អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកតំណាង​ប្រទេស​ចំនួន ១៩៥ បាន​ជួបប្រជុំ​គ្នា នៅ​សប្តាហ៍នេះ នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី ពិនិត្យ របាយការណ៍​របស់​ក្រុមអ្នកជំនាញ អ្នកវិទ្យាសាស្រ្ត​ស្តីពី​អាកាសធាតុ មុន​ពេល​ដែល​របាយការណ៍​មួយនេះ ត្រូវ​អង្គការ​សហប្រជាជាតិ បោះពុម្ព​ផ្សាយ ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ពោល​គឺ​ឲ្យ​បាន​មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ ដែល​ត្រូវ​រៀបចំ​ធ្វើ នៅ​ប្រទេស​ប៉ូឡូញ នៅ​ដើម​ខែ​ធ្នូ​ចុងឆ្នាំនេះ។ 

ទឹកកក​អណ្តែត នៅ​Greenland
ទឹកកក​អណ្តែត នៅ​Greenland © REUTERS/Lucas Jackson SEARCH "JACKSON GREENLAND" FOR THIS STOR
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​តំណាង​ប្រទេស ១៩៥ ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​អង្គារ​នេះ នៅ​កូរ៉េខាងត្បូង ដើម្បី ពិនិត្យ​របាយការណ៍​ស្តីពី​ការប្រែប្រួលអាកាសធាតុ របស់​ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល ហៅកាត់​ថា IPCC ឬ​ជា​ភាសា​បារាំង ថា GIEC។

ក្រុម​អ្នកជំនាញ​អន្តរ​រដ្ឋាភិបាល Intergovernmental Panel on Climate ChangeIPCC ឬ​GIEC ជា​អ្នកដាស់តឿន​សតិមនុស្ស​ស្តី ពី​អាកាសធាតុ​

ក្រុមអ្នកជំនាញ​អាកាសធាតុ សំខាន់ណាស់ ក្នុង​ការជួយ​ដាស់តឿន​រំលឹក​មនុស្ស​ឲ្យ​ដឹងច្បាស់ ពី​ផល​ប៉ះពាល់ នៃការប្រែប្រួល​អាកាសធាតុ។ បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ កាលពី​៣០ឆ្នាំ មុន គឺ នៅ​ឆ្នាំ ១៩៨៨ ក្រុម GIEC​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស មាន​បុគ្គលិក​អចិន្រ្តៃយ៍​តែ​ជាង​១០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ការងារ​ចងក្រង​របាយការណ៍​របស់​GIEC ​ត្រូវ ពឹងផ្អែក ទាំងស្រុងទៅលើ​អ្នកជំនាញ និង​អ្នកវិទ្យាសាស្រ្ត ស្ម័គ្រចិត្ត រាប់ពាន់​នាក់ ដែល​មាន​តាំង​ពី​អ្នកជំនាញ​ខាង​បរិយាកាស ខាង​អាកាសធាតុ ខាងទឹកសមុទ្រ សេដ្ឋកិច្ចវិទូ ហើយ​និង​អ្នកជំនាញ​ខាង​ការអភិវឌ្ឍ​ជាដើម។

ជាក់ស្តែង​ដើម្បី​ចងក្រង​របាយការណ៍ កម្រាស ៤០០​ទំព័រ ដែល​គេ​កំពុង​ពិនិត្យ ពិភាក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅថ្ងៃនេះ ក្រុមGIEC បាន​ពឹងផ្អែក​ទៅលើ​ការសិក្សា ជាង ៦ពាន់ ដែល​សរសេរ​ដោយ​មនុស្ស​​៨៦នាក់ មក​ពី​ប្រទេស​ចំនួន ៣៩។ ពី​របាយការណ៍​មួយទៅ​របាយការណ៍​មួយ ការងារ​របស់​ក្រុមអ្នកជំនាញ​អាកាសធាតុ របស់​GIEC ព្យាយាម​ទាញ​សញ្ញា​អាសន្ន ឲ្យ​គេ​យល់ឃើញ​ពី​ផលវិបាក នៃ​ការប្រែប្រួល​អាកាសធាតុ បើ​សិន​គេ​មិនព្រម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​នៃ​ការឡើង​កំដៅ​នៃ​ផែនដី។ ជាក់ស្តែង នៅក្នុង​សន្និសីទ​នៅទីក្រុង​ប៉ារីស នៅ​ឆ្នាំ ២០១៥ ដែល​ឈាន​ទៅ​ផលិត​បាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ គឺ​ក្រុម GIEC នេះ​ឯង​ដែល​បាន​សរសេរ​របាយការណ៍ ទាមទារ​ឲ្យ​គេ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក និង​មេតាន ឲ្យ​បាន​អតិបរមា ដើម្បី​ឲ្យ​កំដៅ​លើ​ផែនដី កើន​ឡើង បន្ថែម យ៉ាងច្រើន ១,៥​អង្សារ​នៅ​ឆ្នាំ ២១០០។

ជាទូទៅ របាយការណ៍​របស់​ក្រុម GIEC ធ្វើ​ឡើង​សម្រាប់​អ្នកមាន​សិទ្ធិ​សម្រេចចិត្ត ពោល​គឺ​រដ្ឋាភិបាល​របស់​គ្រប់​ប្រទេស​នៅក្នុង​ពិភពលោក។ នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល​១សប្តាហ៍ នេះ នៅ​កូរ៉េខាងត្បូង អ្នកតំណាង​រដ្ឋាភិបាល​អាច​ចរចា ទាមទារ​ឲ្យ​កែតម្រូវ ចំណុច​ជាច្រើន​ មុន​ពេល​ដែល​របាយការណ៍​ត្រូវ​បញ្ជូន ឲ្យ​ទៅ បោះឆ្នោត គាំទ្រ ជាផ្លូវការ ពី​រដ្ឋាភិបាល​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ។

សូមអាន៖ ពិភពលោក​មិនស្ថិត​លើផ្លូវ​ គូសវាស​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស

ជាមួយ​នឹង​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ដូចសព្វថ្ងៃ កំដៅ​ផែនដី​នឹង​កើនឡើង​១,៥អង្សាសេ នៅ​ឆ្នាំ ២០៤០

នៅ​ក្នុង​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៥ នៅទីក្រុង​ប៉ារីស រដ្ឋាភិបាល​ដែល​ជា​ប្រទេស​ហត្ថលេខី ក៏​បាន​សន្យា​ចូលរួម​កាត់បន្ថយ​ឧស្ម័ន ផ្ទះកញ្ចក់ ដើម្បី​ធ្វើយ៉ាងណា​ ឲ្យ​ផែនដី​អាច​ឡើង​កំដៅ ១,៥​អង្សាសេ នៅ​ឆ្នាំ ២១០០។ របាយការណ៍​លើកនេះ​របស់​ក្រុមអ្នកជំនាញ​អាកាសធាតុ ផ្តោត​សំខាន់​លើ​ការឡើង​កំដៅ លើ​ផែនដី ១,៥អង្សា។ អ្នកជំនាញ​ខាង​អាកាសធាតុ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការខុសគ្នា ខ្លាំង រវាង​ផែនដី ដែល​នឹង​ឡើង​កំដៅ ១,៥អង្សា ហើយ​និង​ផែនដី​នឹង​ឡើង​កំដៅ ២អង្សារ។ ហេតុអ្វី​បាន​ជា​គេ​ចង់​បញ្ជាក់​ពី​ភាពខុស​គ្នា​នេះ?

សូម​រំលឹក​ថា នៅ​មុន​មាន​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៥ នៅ​ទីក្រុង​ប៉ារីស គេ​បាន​ចរចា និង​ចោទសួរ​ខ្លាំងណាស់​ថា ហេតុអ្វី​បានជា​អ្នកជំនាញ ត្រូវ​កំណត់ ឲ្យ​ផែនដីអាច​ឡើង​កំដៅ​បន្ថែម​យ៉ាងច្រើន ២អង្សា​សេ។ ហេតុអ្វី​បាន​ជា​មិន​២,៥​អង្សាសេ?

សម្រាប់​អ្នកជំនាញ​អាកាសធាតុ​ដែល​បាន​ចូលរួម​សរសេរ​របាយការណ៍របស់​ក្រុមGIEC គេ​មិន​ចាំបាច់​ឆ្ងល់​អ្វី​ច្រើនទេ បើគេ​សង្កេត​មើល​ការប្រែប្រួល​អាកាសធាតុ​នៅ ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ សព្វថ្ងៃ​នេះ ផែនដី​ឡើង​កំដៅ តែ​១​អង្សា​ប៉ុណ្ណោះ​បើប្រៀបធៀប​នឹង​សម័យ​មុន​បដិវត្តន៍​ឧស្សាហកម្ម។ ទាក់ទង​នឹង​ការឡើង​កំដៅ​ផែនដី អ្នកវិទ្យាសាស្រ្ត​បាន​យក​សម័យ​មុន​បដិវត្តន៍​ឧស្សាហ៍កម្ម នៅឆ្នាំ ១៧៥០ ដើម្បី​ធ្វើការប្រៀបធៀប ព្រោះថា នៅសម័យ​មុន​បដិវត្តន៍​ឧស្សាហកម្ម គេ​នៅ​មិនទាន់​មាន​ម៉ាស៊ីន រោងចក្រ ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​នោះទេ។ ត្រូវ​ដឹងថា ចាប់តាំង​ពី​ឆ្នាំ មាន​បដិវត្ត​ន៍ឧស្សាហ៍កម្ម រហូត​មកដល់​សព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញថា កំដៅ​លើ​ផែនដី​បាន​កើន​ឡើង ១អង្សាសេ។

ផែនដី​សព្វថ្ងៃ ដែល​កើនឡើង​កំដៅ បន្ថែម ១អង្សាសេ កំពុង​ប្រឈម​រួចហើយ​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ហើយ​និង​ការរលាយទឹកកក នៅ​ប៉ូល ដែលធ្វើ​ឲ្យ​កំពស់ទឹកសមុទ្រ​កើនឡើង គំរាមកំហែង​ប្រទេស​ដីកោះ ដែល​ជា​កន្លែងរ​រស់នៅ​របស់​ប្រជាជន រាប់​លាននាក់។

តើ​នឹង​មាន​រឿង​អ្វី​កើតឡើង បើផែនដី កើនឡើង​កំដៅ ១,៥ អង្សា ឬ ២អង្សា

សម្រាប់អ្នកជំនាញ បើសិន​គេ​នៅ​បន្ត​សកម្មភាព បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន មេតាន ដែល​ជាប្រភព​បង្កើត​ឧស្ម័ន​ផ្ទះកញ្ចក់​ដូចសព្វថ្ងៃ ឬ​ទៅតាម​ការកំណត់ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង អន្តរជាតិ ក្រុង​ប៉ារីស កំដៅ​ផែនដី​នឹង​កើនឡើង​បន្ថែម ១,៥អង្សា សេ ចាប់ពី​ឆ្នាំ ២០៤០ ប៉ុន្តែ មិនមែន ២១០០ ដូចការគិតព្រាង កាលពី៣​ឆ្នាំមុននោះទេ។ គេអាច​និយាយ​បាន​ថា ផលវិបាក​ដែល​កើតឡើង​ដោយសារ​តែ ផែនដី កើនឡើង​កំដៅ ១,៥អង្សា មិនមែន​សម្រាប់​មនុស្ស​ជំនាន់​អនាគត​ទេ ប៉ុន្តែ គឺ​សម្រាប់​ជំនាន់​មនុស្ស​សព្វថ្ងៃ​តែម្តង ដែល​រងគ្រោះ​ដោយ​ផ្ទាល់ ហើយ​មិនមែន​កើតឡើង​សម្រាប់​តែប្រទេស​ក្រីក្រ ទេ ប្រទេស​អ្នកមាន ប្រទេស​មហាឧស្សាហកម្ម ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ក៏​រងគ្រោះដែរ។ ព្យុះ​កំណាច នៅ​អាមេរិក នៅ​ជប៉ុន ឬ​អាកាសធាតុ​ក្តៅខ្លាំង​ដែល​សម្លាប់​មនុស្ស​នៅ ឥណ្ឌា ឬ​នៅ​អឺរ៉ុប គឺ​ជា​ឧទាហរណ៍​ស្រាប់។

អ្នកជំនាញ​អាកាសធាតុ៖ គេត្រូវ​រក​ឲ្យ​បាន​រហ័ស និង​ទ្រង់ទ្រាយ​ធំ ប្រភព​ថាមពល​ថ្មី​មក​ជំនួស ប្រេង និង​ធ្យូងថ្ម

មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​ផែនដី​កើនឡើង​កំដៅ គឺ​មានតែ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក តាមរយៈ​ការលះបង់​ចោល ថាមពល​ដែល​បានមកពី​ប្រេង ឧស្ម័ន ឬ​ធ្យូងថ្ម។ គេ​ត្រូវ​បង្កើន​ទំហំព្រៃ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ស្រូប​យក​ឧស្ម័ន​កាបូនិក។ ដំណោះស្រាយ​ដែល​គេ​ស្នើឡើងលើកនេះ គឺ​ដូចតែ​ពេលមុនៗ​អីចឹង ប៉ុន្តែ គ្រាន់តែ​ថា លើកនេះ អ្នកជំនាញ បាន​អំពាវនាវ ជំរុញ​ឲ្យ​​រដ្ឋាភិបាល ដែល​ជាអ្នកធ្វើ​ផែនការ​នយោបាយ សម្រេចចិត្ត​ចាត់វិធានការ ឲ្យ​បាន​លឿន ហើយ​និង​ក្នុង​ទ្រង់ទ្រាយ​ធំបំផុត។ មានន័យថា គេ​នៅពេល​វេលា​នៅឡើយ ប៉ុន្តែ ពេល​វេលា​កាន់តែខើចហើយ។ ដើម្បី​ឲ្យ​ផែនដី អាច​កើនឡើង​កំដៅ ១,៥អង្សាសេ នៅរវាងឆ្នាំ ២០៤០ គ្រប់ប្រទេស​អាច​ បញ្ចេញ​ឧស្ម័នកាបូនិ​យ៉ាងយូរ​បំផុត នៅ​ឆ្នាំ ២០២០ ពោល​គឺ​ត្រូវរិះរក​ប្រភពផ្តល់​ថាមពល​ថ្មី ជំនួស ប្រេង និង​ធ្យូងថ្ម ដែល​ជា​បញ្ចេញ​ឧស្ម័ន​កាបូនិក។

អនុសាសន៍​របស់​ក្រុមអ្នកជំនាញ​ខាងអាកាសធាតុ​មើលទៅ ប្រៀបបាន​នឹង​ស្រែកហៅ​ដែល​គ្មាន​អ្នកណា​យក​ត្រចៀក​ស្តាប់នោះ។ ឥណ្ឌា មហាអំណាច​អាស៊ី​ទី​២​បន្ទាប់ពី​ចិន ពឹងផ្អែក​លើ​ប្រេង​ដើម្បី ជំរុញ​ឧស្សាហកម្ម​របស់ខ្លួន។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ប្រទេស​មហាសេដ្ឋី​ប្រេង ដូចជា​អារ៉ាប៊ី សាអូឌីត ក៏ដូច រុស្ស៊ី អ៊ីរ៉ង់ ដែល​កំពុង​ជំរុញ ការផលិត និង​លក់ប្រេង​របស់​ខ្លួនផង។ មហាអំណាច​អាមេរិក របស់​លោកដូណាល់ ត្រាំ ដែល​មិនត្រឹម​តែ​ដកខ្លួន ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ បាន​ប្រកាស​បើកភ្លើង​ខៀវ​ឲ្យ​គេ​ធ្វើ​អាជីវកម្ម ជីកបូម​ប្រេង​នៅក្នុង​សមុទ្រ អាមេរិក ដើម្បី ទិសដៅ​នយោបាយ​របស់​លោក គឺ ផលប្រយោជន៍​របស់​អាមេរិក​ដំបូងគេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ