អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

អាមេរិក​ចោទចិន​ថា កំពុង​ប្រើ​កាសែត​អាមេរិក​ជាឧបករណ៍​ឃោសនា​នយោបាយ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅ​សប្តាហ៍មុន បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា កំពុង​ ជ្រៀតជ្រែក លូកដៃ ចូល​ក្នុង​កិច្ចការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់សភា​អាមេរិក។ នៅ​មួយសប្តាហ៍ក្រោយ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​រិះគន់​ខ្លាំង រដ្ឋាភិបាល​ចិន ថា បាន​ប្រើ​កាសែត​អាមេរិក ជា​ឧបករណ៍​ឃោសនា​នយោបាយ។ ទំនាក់ទំនង​ចិន និងអាមេរិក​កាន់តែ​តានតឹង​នឹងគ្មាន នៅក្រោយ​ប្រធានាធិបតី អាមេរិក​បាន​ដំឡើងពន្ធ​លើ​ទំនិញ​ចិន នាំចូល​អាមេរិក ក្នុង​គោលដៅ​ដាក់សម្ពាធ ឲ្យ​រដ្ឋាភិបាល​ចិន ដែល​លោកដូណាល់ ត្រាំ ថា បានធ្វើជំនួញ មិន​យុត្តិធម៌​ជាមួយ​អាមេរិក​រហូតមក។ 

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង លោក Terry Edward Branstad (ឆ្វេង) ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោកXi Jinping (R) នៅ​វិមាន​ប្រជាជន ថ្ងៃទី៣០ កញ្ញា ២០១៨
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង លោក Terry Edward Branstad (ឆ្វេង) ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោកXi Jinping (R) នៅ​វិមាន​ប្រជាជន ថ្ងៃទី៣០ កញ្ញា ២០១៨ ©Lintao Zhang / POOL / AFP
ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​ចិន និង​អាមេរិក​កំពុង​តែ​ប្រឈមមុខ​ដាក់គ្នា​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង បាន​រិះគន់​រដ្ឋាភិបាល​ចិន​ថា កំពុង​ទាញ​យក​ប្រយោជន៍​ពី​កាសែត​អាមេរិក ដើម្បី​ធ្វើ​ជា​ឧបករណ៍​ឃោសនា​នយោបាយ។

នៅក្នុង​អត្ថបទ​បញ្ចេញយោបល់​ផ្ទាល់ខ្លួន ដែល​ចុះផ្សាយ កាលពី​ថ្ងៃ​អាទិត្យ នៅក្នុង​កាសែត ប្រចាំ​ថ្ងៃ របស់​អាមេរិក ឈ្មោះ Des Moines Register ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ប្រទេស​ចិន បាន​ប្រទេស​ចិន បាន​បង្កើន​ផ្សព្វផ្សាយ​ដើម្បី​មើលងាយ​ប្រមាថ​សហរដ្ឋអាមេរិក។ លោក​ឯកអគ្គរដ្ឋអាមេរិក Terry Branstad បាន​និយាយ​សំដៅ​ទៅដល់​កាសែត​ចិន China Daily ដែល​បាន​ទិញ ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម ដល់​ទៅ ៤ទំព័រ របស់​កាសែត​ Des Moines Register ដែល​ជា​កាសែត ចេញផ្សាយ និង​លក់ដាច់​ច្រើន​ជាងគេ នៅរដ្ឋ​Iowa របស់​សហរដ្ឋអាមេរិក។

នៅក្នុង​ទំព័រ​ផ្សាយពាណិជ្ជកម្ម​របស់​កាសែត អាមេរិក កាសែត​ចិន China Daily បាន​លើកនិយាយ​ពី​អត្ថប្រយោជន៍​នៃ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។ វា ជា​រឿង​ធម្មតា ដែល​រដ្ឋាភិបាល​បរទេស​អាច​ទិញ​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​នៅក្នុង​កាសែត អាមេរិក។ តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុងប៉េកាំង ដែល​ធ្លាប់​ធ្វើ​ជា​អភិបាល​រដ្ឋ​Iowa ដោយ​ទិញ​ទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម របស់​កាសែត​អាមេរិក រដ្ឋាភិបាល​ចិន កំពុង​ធ្វើ​សកម្មភាព​ឃោសនា​របស់​ខ្លួន។

នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ជាមួយ អាមេរិក ដែល​ទើប​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន នាំចូល​អាមេរិក ក្នុងទំហំទឹកប្រាក់ ២០០​ពាន់លាន​ដុល្លារ រដ្ឋាភិបាល​ចិន បាន​ប្រកាស​​ដំឡើង​ពន្ធ​សងសឹក​វិញ ជាលើកទី ២ ដែល​លើកនេះ ផ្តោតសំខាន់​លើ​ការនាំចេញ​របស់​អាមេរិក ជាពិសេស លើ​ទំនិញ​កសិកម្ម នាំចេញ​ពី​រដ្ឋ​Iowa តែម្តង។ រដ្ឋIowa ដែល​ជា​រដ្ឋ​សំបូរ​អ្នកគាំទ្រ គណបក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់​ត្រាំ។ សម្រាប់​អ្នកតំណាង​អាមេរិក នៅ​ប្រទេស​ចិន នយោបាយ​របស់​ក្រុង​ប៉េកាំង​កំពុង​បំផ្លាញ ប៉ះពាល់​ដល់​កសិករ ជំនួញ និង​ប្រជាជន​អាមេរិកាំង។

នៅក្នុង​អត្ថបទ​បញ្ចេញមតិ​ផ្ទាល់ខ្លួន ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​វាយតម្លៃ​ថា ប្រទេស​ចិន បាន​ឆ្លៀតឱកាស​ទាញ​ផលចំណេញ ពី​សេរីភាព​សារព័ត៌មាន​នៅ​ទឹកដី​អាមេរិក ដើម្បី​ផ្សព្វផ្សាយ​ពាក្យឃោសនា​របស់​ខ្លួន។ ប៉ុន្តែ នៅ​ប្រទេស​ចិន វិញ ជាទី​ដែល​គ្មានទេ សេរីភាព​សារព័ត៌មាន គេ​មិនដែល​ឃើញ​ទេ អត្ថបទ​ចុះផ្សាយ​ស្តីពី​ការបញ្ចេញមតិ​របស់​ប្រជាជន​ចិនទាក់ទង​នឹង​នយោបាយ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល។ ដោយ​មិន​បាន​បញ្ចេញឈ្មោះ​ចំៗ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​បាន​និយាយ​ដែរ​ថា កាសែត​ចិន​បាន​បដិសេធ​មិនព្រម​ចុះ​ផ្សាយ​អត្ថបទ​បញ្ចេញ​យោបល់​របស់​លោក នៅក្នុង​ទំព័រ​កាសែត​របស់ពួកគេ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ