ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី
 
លោកអាប់ឌូឡា យ៉ាមីន ប្រធានាធិបតី​ម៉ាល់ឌីវ​ផុតអាណត្តិ និង​ចាញ់​ការបោះឆ្នោត​ថ្ងៃទី២៣ កញ្ញា ២០១៨ President Media//Handout via REUTER

នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​អាទិត្យ ទី២៣ កញ្ញា​បាន​ផ្តល់​ជោគជ័យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​គណបក្សប្រឆាំង។ ប្រធានាធិបតី​ផុតអាណត្តិ និង​ចាញ់ឆ្នោត​លោក​អាប់ឌូឡា យ៉ាមីន​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​មក​ពី​គណបក្សប្រឆាំង និង​សុខចិត្ត​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​ដោយ​សន្តិវិធី។

កាយវិការ​របៀប​នេះ​របស់​លោក​អាប់ឌូឡា យ៉ាមីន​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ភ្ញាក់ផ្អើល​ជា​ពន់ពេក។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី?

ជា​កូនកោះ​តូច​មួយ​នៅ​អាស៊ីខាងត្បូង និង​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៦៥ ប្រទេស​ម៉ាល់ឌីវ​មាន​ទំហំ​ផ្ទៃក្រឡាដី​តែ​ចំនួន ២៩៨គីឡូម៉ែត្រក្រឡា និង​មាន​ពលរដ្ឋ​រស់នៅ​តែ​ជាង ៣៤០ ០០០នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​អាទិត្យ ទី២៣ កញ្ញា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន ២៦២ ០០០នាក់ ហើយ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មាន​ដល់​ទៅ​ជាង ៨៩%។ មាន​បេក្ខជន​ពីរ​រូប​ដែល​បាន​ប្រជែង​គ្នា​ដណ្តើម​កៅអី​ប្រធានាធិបតី គឺ​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អាប់ឌូឡា យ៉ាមីន និង​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​មក​ពី​គណបក្សប្រឆាំង។ តែ​ខុស​ពី​ការ​ប្រមើលមើល និង​ការ​រង់ចាំ​របស់​មជ្ឈដ្ឋានជាតិ រួម​ទាំង​អន្តរជាតិ ជោគជ័យ​បែរ​ជា​បាន​ធ្លាក់​ក្នុង​ដៃ​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ។

មាន​អាយុ ៥៤ឆ្នាំ និង​ពលរដ្ឋ​ម៉ាល់ឌីវ​ទូទៅ​មិន​សូវ​ស្គាល់ លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ម៉ាល់ឌីវ​ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ ៥៨,៣%។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើស​ពី​ជោគជ័យ​ដែល​គ្រប់​គ្នា​មិន​បាន​រង់ចាំ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី គឺ​ការ​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​របស់​លោក​អាប់ឌូឡា យ៉ាមីន។ នៅ​ក្នុង​សង្កថា​តាម​កញ្ចក់​ទូរស្សន៍​នៅ​ថ្ងៃ​ចន្ទ ទី២៤ កញ្ញា បុរសខ្លាំង​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ឆន្ទៈ និង​ការ​ចង់​បាន​របស់​ពលរដ្ឋ​តាម​រយៈ​ការ​បោះឆ្នោត។ បន្ទាប់​មក លោក​អាប់ឌូឡា យ៉ាមីន​ក៏​បាន​ជួប និង​សាទរ​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី និង​ធានា​ពី​ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី។

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ពិធី​ផ្ទេរអំណាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ វិច្ឆិកា​ដែល​ជា​ថ្ងៃ​ផុតអាណត្តិ​ផ្លូវការ​របស់​លោក​អាប់ឌូឡា យ៉ាមីន។ សំណួរ ហេតុអ្វី​បាន​ជា​ព្រឹត្តិការណ៍​បោះឆ្នោត​ប្រធានាធិបតី​នៅ​ម៉ាល់ឌីវ​លើក​នេះ​បាន​ធ្វើ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ភ្ញាក់ផ្អើល​ខ្លាំង​ម្ល៉េះ?។ តាម​ពិត​ទៅ ការ​ដែល​គ្រប់​គ្នា​បាន​ភ្ញាក់ផ្អើល​ខ្លាំង មិន​មែន​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវ​ធ្វើ​ឡើង​រៀងរាល់​៥ឆ្នាំ​ម្តង​ទេ តែ​គឺ​កាយវិការ​របស់​លោក​អាប់ឌូឡា យ៉ាមីន​ដែល​យល់ព្រម​ទទួល​ស្គាល់​ជ័យជម្នះ​របស់​គូប្រជែង​មក​ពី​គណបក្សប្រឆាំង និង​សុខចិត្ត​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី។ សូម​ជម្រាប​ជូន​ថា​មាន​អាយុ ៥៩ឆ្នាំ លោក​អាប់ឌូឡា យ៉ាមីន​ទើប​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ម៉ាល់ឌីវ​ក្នុង​ឆ្នាំ ២០១៣។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៣ បាន​បង្កប់​ទៅ​ដោយ​ភាព​ចម្រូងចម្រះ និង​ការ​ប្រទាញប្រទង់​យ៉ាង​ខ្លាំង​រវាង​បេក្ខជន​អាប់ឌូឡា យ៉ាមីន និង​បេក្ខជន​ម៉ូហាម៉េដ ណាឈី​ដែល​ជា​ប្រធានាធិបតី​ផុតអាណ្តតិ​កាល​ណោះ។ ចម្រូងចម្រះ និង​ប្រទាញប្រទង់​ក៏​ដោយសារ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១ ដែល​លោក​ម៉ូហាម៉េដ ណាឈី​ទទួល​បាន​សម្លេង​ច្រើន​ជាង តែ​លោក​អាប់ឌូឡា យ៉ាមីន​មិន​សុខចិត្ត។ ទីបំផុត តុលាការកំពូល​បាន​ចូល​ខ្លួន​អន្តរាគមន៍​ដោយ​លុបចោល​លទ្ធផល​បោះឆ្នោត​នោះ រួច​បាន​លើក​ពេល​បោះឆ្នោត​ឡើង​វិញ​ដល់​ទៅ ២ដង។ គឺ​ការ​ពន្យា​ពេល​បោះឆ្នោត​ចំនួន ២ដង​នេះ​ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​អាប់ឌូឡា យ៉ាមីន​ពង្រឹង​សម្ព័ន្ធមិត្ត​រហូត​យក​បាន​កៅអី​ប្រធានាធិបតី​ដូច​ក្តីប្រាថ្នា។

តែ​បញ្ហា​នៅ​ត្រង់​ថា​ក្នុង​ពេល​កាន់​អំណាច ប្រធានាធិបតី​រូប​នេះ​មិន​ញញើត​នឹង​បញ្ចេញ​កណ្តាប់ដៃ​ដែក​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ឡើយ។ ក្នុង​រយៈពេល ៥ឆ្នាំ នៃ​ការ​កាន់​តំណែង លោក​អាប់ឌូឡា យ៉ាមីន​បាន​បង្រ្កាប​ចាស់ដៃ​លើ​ពួកប្រឆាំង​ដោយ​មាន​អ្នក​ខ្លះ​ត្រូវ​ចាប់​ញាត់​ក្នុង​គុក និង​ខ្លះ​ទៀត​បាន​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដូច​ករណី​អតីត​ប្រធានាធិបតី​លោក​ម៉ូហាម៉េដ ណាឈី​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ស្រីលង្កា។ នៅ​ដើម​ឆ្នាំ ២០១៨ ថ្មីៗ​នេះ លោក​អាប់ឌូឡា យ៉ាមីន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល ៤៥ថ្ងៃ​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របសើ​តុលាការកំពូល​ដែល​លប់ចោល​ការ​កាត់ទោស​លើ​សកម្មជនប្រឆាំង។ បន្ទាប់​មក និង​ក្រោយ​ពី​មាន​ការ​ចាប់ខ្លួន​ចៅក្រម​តុលាការកំពូល ២នាក់​មក តុលាការកំពូល​ដ៏​បាន​ដក​លុប​សេចក្តីសម្រេច​របស់​ខ្លួន​វិញ។

រូបភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ការ​ផ្តន្ទាទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​ប្រទេស​ឥណ្ឌា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ តែ​បុរសខ្លាំង​រូប​នេះ​មិន​ឈឺក្បាល និង​បាន​បែរ​ខ្លួន​ទៅ​រក​ចិន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ក៏​ដូច​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​អាទិត្យ ទី២៣ កញ្ញា គណបក្សប្រឆាំង និង​ក្រុមអ្នកសង្កេតការណ៍​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​រួច​ជា​ស្រេច​ពី​ការ​លួច​សន្លឹកឆ្នោត និង​ការ​ប្រើ​កម្លាំងបាយ​ដើម្បី​បន្ត​តោង​អំណាច​របស់​លោក​អាប់ឌូឡា យ៉ាមីន។ រីឯ​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប និង​អាមេរិក​បាន​អំពាវនាវ​មិន​ដាច់​មាត់​ឲ្យ​មាន​ការ​បោះឆ្នោត​សេរី យុត្តិធម៌ និង​តម្លាភាព។

ទីបំផុត លោក​អាប់ឌូឡា យ៉ាមីន​បាន​ចាញ់​ឆ្នោត សាទរ​អ្នក​ឈ្នះ និង​សុខចិត្ត​ដើរ​ចេញ​ពី​អំណាច​ដោយ​គ្មាន​ហិង្សា​ស្រក់​ឈាម​មួយ​ដំណក់​ឡើយ។ តើ​ដោយសារ​តែ​គំនាប​របស់​សហភាព​អឺរ៉ុប និង​អាមេរិក ឬ ដែល​លោក​អាប់ឌូឡា យ៉ាមីន​សុខចិត្ត​ធ្វើ​ដូច​នេះ?។ មិនមែន​ទេ វា​ជា​ឆន្ទៈ និង​ការ​ចង់​បាន​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របស់​ប្រជាជន នេះ​ជា​ចម្លើយ​របស់​លោក​អាប់ឌូឡា យ៉ាមីន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ម៉ាល់ឌីវ​កំពុង​ធ្លាក់​ក្នុង​ភាព​ទ័ល​ច្រក​នយោបាយ ឬ ?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​ប្រធានាធិបតី​ចិន​ផ្តើម​ទស្សនកិច្ច​នៅ​អាស៊ី​ខាងត្បូង​ដែល​ជា​តំបន់​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ឥណ្ឌា

    ស្វែងយល់បន្ថែម

  • ម៉ាល់ឌីវ-ជីហាត

    ម៉ាល់ឌីវ​​ភ័យ​​​​ពី​ប្រជាជន​ខ្លួន​ដែល​រត់​ទៅ​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ពួក​ជីហាត​

    ស្វែងយល់បន្ថែម

  • ម៉ាល់ឌីវ

    ប្រ​មុខ​រដ្ឋម៉ាល់ឌីវ​ចុះ​ចេញ​ពី​តំ​ណែង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ