អានតួអត្ថបទ
ចិន-អាមេរិក

សង្រ្គាមពាណិជ្ជកម្ម៖​ចិន​បាន​រិះគន់​អាមេរិក​ពី​បទ​បាន​អនុវត្ត​វិធានការ និង​មាន​អាកប្បកិរិយា​ដូច « មនុស្សពាល »

នៅ​ថ្ងៃ​ចន្ទ ទី២៤ កញ្ញា ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​សៀវភៅ ស មួយ​ដែល​ផ្តោត​សំខាន់​លើ​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ ក្រៅ​ពី​ចង់​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បន្ត​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អាមេរិក​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម សៀវភៅ ស ក៏​បាន​ឆ្លៀត​រិះគន់​អាមេរិក​ពី​បទ​ប្រើ​វិធីសាស្រ្ត និង​មាន​អាកប្បកិរិយា​ដូច « មនុស្សពាល » នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម។ ការ​ផ្សព្វផ្សាយ​សៀវភៅ ស នេះ​បាន​ធ្លាក់​មក ចំ​ថ្ងៃ​ដែល​វិធានការ​ដំឡើង​ពន្ធ​ថ្មី​រវាង​អាមេរិក និង​ចិន​បាន​ចូល​ជា​ធរមាន។

​ចិន​បាន​រិះគន់​អាមេរិក​ពី​បទ​បាន​អនុវត្ត​វិធានការ និង​មាន​អកប្បកិរិយា​ដូច « មនុស្សពាល » នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម
​ចិន​បាន​រិះគន់​អាមេរិក​ពី​បទ​បាន​អនុវត្ត​វិធានការ និង​មាន​អកប្បកិរិយា​ដូច « មនុស្សពាល » នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម Andy Wong/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ពី​ខាង​អាមេរិក ការ​ដំឡើង​ពន្ធ​ថ្មី​ក្នុង​អត្រា ១០% ត្រូវ​ធ្វើ​ឡើង​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ដែល​មាន​ទឹកប្រាក់​ចំនួន ២០០ ០០០លានដុល្លារ ហើយ​ពី​ខាង​ចិន​វិញ ការ​ដំឡើង​ពន្ធ​ថ្មី​ក្នុង​អត្រា​ពី ៥% ទៅ ១០% ត្រូវ​ធ្វើ​ឡើង​លើ​ទំនិញ​អាមេរិក​នាំ​ចូល​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួន ៦០ ០០០លានដុល្លារ។ រដ្ឋាភិបាល​ចិន​បាន​ចាត់​ទុក​វិធានការ​របស់​ខ្លួន​ជា​វិធានការ​ដោយ​បង្ខំ​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​ឯកតោភាគី និង​ភាព​ការពារនិយម​របស់​អាមេរិក។ ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ទុក​ជា​មុន​ថា ខ្លួន​នឹង​ចាត់វិធានការ​ដំឡើង​ពន្ធ​ថ្មីៗ​ទៀត​ដោយ​បង្ខំ ប្រសិន​បើ​អាមេរិក​ផ្តើម​ធ្វើ​មុន។

ទន្ទឹម​នឹង​វិធានការ​ម៉ាំង​ទៅ ម៉ាំង​មក រដ្ឋាភិបាល​ចិន​ក៏​ចង់​បន្ត​ដំណើរ​នៅ​លើ​ផ្លូវ​ចរចា​ដែរ។ នៅ​ក្នុង​សៀវភៅ ស របស់​ខ្លួន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី២៤ កញ្ញា ចិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​បន្ត​កិច្ចប្រឹងប្រែង​ដោះស្រាយ​ភាព​ខ្វែង​គំនិត​ជាមួយ​អាមេរិក​ក្នុង​រឿង​ពាណិជ្ជកម្ម​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​ពីរ។ តែ​ជាមួយ​នឹង​សំដី​ទន់ភ្លន់ ចិន​តាម​រយៈ​សៀវភៅ ស របស់​ខ្លួន​ក៏​ឆ្លៀត​រិះគន់ វាយប្រហារ​អាមេរិក​ពី​បទ​មាន​អាកប្បកិរិយា និង​ប្រើ​វិធីសាស្រ្ត​ដូច​« មនុស្សពាល »។ ទីក្រុង​ប៉េកាំង​យល់​ថា ដំណោះស្រាយ​ដ៏​ល្អ​តែ​មួយ​គត់​សម្រាប់​ចិន និង​អាមេរិក គឺ​ចាប់ដៃ​សហការ​គ្នា និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញទៅ​មក។

គួរ​រម្លឹក​ជូន​ថា ចិន និង​អាមេរិក​ធ្លាប់​បាន​ជួប​ចរចា​គ្នា​ជា​ច្រើន​ដង​ដើម្បី​ស្វែង​រក​ច្រក​ចេញ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម។ នៅ​ថ្ងៃ​សុក្រ ទី២១ កញ្ញា​កន្លង​ទៅ អ្នក​ទទួល​ខុសត្រូវ​អាមេរិក​ម្នាក់​នៅ​សេតវិមាន​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ក្នុង​ការ​បញ្ចប់​ជម្លោះ​ជាមួយ​​ចិន។ តែ​ទីបំផុត​គ្មាន​ច្រក​ចេញ​ដោយ​មិន​បាន​កំណត់​ថ្ងៃ​ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ពេល​ណា​ទេ។ តាម​កាសែត Wall Street Journal រដ្ឋាភិបាល​ចិន​បាន​លុប​គម្រោង​ជំនួប​ជាមួយ​រដ្ឋបាល​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ