អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​នៅ​អាស៊ី​កំពុង​ប្រឈម​នឹង​បញ្ហា​តម្លៃ​រូបិយវត្ថុ​ធ្លាក់​ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីវិបត្តិហិរញ្ញវត្ថុ​នៅក្នុងប្រទេសតួកគី ដល់​ការបង្កើន​អត្រាការប្រាក់​របស់​ធនាគារកណ្តាល​នៅសហរដ្ឋអាមេរិក ចំពោះប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និង​ហ្វីលីពីនឯណោះវិញ ប្រជាពលរដ្ឋជាទូទៅ និង​ក្រុមហ៊ុន​ធំៗនានាកំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា និង​ការ​ធ្លាក់​ចុះ​តម្លៃរូបិយវត្ថុជាតិ។

មាសគីឡូ
មាសគីឡូ gold.fr
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិកកំពុង​កើន​ឡើង និង​វិបត្តិហិរញ្ញវត្ថុកំពុង​ញាំញី​ប្រទេស​តួកគី អ្នក​ប្រើប្រាស់​និង​ក្រុមហ៊ុនយ៉ាង​ច្រើន​ នៅតំបន់អាស៊ី កំពុងប្រឈមនឹងបញ្ហាតម្លៃរូបិយវត្ថុជាតិ​ធ្លាក់ចុះ និងកម្រិត​អតិផរណា​កើន​ឡើង។​ យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ ចេញផ្សាយ​ដោយការសែតសេដ្ឋកិច្ច​ជប៉ុន Nikkei Asian Review បើប្រៀបធៀបជាមួយ​​លុយដុល្លារអាមេរិក លុយហ្វីលីពីនធ្លាក់​តម្លៃ​ប្រមាណ៧ភាគរយ លុយឥណ្ឌូណេស៊ីប្រហែល៩ភាគរយ លុយឥណ្ឌាប្រហែល១១ភាគរយ ខណៈលុយតួកគីធ្លាក់ដំាក្បាល​ចុះ​ខ្លាំង ​រហូត​ជិត​ដល់៥០ភាគរយ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៨។ បញ្ហា​ទាំង​នេះ​កំពុង​បង្ក​ជា​ផល​ប៉ះពាល់​មួយ​ចំនួន​ ដល់អ្នក​ប្រើប្រាស់​ជាទូទៅ និងការ​ធ្លាក់​ចុះ​​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុននានា។

ទីមួយ នៅពេល​ដែល​ទីផ្សារ​មាន​ស្ថានភាព​មិនសូវ​ល្អប្រសើរ​ មនុស្ស​បាន​​នាំ​គ្នា​យក​ប្រាក់​ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​រក្សា​ទុក​ទៅប្តូរ​ជា​មាស​ ដោយ​សារការ​ភ័យ​ខ្លាច​ថា ទ្រព្យ​សម្បត្តិ​ដែល​​ខ្លួន​កាន់ក្នុងដៃ​នៅថ្ងៃ​នេះ​​នឹង​បន្តធ្លាក់ចុះតម្លៃនៅ​ថ្ងៃខាងមុខទៀត។ ឥរិយាបថ​នេះ​​នឹង​រុញច្រាន​​ឱ្យ​តម្រូវ​ការមាស មាន​ការ​កើន​ឡើងកាន់តែខ្លាំង ឬ​វា​មាន​ន័យ​ថា រូបិយវត្ថុ​ជាតិ​ក្នុង​ប្រទេសមួយបន្ត​​ធ្លាក់​ចុះតែម្ដង។ លោក​ប្រធានា​ធិបតីឥណ្ឌូណេស៊ី បានឆ្លើយតប​ទៅអ្នក​ការសែត ​នៅ​ទីក្រុងហ្សាការតាថា “ឥទ្ធិពល​នៃ​ការ​ធ្លាក់​តម្លៃ​របស់​លុយ​ឥណ្ឌូណេស៊ីគឺ​ដោយសារ​តែមនុស្សនាំគ្នា​ទិញ​មាស​”។

ទីពីរ សម្រាប់​ប្រទេស​ដែល​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្មស្រាប់ ការធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុជាតិ​នឹង​មាន​ន័យ​ថា រដ្ឋ​មួយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​មុន​ ដើម្បី​នាំចូល​ទំនិញ​ក្នុង​បរិមាណដូចគ្នា។ នេះជាករណី​ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម និង​អតិផរណា​ស្រាប់។

ទីបី ក្រុមហ៊ុន​ដែល​ប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុង​បរិមាណច្រើន នាំ​ចូល​ពីបរទេស នឹង​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ច្រើន​ជាង​មុន​ ដូច​ជា​ការ​ចំណាយ​លើ ថ្លៃប្រេងសាំង ឬ​ឧបករណ៍ជួសជុល​ថែទាំ ជាដើម។ ជាឧទាហរណ៍ នៅ​ប្រទេស​ឥណ្ឌា ក្នុង​ពេល​ថ្មី​ៗនេះ ក្រុម​ហ៊ុន​អាកាសចរណ៍ឯកជន​ធំបំផុត ឈ្មោះ IndiGo​ បាន​ប្រកាស​ពី​ការ​ធ្លាក់​ចុះប្រាក់​ចំណេញ​សុទ្ធរបស់​ខ្លួន គឺបាន​ធ្លាក់​ចុះ​ច្រើនជាង ៩៧ភាគរយ។ ករណី​នេះក៏​ដូចគ្នាផងដែរ​ចំពោះ​ ក្រុមហ៊ុន​អាកាសចរណ៍ឥណ្ឌាមួយ​ផ្សេងទៀត​ឈ្មោះថា SpiceJet។ នៅ​ក្នុង​ប្រទេសឥណ្ឌូណេស៊ី ក្រុម​ហ៊ុន​ផលិត​ថ្នាំធំបំផុត ឈ្មោះ​ថា ​ Kalbe Farma ដែល​បាន​នាំ​ចូល​វត្ថុ​ធាតុដើមប្រមាណ​ ៩០ភាគរយ​នៃ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន បាន​បង្ខំចិត្ត​កាត់​បន្ថយ​កម្រិត​គោលដៅ​នៃ​ប្រាក់​ចំណូល។ ប្រាក់​ចំណេញ​សុទ្ធរបស់​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្លាក់​ចុះប្រមាណជិត ៥០ភាគរយ​នៅពាក់​កណ្តាល​ឆ្នាំ​២០១៨នេះ។

នៅចុងបញ្ចប់ អតិផរណាដែល​​បានធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ក្នុង​ស្រុក​ជា​ទូទៅ​​កើន​ឡើងនឹងបង្ក​​ឱ្យ​អំណាច​ទិញរបស់​ប្រជាពលរដ្ឋ​ជាទូទៅ​​ធ្លាក់​ចុះ។ បញ្ហា​ទាំង​នេះ​នឹង​ដាក់​បន្ទុកខ្លាំង​ចំពោះពលរដ្ឋដែល​មាន​ចំណូល​ទាប ឬមធ្យម ព្រោះពួកគេ​​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះខ្លាំង​ដោយសារ​ថ្ងៃទំនិញ​កើន​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ