ត្រាំ​បាន​បន្ទោស​ជប៉ុន​ថា ​មាន​​រនាំង​មិនមែន​​ពន្ធគយ​​តឹង​តែង​ពេក។

ការ​ចរចា​ចាប់​ផ្តើម

តាំង​ពី​ខែ​សីហា​មក ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្តើមចរចា​គ្នា​។ រដ្ឋមន្ត្រី​ ​សេដ្ឋកិច្ច​ទាំង​ពីរ​ប្រទេស​ មាន​គម្រោង​ជួប​គ្នា​ទៀត ជាលើក​ទីពី​ នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​នេះ។ ជប៉ុន​ទំនង​ជា​នឹង​អាច​ព្រមធ្វើ​សម្បទាន​ខ្លះ​​ព្រមចរចាពាណិជ្ជកម្ម​​ទ្វេភាគី​ តាម​ចំណង់​អាមេរិក ឱ្យ​តែ​ការពារ​វិស័យ​ឧស្សាហកម្ម​រថយន្ត​របស់​ខ្លួន​បាន។

ពេល​នេះ​អាមេរិក​របស់​លោក​ត្រាំ មិន​ទាន់​បង្ហាញ​ឆន្ទៈច្បាស់​លាស់​ចង់​​សើរើ​ដំឡើង​ពន្ធ​នាំ​ចូល​​រថយន្ត​ជប៉ុន​​​នៅ​ឡើយ​ទេ តែ​នៅ​ពេល​​ដោះស្រាយ​ជាមួយ​ចិន​និង​ម៉ិចស៊ិក​រួច ច្បាស់​ជា​លោក​ត្រាំ​ងាក​រករឿង​ជប៉ុន​ជា​ពុំ​ខាន។ ហេតុដូច្នេះ​ហើយ​បាន​លោក​អាបេ ប្រឹង​យក​ចិត្ត​លោកត្រាំ តាម​រយៈ​ការ​ជួប​ទទួល​ទានអាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ចូល​រួម​ជំនួប​កំពូល​ជាមួយ​គ្នា ឬ​លេងកីឡា​វាយកូនគោល​រួម​គ្នា។

​ផលប៉ះពាល់ប្រសិនបើ​មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត​ជប៉ុន

ការ​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត​លើ​ជប៉ុន ជាអាវុធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​រដ្ឋបាល​អាមេរិក ក្នុង​ការ​ចរចា​ជាមួយ​ជប៉ុន។ ព្រោះ​ថា​ផលប៉ះពាល់​សេដ្ឋកិច្ច​​អាច​មាន​ទំហំ​ធំធេង​ណាស់ ! នេះ​បើតាម​អ្នក​ជំនាញ​។

ជប៉ុន​មាន​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​រថយន្ត​ច្រើន ! ​ក្រុមហ៊ុនតូយ៉ូតា និង​នីសាន់ ជា​​​ក្រុមហ៊ុន​កំរិត​ពិភពលោក​ដ៏​​ល្បីល្បាញ​ ដែល​លក់​រថយន្ត​រាប់​លាន​គ្រឿង​នៅសហរដ្ឋ​អាមេរិក​។ រថយន្ត​ទាំងនោះ​ផលិត​មួយ​ភាគ​នៅក្នុង​ប្រទេស​ជប៉ុន។ ដូច្នេះ​បើ​អាមេរិក​សម្រេច​ដំឡើង​ពន្ធ​ដល់​២៥% ដូច​អ្វី​ដែល​អាមេរិក​ធ្វើ​ជាមួយ​ចិន នោះ​ផលិតផល​សរុប​ជប៉ុន​នឹង​ចុះ​​អស់​ប្រមាណ​ពី​០,៤​ទៅ០,៥%។ ហើយ​ក្រុមហ៊ុន​រថយន្ត​ពិត​ជា​មិន​ព្រម​រង​ការ​ខាត​បង់​តែ​ម្នាក់​ឯង​ឡើយ​។ តូយ៉ូតា គ្រោង​ថា​នឹង​ដំឡើង​ថ្លៃ​រថយន្តលក់​នៅអាមេរិក​ ដល់​ទៅ​៦ពាន់​ដុល្លារ​ក្នុង​មួយ​គ្រឿង។

ក្រុមហ៊ុន​អាច​មាន​ជម្រើស​​ងាក​ទៅ​ផលិត​ឡាន​នៅលើ​ទឹក​ដី​អាមេរិកឱ្យ​បានច្រើន​ជាង​ ប៉ុន្តែ​ស្ថានភាពសេដ្ឋកិច្ច​ពេល​នេះ​មិន​ដូច​កាលពី​សាម​សែ​សិប​ឆ្នាំ​មុន​ឯណា។ ក្រុមហ៊ុន​ជប៉ុន​ផលិត​ឡាន​ជិត​បួន​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​នៅ​អាមេរិក​និង​មាន​បុគ្គលិក​បំរើ​ដល់​ទៅ​ជាង​១,៥​លាន​នាក់ ទៅ​ហើយ​ តើ​អាច​ពង្រឹង​ពង្រីង​បន្ថែម​ប៉ុណ្ណាបាន​ទៀត។ ក្រុមហ៊ុន​ជប៉ុន​សល់​ផ្លូវ​ចំណេញ​​តិច​ណាស់​​ក្នុង​វិធី​នេះ។

ការ​ប្រើ​មធ្យោបាយ​សង​សឹក​ដូច​អ្វី​ដែល​ប៉េកាំង​បាន​ធ្វើ មិនមែន​ជា​ទស្សនវិស័យ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ​ទេ ព្រោះ​វានាំ​ឱ្យខាត​ទាំង​សង​ខាង។ តូក្យូ​ទំនង​ជា​ប្រើ​ប្រាស់​ផ្លូវ​ច្បាប់​ ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ OMC ដូច​អ្វី​ដែល​ជប៉ុន​ធ្លាប់​បាន​ធ្វើ​ក្នុង​ករណី​អាមេរិក​ដំឡើង​ពន្ធនាំ​ចូល​ថែកដែប កាលពី​ខែ​ឧសភា។

ចុះ​តើ​ជប៉ុន​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ​ ដើម្បី​អាច​គេច​រួច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​ជា​យថាហេតុនេះ ?

គ្មាន​អ្វី​ក្រៅ​ពី​ត្រូវ​ប្រឹង​ និង​បង្កើន​ការ​ទិញ​ឧស្ម័ន​ សម្ភារៈ​បរិក្ខារ​យោធា​ ព្រមទាំង​ផលិតផល​អាមេរិក​​ផ្សេងៗ​ទៀត ដែល​មិនប៉ះពាល់​ខ្លាំង​ដល់​ផលិតផល​ក្នុង​ស្រុក​។ ហើយ​បើ​នៅ​តែ​មិន​សម​ល្មម​ចិត្ត​អាមេរិក​ទៀត ជប៉ុន​មាន​តែ​បង្ខំ​ចិត្ត​បង្ហាញ​​ឆន្ទៈ​ឈប់​ចរចា។ តែ​អ្នក​ជំនាញ​សេដ្ឋកិច្ចម្នាក់​ទៀត​យល់​ថា ប្រសិន​បើ​ជប៉ុន​ព្រម​ធ្វើ​សម្បទាន ជាពិសេ​ស​ក្នុង​វិស័យ​កសិកម្ម តែ​បន្តិច​​ នោះ​ទំនង​ជា​អាមេរិក​ពេញ​ចិត្ត​។ តែ​បញ្ហា​នៅ​ត្រង់​ថា​ជប៉ុន​មាន​នយោបាយ​គិត​គូរ​ការពារ​កសិករ​របស់​ខ្លួន​ខ្លាំងណាស់។ កសិកម្ម​ជា​ប្រធានបទ​ដ៏​រសើប​ខ្លាំង​នៅជប៉ុន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន-អាមេរិក

    សង្រ្គាមពាណិជ្ជកម្ម៖​ចិន​បាន​រិះគន់​អាមេរិក​ពី​បទ​បាន​អនុវត្ត​វិធានការ និង​មាន​អាកប្បកិរិយា​ដូច « មនុស្សពាល »

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

    ស្វែងយល់បន្ថែម

  • ចិន-សហរដ្ឋអាមេរិក

    សង្រ្គាមពាណិជ្ជកម្ម៖ អាមេរិក​ ស្នើឲ្យ​ចិន​ត្រលប់​មក​ចរចា​គ្នា​វិញ

    ស្វែងយល់បន្ថែម

  • ចិន-អាមេរិក

    សង្រ្គាមពាណិជ្ជកម្ម៖​សំណល់ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​បន្ត​កើន​ខ្ពស់ ទោះ​អាមេរិក​ដំឡើង​ពន្ធ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ