ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

កូរ៉េខាងជើង​មិន​បោះបង់​នុយក្លេអ៊ែរ​ទេ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម

media  
រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង​ Ri Yong-ho ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ ©AFP

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង លោក រី យ៉ុងហូ Ri Yong-ho បាន​ធ្វើការ​ព្រមាន ​ពី​វេទិកា​អង្គការ​សហប្រជាជាតិ​ថា នយោបាយ​បន្ត​ដាក់ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង បាន​ត្រឹម​តែ​ពង្រឹង​ពង្រីក​ភាព​មិន​ទុក​ចិត្ត​លើ​សហរដ្ឋ​អាមេរិក​តែ​មិន​ប៉ុណ្ណោះ ! ហើយ​ក្នុង​ករណី​គ្មាន​ទំនុក​ចិត្ត​បែប​នេះ កូរ៉េខាង​ជើង​ដាច់​ខាត​ ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ឯកតោភាគីឡើយ។

ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក រី យ៉ុងហូ បាន​អះអាង​ថា​កូរ៉េខាង​ជើង​បាន​បង្ហាញ​ឆន្ទៈ​ល្អ ធ្វើ​សកម្មភាពគួរ​ឱ្យ​កត់​សម្គាល់​ច្រើន ដូច​ជា​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល និង​បានរុះ​រើ​ទីតាំង​បាញ់​សាកល្បង​មីស៊ីល​ Punggyer-ri កាលពី​ខែ​ឧសភា​ទៀត។ ប៉ុន្តែ​គ្មាន​ចម្លើយ​អ្វី​តប​វិញ​បន្តិច​សោះ​មក​ពី​ខាង​អាមេរិក ! ដូច្នេះ បើ​អាមេរិក​មិនផ្តល់​អ្វី​ជា​ទំនុក​ចិត្តមក​ព្យុងយ៉ាង​ដែល​ជា​មធ្យោបាយ​ផ្ទៀងផ្ទាត់​សុវត្ថិភាព​ជាតិ​ទេ គ្មាន​ហេតុផល​អ្វី​ដែល​កូរ៉េខាង​ជើង​ត្រូវ​បោះបង់​អាវុធ​នុយក្លេអ៊ែរ ជា​មុន​ឡើយ​។

គ្មាន​​ជំហរ​ផ្តល់​រង្វាន់​ជា​ដំណាក់ៗចំពោះ​សកម្មភាព​របស់​ព្យុងយ៉ាង​ដែល​បាន​ប្តេជ្ញាជា​ផ្លូវការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​​ទាំង​ស្រុង​ ជា​ឯកតោភាគី​ នាពេល​អនាគតហើយ អាមេរិក​ថែម​ទាំង​បដិសេធ​មិន​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ និង​បន្ថែម​ទណ្ឌកម្ម​​ប្រឆាំង​លើ​កូរ៉េខាង​ជើង​ទៀត ! សូម្បី​តែ​សេចក្តី​ថ្លែងការណ៍​​បិទ​បញ្ចប់​សង្គ្រាមកូរ៉េ​ ​ជា​ផ្លូវការ​ ក៏​អាមេរិក​ច្រាន​ចោល​ ដោយ​តម្រូវ​ឱ្យ​កូរ៉េខាង​ជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​មុន។ នេះ​ជា​ពាក្យ​រំលើក​របស់​លោក រី យ៉ុងហូ ដោយ​សង្កត់​ធ្ងន់​ថា គំនិត​ដាក់​ទណ្ឌកម្ម​ឱ្យ​កូរ៉េខាងជើងលត់​​ជង្គង់​ ជា​ការ​រវើរវាយ​ពេក​ហើយ !

ប្រសិនបើ​ភាគី​ទាមទារ​ការ​រំសាយ​អាវុធ​នុយក្លែអ៊ែរ​កូរ៉េខាង​ជើង​មិន​មែន​ជា​អាមេរិក តែ​ជា​កូរ៉េខាង​ត្បូង​វិញ នោះ​សំណុំ​រឿង​ឧបទ្វីបកូរ៉េ​គ្មាន​នុយក្លេអ៊ែរ មិនជាប់គាំង​ដូច្នេះ​ឡើយ។ នេះ​បើ​តាម​​ទស្សនៈ​របស់​លោក​រី ដែល​អបអរ​ស្វាគមន៍​ជំនួប​ទាំង​បី​លើក​រវាង​លោក​គីម ជុងអ៊ុន​និង​លោក​មូនចែអ៊ីន។

ប៉ុន្តែយ៉ាងណា​ក៏​ដោយ ក៏​សុន្ទរកថា​របស់​​លោក​ រី យ៉ុងហូ ឆ្នាំ​នេះ មាន​សំនៀង​ទន់​ភ្លន់​ជាង​ឆ្នាំ​មុនច្រើន និង​មិន​និយាយ​អ្វី​ប៉ះពាល់​ដល់​ជំនួប​​លើក​ទីពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​ប្រមុខ​កូរ៉េខាង​ជើង​ឡើយ។ ហើយទន្ទឹម​ពេល​ជា​មួយ​គ្នា តែ​​នៅ​ឯ​ក្រៅ​ឆាក​ ឆ្ងាយ​ពី​អង្គការ​សហប្រជាជាតិ លោក ដូណាល់ ត្រាំ បានលើក​សរសើរ​អំពី​ទំនាក់ទំនង​ របស់​លោក​ជាមួយ​ លោក គីម ជុងអ៊ុន​ ថា​ល្អូនល្អើន​ និងលង់​ស្នេហ៍​គ្នា​ ​ជាពិសេស​ នៅ​ពេល​បានអាន​​​លិខិត​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ