ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ចិន​បរិហារ​វត្តមាន​យន្តហោះ​អាមេរិក B៥២ នៅ​ក្នុង​សមុទ្រចិន​ថា​ជា​ការ​បង្ក​រឿង

media  
ចិន​បរិហារ​វត្តមាន​យន្តហោះ​អាមេរិក B៥២ នៅ​ក្នុង​សមុទ្រចិន​ថា​ជា​ការ​បង្ក​រឿង U.S. Navy photo by Mass Communication Specialist 3rd Class Erwin

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កញ្ញា រដ្ឋាភិបាល​ចិន​តាម​រយៈ​ក្រសួង​ការពារជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​វត្តមាន​យន្តហោះ​អាមេរិក B៥២ នៅ​ក្នុង​លំហ​អាកាស​នៃ​សមុទ្រចិន​ខាងកើត និង​ខាង​ត្បូង។ ក្រសួង​ការពារជាតិ​ចិន​បាន​ចាត់​ទុក​ទង្វើ​របៀប​នេះ​របស់​អាមេរិក​ថា​ជា​ការ​បង្ក​រឿង និង​សន្យា​បន្ត​ចាត់វិធានការ​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​ប្រឈម​ទប់។ ព្រឹត្តិការណ៍​ច្រំ​ដែល​មួយ​នេះ​បាន​កើត​មាន​ជា​ថ្មី​នៅ​ក្នុង​បរិបទ​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។

« យើង​តែង​ប្រឆាំង​ជានិច្ច​នឹង​អកប្បកិរិយា​បង្ក​រឿង​ដោយ​យន្តហោះអាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង ហើយ​យើង​បន្ត​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ប្រឆាំង​ទប់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Ren Guoqiang អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​ចិន​នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ព្រហស្បតិ៍។ ប្រតិកម្ម​របស់​លោក Guoqiang យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី២៦ កញ្ញា​ថា យន្តហោះ​អាមេរិក B៥២ និង​យន្តហោះចម្បាំង​ជប៉ុន​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​នៅ​ក្នុង​សមុទ្រចិនខាងកើត។ បន្ទាប់​មក យន្តហោះ​អាមេរិក B៥២ ក៏​បាន​ធ្វើ​ដំណើរ​ឆ្លង​ចូល​ក្នុង​លំហអាកាស​នៃ​សមុទ្រចិន​ខាងត្បូង។

គួរ​រម្លឹក​ជូន​ថា សមុទ្រចិនខាងត្បូង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ទាមទារ​ជា​កម្មសិទ្ធិផ្តាច់​មុខ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់​ចេញ​មុខ​ទាមទារ​ដែរ ពិសេស​ហ្វីលីពីន វៀតណាម ព្រុយនេ និង​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​នៅ​សមុទ្រចិន​ខាង​កើត​វិញ ចិន និង​ជប៉ុន​កំពុង​ឈ្លោះ​គ្នា​ដណ្តើម​ទីប្រជុំកោះ​ដែល​ចិន​ហៅ Diaoyu និង​ជប៉ុន​ហៅ Senkaku។ សព្វថ្ងៃ​នេះ ទីប្រជុំ​កោះ​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន តែ​ចិន​កំពុង​ទាមទារ​ជា​របស់​ខ្លួន។ ជានិច្ចកាល និង​ដើម្បី​ប្រឈម​ទប់​នឹង​មហិច្ឆតា​របស់​ចិន អាមេរិក និង​សម្ព័ន្ធមិត្ត​តែង​បញ្ជូន​នាវាសង្រ្គាម និង​យន្តហោះចម្បាំង​ទៅ​កាន់​ទីនោះ​ក្រោម​ឈ្មោះ​ថា « សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍ »។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ និង​ចំ​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​កំពុង​បន្ត​យ៉ាង​ផុសផុល ចិន​បាន​ដៀលត្មះ​អាមេរិក​លើ​គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ មិន​ឲ្យ​នាវា​អាមេរិក US Navy ចូលចត​នៅ​ហុងកុង កោះហៅ​ឧត្តមនាវី​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ឲ្យ​ចូល​ស្រុក​វិញ​ជា​ដើម។ នៅ​ខាង​ភាគី​អាមេរិក លោក​ប្រមុខ​ការពារជាតិ Jim Mattis បាន​ទទួល​ស្គាល់​ភាព​តានតឹង​ដែល​ចិន និង​អាមេរិក​កំពុង​មាន​ជាមួយ​គ្នា តែ​លោក​បាន​ចាត់​ទុក​ជា​រយៈពេល​មួយ​ដែល​ម្នាក់ៗ​ត្រូវ​រៀន​ដោះស្រាយ​ពី​ការ​ខ្វែង​គំនិត​គ្នា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ