អានតួអត្ថបទ
ភូមា-អសប

Amal Clooney អំពាវនាវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ​លើកលែង​ទោស​អ្នកកាសែត​ភូមា​ទាំងពីររូប

Amal Clooney ភរិយា​របស់​តារាភាពយន្ត​អាមេរិកាំង និង​ជា​មេធាវី​ការពារ​សកម្មជន​ សិទ្ធិមនុស្ស បាន​អំពាវនាវ​នៅថ្ងៃ​សុក្រ​ម្សិលមិញ សុំ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី អន្តរាគម ជួយ​ដោះលែង​អ្នកកាសែត​ភូមា។ សម្រាប់​លោកស្រី​មេធាវី Cloony លោកស្រី​ស៊ូជី ជ័យលាភី​ណូបែល​សន្តិភាព ដើរតួ​សំខាន់ និង​មាន​សិទ្ធិ​លើកលែង​ទោស​ដល់​អ្នកកាសែត​ទាំងពីរ ដែល​ត្រូវ​បាន​តុលាការ​ភូមា​ផ្តន្ទាទោស កាលពី​ដើម​ខែ​កញ្ញានេះ ឲ្យ​ជាប់​ពន្ធនាគារ ៧ឆ្នាំ ក្នុង​បទ​ទម្លាយ​ការសម្ងាត់​របស់​រដ្ឋ។ 

លោកស្រី​Amal Clooney មេធាវី​ការពារ​សកម្មជន​សិទ្ធិមនុស្សនិយាយ​ក្នុង​វេទិកាស្តីអ្នកកាសែត​នៅក្នុង​ពន្ធនាគារដែល​រៀបចំ​ឡើង​នៅក្រៅក្របខ័ណ្ឌ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ថ្ងៃទី ២៨ កញ្ញា ២០១៨
លោកស្រី​Amal Clooney មេធាវី​ការពារ​សកម្មជន​សិទ្ធិមនុស្សនិយាយ​ក្នុង​វេទិកាស្តីអ្នកកាសែត​នៅក្នុង​ពន្ធនាគារដែល​រៀបចំ​ឡើង​នៅក្រៅក្របខ័ណ្ឌ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ថ្ងៃទី ២៨ កញ្ញា ២០១៨ ©REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ ដែល​មានឈ្មោះថា អ្នកកាសែត ក្នុង​ពន្ធនាគារ ដែល​រៀបចំ​ឡើង នៅក្រៅ​ក្របខ័ណ្ឌ មហាសន្និបាត អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក លោកស្រី Amal Cloony ភរិយា​របស់​តារាភាពយន្ត អាមេរិកាំង George Cloony និង​ដែល​ជា​មេធាវី ចេញមុខ​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស បានអំពាវនាវ​សុំ​ឲ្យ​លោកស្រី អ៊ុងសាន ស៊ូជី​ជួយ​អន្តរាគម ដោះលែង អ្នកកាសែត​ភូមា​ទាំងពីរ​រូប ដែល​ទើប​ត្រូវ​បាន​តុលាការ​ភូមា​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ដោយសារ​ពួកគេ​បាន​សរសេរ​អត្ថបទ​ស៊ើបអង្កេត លើ​សកម្មភាពកាប់​សម្លាប់​របស់​កងទ័ពភូមា​ទៅលើ​ប្រជាជន​ភាគតិច រ៉ូហ៊ីងយ៉ា។

លោកស្រី​មេធាវី Amal Clooney​បាន​និយាយ​ថា ក្រុមគ្រួសារ​របស់​អ្នកកាសែត​បានផ្ញើ​រួចហើយ សំបុត្រ​សុំ​ការលើកលែង​ទោស​ពី​ប្រធានាធិបតី។ តាម​Amal Clooney ប្រធានាធិបតី​ភូមា​អាច​លើកលែង​ទោស​ឲ្យ​អ្នកកាសែត បើសិន​មាន​ភ្លើងខៀវ​ពី​លោកស្រី​អ៊ុងសាន ស៊ូជី។

សម្រាប់​មេធាវី ការពារ​សកម្មជន​សិទ្ធិមនុស្ស លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​ផ្តល់​អាទិភាព​ដល់​ការដោះលែង​អ្នកទោស​មនសិការ និង​រក្សា​ធានា​សេរីភាព​សារព័ត៌មាន បើសិន​លោកស្រី ចង់​ឲ្យ​ភូមា​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ “ លោកស្រី​អ៊ុងសាន ស៊ូជី ដឹងច្បាស់​ណាស់ថា ការសម្លាប់​រង្គាល​មិនមែន​ជា​កិច្ចការ​សម្ងាត់​របស់​រដ្ឋ ហើយ​អ្នកកាសែត ​មិនអាច​ក្លាយ​ជាចារកិច្ច យកការណ៍​សម្ចាត់ ឲ្យ​បរទេស ដោយសារតែ​ស៊ើបអង្កេត​លើ​រឿងនេះ ដែរ។ លោកស្រី​ស៊ូជី ដឹង​ច្រើនជាងនរណាៗ​ទាំងអស់ ថា តើអ្វីទៅ​ជា​ស្ថានភាព​របស់​អ្នកទោស​នយោបាយ​នៅ​ប្រទេស​ភូមា” នេះ​ជា​ប្រសាសន៍​របស់លោកស្រី Amal មុន​នឹង​បន្ថែមថា កាលនៅ​ជា​សិស្ស​សាលា លោកស្រី ធ្លាប់​ចាត់ទុក លោកស្រី អ៊ុងសាន ស៊ូជី នេះ​ជាវីរនារីគំរូ​របស់លោកស្រី។

កាលនៅ​ជា​មេបក្ស​ប្រឆាំង​នឹង​របបសឹក​ភូមា លោកស្រី​អ៊ុងសាន ស៊ូជី ធ្លាប់​ត្រូវ​បាន​ពិភពលោក​កោតសរសើរ សម្រាប់​សេចក្តីក្លាហាន​ទាមទារ​ការគោរព​សិទ្ធិ​មនុស្ស​នៅ​ភូមា។ ប៉ុន្តែ ចាប់តាំង​ពី​ឈ្នះ​ឆ្នោត ចូលដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល ភូមា ដោយ​មានចែក​រំលែក​អំណាច​ជាមួយ​ក្រុមយោធា លោកស្រី​បានរងការរិះគន់​ជាបន្តបន្ទាប់ ជាពិសេស នៅក្នុង​ករណី​អំពើហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាឃីន។

ថ្មីៗនេះទៀតសោត នៅក្រោយ តុលាការភូមា បានកាត់ទោស​អ្នកកាសែត​២នាក់ ឲ្យជាប់ពន្ធនាគារ លោកស្រី​អ៊ុងសាន ស៊ូជី ដែល​កម្រ​នឹង​ចេញមុខ និយាយ​ពីរឿងរ៉ូហ៊ីងយ៉ា បាន​និយាយ​ការពារ ​ការសម្រេច​របស់​តុលាការ ដោយថា “អ្នកកាសែត​ទាំង២នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធាគារ មិនមែនដោយសារ​តែ​ពួកគេ​ជា​អ្នកកាសែតទេ។ ប៉ុន្តែ គឺ​ដោយសារ​ពួកគេ​ទាំងពីរ បានបំពានច្បាប់ជាធរមាន”។ លោកស្រី​បាន​បន្តថា “ភូមា ជាប្រទេស​នីតិរដ្ឋ ដែល​តុលាការមានឯករាជ្យ ដូច្នេះ បើពួកគេមិនសុខចិត្ត​​ ពួកគេអាចប្តឹងទាស់ ឡើងទៅសាលាឧទ្ធរណ៍បាន”។

ជំហរ​ចុងក្រោយ​របស់​លោកស្រី​ស៊ូជី បាន​បង្ក​ឲ្យ​មាន​រលក​រិះគន់ ខឹងសម្បារ ពី​ក្រុម​ការងារ​សិទ្ធិមនុស្ស​អន្តរជាតិ។ នៅ​ដើមសប្តាហ៍ ប្រទេស​កាណាដា ទើប​បាន​ប្រកាស​ដកហូត​មកវិញ សញ្ជាតិ​កិត្តិយស​កាណាដា ពី​លោកស្រី​អ៊ុងសាន​ស៊ូជី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ