អានតួអត្ថបទ
វ៉ាទីកង់-ចិន

សម្តេច​​​ប៉ាប​​​ François ​អំពាវនាវ​​​អោយ​​​ប្រជា​ជន​ចិន​​​​អ្នក​កាន់​​សាសនា​​​កាតូលិក​​​​​​មាន​​​ការ​​​​​​ផ្សះផ្សា​​ជាតិ​​

សម្តេច​ប៉ាប​​សាសនា​​កាតូលិក​ ​François ​បាន​អំពាវនាវ​​កាលពី​​ថ្ងៃ​​ពុធ​​ម្សិលមិញ​ សុំ​​ឲ្យ​​ប្រជាជន​​ចិន​​​​អ្នក​កាន់​សាសនា​កាតូលិក​​ទាំងអស់​​​​នៅ​​ក្នុង​​ប្រទេស​​ចិន​ មាន​ការ​​ផ្សះផ្សាជាតិ។​ ជាការ​អំពាវនាវ​​មួយ​​​ដែល​​បាន​​ប្រព្រឹត្ត​ទៅ​​បន្ទាប់ពី​​មាន​​កិច្ច​ព្រមព្រៀង​​ជា​​ប្រវត្តិសាស្ត្រ​​​មួយ​​ជាមួយ​​ទីក្រុង​​ប៉េកាំង ​​នៅ​ ក្នុង​​ការ​តែងតាំង​​សង្ឃ​កាតូលិក​ចិន​​​នៅ​​ក្នុង​ប្រទេស។​ ​​ទន្ទឹមនេះ ​សម្តេច​​ប៉ាប​​ ​បាន​ទទួល​ស្គាល់​ដែរ​​ថា​ ការអំពាវនាវ​របស់ព្រះអង្គ​នេះ អាច​​នឹង​​បណ្តាល​​អោយ​មាន ​​ការ​ភ័ន្ត​ច្រឡំ​ ​ច្រើន​​។​​​

សម្តេច​ប៉ាប François​
សម្តេច​ប៉ាប François​ REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​មួយ​ដែល​​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ​ជូន​ដល់​ប្រជាជន​ចិន​ដែល​ជា​​អ្នក​កាន់​សាសនា​កាតូលិកនោះ​​​ សម្តេច​​ប៉ាប​ François  បាន​​អំពាវនាវ​​សុំ​​អោយ ប្រជាជនចិនទាំងអស់ ​មាន​ការ​ផ្សះផ្សា​ជាតិនៅ​ក្នុង​​​ប្រទេស​ចិន ដោយ​ ទ្រង់ បាន​ទទួល​ស្គាល់​ដែរ​ថា ការអំពាវនាវ​របស់​ទ្រង់​នេះ​ ​អាចនឹង​​​ធ្វើ​​ឲ្យ​​មាន​ការ​ភ័ន្ត​ច្រឡំ​ច្រើន​​ ​​នៅ​ក្នុង​រង្វង់ ​អ្នកកាន់​សាសនា​កាតូលិក​ចិន  ជាពិសេស​  អារម្មណ៍របស់ពួកគេ​ ​ដែល​​គិត​​​ថា សម្តេច​ប៉ាប ​​បាន​​បោះបង់ចោល​ពួកគេហើយ​។

នៅ​ក្នុង​យន្តហោះ​ដែល​ដឹក​សម្តេច​ប៉ាប​ពី​ប្រទេស Estonie កាលពី​ថ្ងៃ​អង្គារមុន​​ សម្តេច​ប៉ាប François ​​បាន​លើក​ឡើង​ដែរ ​អំពី​​ការ​ឈឺចាប់​រង​ទុក្ខវេទនាឥតល្ហែ​​របស់​ប្រជាជន​​ចិន​​ដែល​ជា​អ្នក​កាន់សាសនា​កាតូលិកនៅក្នុងប្រទេស​​។ អ្នកកាន់​សាសនា​កាតូលិកចិន ដែល​មាន​គ្នា​ប្រមាណ​ ១២​លាន​នាក់ ​នៅក្នុងប្រទេសចិននេះ ជា​ចំនួន​​ ភាគ​តិច​បំផុត​​​​នៅ​ក្នុង​ប្រទេស​ចិន ​​​ដែល​​មាន​​​ប្រជាជន​ ​​​រហូតទៅដល់​​ជិត​ ​១ ៤០០​ លាន​​នាក់​  មាន​ការ​បែក​បាក់​គ្នា​ ​ជា​ច្រើន​ទស្សវត្សរ៍មក​ហើយ ​រវាង ព្រះ​វិហារ​កាតូលិក​ដែល​​គាំទ្ររដ្ឋាភិបាលចិន​​និង​ព្រះវិហារ​កាតូលិក​លួច​លាក់​​ដែល​ទទួល​ស្គាល់​តែ​រដ្ឋ​អំណាច​សម្តេច​ប៉ាប​ប៉ុណ្ណោះ​គត់។​​​

គួររំលឹកថា កាលពី​ថ្ងៃ​សៅរ៍​មុន វិមានវ៉ាទីកង់​​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​​ជាមួយ​នឹង​របប​កុម្មុយនិស្ត​ប៉េកាំង​​នៅ​ក្នុង​​ការ​តែងតាំង​សង្ឃ​កាតូលិក​ក្នុង​ប្រទេស​ចិន​​​ នៅខណៈ​ពេល​ដែល​ព្រះវិហារ​កាតូលិក​នានា​នៅក្នុងប្រទេសចិន ត្រូវ​បាន​គេ​​ឈូសឆាយកំទេច​ចោល​។

ម្យ៉ាងទៀត នៅ​លើ​កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ​នោះ​ ​ដែលត្រូវបាន​​ចាត់ទុក​ជា​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​ សម្តេច​ប៉ាប ​François បាន​ធ្វើការ​ទទួល​ស្គាល់​ សង្ឃ​ កាតូលិក​ ចិន​ចំនួន ៧​រូប ​ដែល​ តែងតាំង​ឡើង ​ដោយ​ទីក្រុង​ប៉េកាំង​​និង​​​ ​​គ្មាន​ការ​យល់​ព្រម​​​ ពី​សម្តេច​ប៉ាប​ ​ក៏​ព្រម​ទាំង សង្ឃ កាតូលិក​ចិន​ ទី​៨ ​ដែល​បាន​សុគត​​​ទៅ​ហើយ។​

សូមបញ្ជាក់ថា​នៅ​ក្នុងសាររបស់ព្រះអង្គ​ កាលពីថ្ងៃពុធម្សិលមិញ សម្តេច​ប៉ាប​ François ​បាន​សុំ ​ឲ្យ ​សង្ឃ កាតូលិក ចិន​ទាំង​​៧​រូប​នេះ សម្តែង​​នូវ​​កាយវិការ​ឲ្យ​​បានជាក់​ច្បាស់​ នៅ​លើ​ការ​ស្វែង​រកជំហរ​ឯកភាពមួយ ​ជាមួយ​នឹង​​វិមាន​វ៉ាទីកង់​​​របស់សម្តេច​ប៉ាប៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ