អានតួអត្ថបទ
ចិន

កាសែត៖ ចំនួន​អ្នកឆ្លងមេរោគអេដស៍​កើនឡើង ១៤%​នៅ​ប្រទេស​ចិន

ចំនួន​អ្នកផ្ទុក និង​មានជម្ងឺអេដស៍​បាន​កើនឡើង ១៤ភាគរយ​នៅ ប្រទេសចិន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ ដែល​ដកស្រង់​ប្រភព​ពី​មន្រ្តី​សុខាភិបាល​ចិន ប្រមាណ​៩០ភាគរយ នៃ​អ្នកឆ្លង​ថ្មី គឺ​ឆ្លង​តាមរយៈ​ការរួមភេទ ប៉ុន្តែ មិនមែន ឆ្លង​តាមរយៈ​ឈាម ដូច​ដែល​ប្រទេស​ចិន​ធ្លាប់​ជួប​ប្រទះ កាល​ពី​មុន​នោះ​ទេ។ 

ស្រ្តី​ចិន​ម្នាក់ស្តាប់​ការពន្យល់​របស់​មន្រ្តី​សុខភាព​ចិន នៅ​ទីក្រុង​សៀងហៃ ខែ​ធ្នូ ឆ្នាំ ២០១៦
ស្រ្តី​ចិន​ម្នាក់ស្តាប់​ការពន្យល់​របស់​មន្រ្តី​សុខភាព​ចិន នៅ​ទីក្រុង​សៀងហៃ ខែ​ធ្នូ ឆ្នាំ ២០១៦ ©MARK RALSTON / AFP
ផ្សាយពាណិជ្ជកម្ម

អ្នកផ្ទុក និង​កើត​ជម្ងឺ​អេដស៍ នៅ​ប្រទេស​ចិន មាន​សរុប ជាង ៨សែននាក់ នៅ​ឆ្នាំ​២០១៨ គឺ​កើនឡើង​ប្រមាណ ១សែននាក់ ឬ ១៤​ភាគរយ បើ​ប្រៀបធៀប នឹង​ឆ្នាំមុន។ តាម​មន្រ្តី​សុខាភិបាល​ចិន ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួរ គ្រាន់តែ​ក្នុងរយៈពេល ២ត្រីមាស​ដើម​ឆ្នាំនេះ ចំនួន​អ្នកផ្ទុក​មេរោគ​អេដស៍​ថ្មី មាន​ដល់ទៅ ៤ម៉ឺននាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​ភាគច្រើន​នៃ​អ្នកឆ្លងមេរោគអេដស៍​ថ្មី ប្រមាណ ៩៣ភាគរយ ឆ្លង​តាមរយៈ​ការរួមភេទ ដែល​ខុសប្លែក​ពី​ពេលមុន។

តាម​ទម្លាប់​កន្លងមក មេរោគ​អេដស៍ ឆ្លងរាតត្បាត​ខ្លាំង នៅ​ប្រទេស​ចិន គឺ​តាមរយៈ​ការចាក់​បញ្ចូល​ឈាម។ រឿងអាស្រូវ ឆ្លង​មេរោគ​អេដស៍​តាម​​ឈាម បាន​ផ្ទុះ​ឡើងខ្លាំង នៅ​ទសវត្ស​រ៍ ឆ្នាំ ១៩៩០ នៅពេល​រដ្ឋាភិបាលចិន​​ធ្វើ​យុទ្ធនាការ​បរិច្ចាគ​ឈាម នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ទីជនបទ។ កាលណោះ មេរោគអេដស៍​បាន​រាតត្បាត​ឆ្លង​មនុស្ស​រាប់ពាន់នាក់ ដែល​អាច​មាន​មួយ​ភូមិ​ក៏មាន។

ប៉ុន្តែ តាម​មន្រ្តី​សុខាភិបាល​ចិន ដែល​បាន​ធ្វើ​បទបង្ហាញ នៅក្នុង​សន្និសីទ​ស្តីពីមេរោគអេដស៍ នៅ​ខេត្ត​យូណាន នៅ​ចុងសប្តាហ៍នេះ ការឆ្លង​មេរោគអេដសន៍​តាម​ឈាម​ត្រូវ​បាន​កាត់បន្ថយ សឹង​ដល់​កម្រិត​សូន្យ​នៅ​ប្រទេស​ចិន។ ចំណែក ៨០ភាគរយ​នៃអ្នកជម្ងឺអេដស៍​បាន​ទទួល​ប្រើ​ថ្នាំ​ពន្យារជីវិត គិត​មក​នៅ​ត្រឹម​ចុងឆ្នាំ ២០១៧។

ករណី​ឆ្លងមេរោគ​អេដស៍​តាមឈាម ត្រូវ​បាន​កាត់បន្ថយ​សឹងទាំងស្រុង ប៉ុន្តែ ភាគច្រើន​នៃ​ករណី​ឆ្លង​មេរោគអេដស៍​ថ្មី​កើតឡើង តាមរយៈ​ការរួមភេទ។ នៅក្នុង​អត្ថបទ​ចុះផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​អង់គ្លេស BBC ការឆ្លងមេរោគអេដស៍​តាមការរួមភេទ កើតឡើង​ច្រើន​ក្នុង​ចំណោម​អ្នកដែល​ស្រឡាញ់​ភេទដូចគ្នា នៅ​ប្រទេសចិន។ ទោះបី​ជា ការស្រឡាញ់​ភេទ​ដូចគ្នា លែង​ជា​ទោស​ឧក្រិដ្ឋ នៅ​ប្រទេស​ចិន តាំង​ពី​ឆ្នាំ ១៩៩៧ ប៉ុន្តែ ការរើសអើង​នៅ​តែ​មាន។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ដោយសារ​តែ​សង្គម​ចិន នៅ​តែអភិរក្ស ប្រកាន់​ប្រពៃណី​តឹងរ៉ឹង ៧០ ទៅ ៩០ភាគរយ​នៃ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​មនុស្ស​ប្រុស​ដូចគ្នា នៅទីបំផុត បាន​សម្រេច​ចិត្ត​ទៅរៀបការ​រស់នៅ​ជាមួយ​មនុស្ស​ស្រី។ ហើយ​ភាគច្រើន​នៃ​ការឆ្លងមេរោគអេដស៍ ពី​ប្តីទៅ​ប្រពន្ធ ធ្វើឡើង ដោយសារ​តែ​គ្មាន​ការការពារ ឬ​ការការពារ​ដោយ​មិន​ត្រឹមត្រូវ តាម​ក្បួនខ្នាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ