ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ
 
លោក ម៉េង ហុងវៃ សុំ​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល Jeff Pachoud/Pool via Reuters

បន្ទាប់​ពី​បាត់​ខ្លួន​យ៉ាង​ចម្លែក​អស់​រយៈ​ពេល​ជាង​១០​ថ្ងៃ និង​ក្រោយ​ការ​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ចិន​បំភ្លឺ​ជា​ផ្លូវការ​ជុំ​វិញ​ការ​បាត់​ខ្លួន​នេះមក នៅ​យប់​មិញ អង្គការ​ប៉ូលិស​អន្តរជាតិ អាំងទែរប៉ូល​ បាន​ទទួល​លិខិតសុំ​​លាលែង​ចេញ​ពី​តំណែង “​ភ្លាម” ពី​លោក ម៉េង ហុងវៃ Meng Hongwei។ សេចក្តី​ប្រកាស​នេះ​ធ្វើឡើង ​ក្រោយពី​​ប៉េកាំង​បាន​សម្រេច​​​បើក​អង្កេត ប្រឆាំង​នឹង​​​​លោក​ម៉េង ហុងវៃ ពី​បទ​រំលោភ​ច្បាប់ និង​វិន័យ​បក្ស ពោល​គឺ​​ប្រព្រឹត្ត​អំពើ​ពុករលួយ។​

លោកស្រី Meng Grace ម៉េងក្រាស​ ជា​​ភរិយា​បាន​ធានាអះអាងថា​លោក​ ម៉េង ហុងវៃ​ កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​។ ចំណែក​លោកស្រី​ផ្ទាល់ ក៏​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​កិច្ចការពារ​របស់​ប៉ូលិសបារាំង។

អាំងទែរប៉ូល​បាន​ជូន​ដំណឹង​តាម​ប្រព័ន្ធ​សង្គម ស្តី​អំពី​ការ​សុំ​លាលែង​ចេញ​ពីតំណែង​ “ភ្លាម” តែម្តង របស់​លោក​ ម៉េង ហុងវៃ ក្រោយ​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យនៃ​គណៈកម្មការ​មជ្ឈិមបក្សតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ​ ​ស្ថាប័ន​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​នឹងអំពើ​ពុក​រលួយ​​ចិន​ បាន​​បញ្ជាក់​ថា លោក ម៉េង ហុងវៃ ត្រូវ​ជាប់​អង្កេត ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ និង​វិន័យ​បក្ស​ ទទួល​សំណូក ពោល​គឺ​អំពើ​ពុក​រលួយ​នេះ​ឯង។

​បាត់ខ្លួន​យ៉ាង​ចម្លែក

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​នេះ ជា​ការ​បញ្ជាក់ ដោយ​មិន​​បាច់​ប្រាប់​ដោយ​ចំៗ​ថា លោក ម៉េង ហុង​វៃ ពិត​ជា​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ នៅ​ពេល​ចុះ​ពី​យន្តហោះ​ នៅ​អាកាសយានដ្ឋាន​ក្រុងប៉េកាំង​ កាលពី​ថ្ងៃ​ទី ២៥ កញ្ញា​ និង​ត្រូវ​បាន​ភ្នាក់ងារប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុករលួយ​​បក្ស​ ចាប់​យក​ទៅ​សួរ​ចម្លើយ​មែន។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ​គេ​មិន​អាច​ដឹង​ព័ត៌មាន​អ្វី​ច្រើន​ ក្រៅ​អំពី​សារចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រអ៊ីនធ័រនែត​​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ីនហួរ អបអរ​សរសើរ​ពី​ការ​ចាប់​ខ្លួន​ ជន​ពុក​រលួយ​ម្នាក់​ទៀត​។​ រាល់​គ្រប់​​ព័ត៌មាន​ឬ​បទ​បរិយាយ​ទាក់ទង​នឹង​សំណុំ​រឿង​លោក ម៉េង ហុងវៃ ត្រូវ​បិទ​ខ្ទប់​ទាំង​អស់។

នៅ​ល្ងាចមិញ ភរិយា​របស់​លោក​ម៉េង ហុងវៃ បាន​ធ្វើ​សន្និសីទ​កាសែត​នៅទីក្រុងលីយ៉ុង ពន្យល់​អំពីលក្ខខណ្ឌ​នៃ​ការ​បាត់​ខ្លួន​ស្វាមី​ថា លោក​​ប្រធាន​អាំងទែរប៉ូល បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៥​កញ្ញា វេលា​ម៉ោង ១២​និង​២៦​នាទី និង​បានផ្ញើ​​សារ​ តាម​ប្រព័ន្ធ​សង្គម​WhatsApp ជា​បី​ពាក្យ​ថា​ “ចាំ​ខ្ញុំ​ហៅ”។ បួននាទី ក្រោយ​មក​ លោក​បាន​ផ្ញើ​សារជា​រូប​សញ្ញា​មានកាំបិត-(សញ្ញា​គ្រោះថ្នាក់)។ លោកស្រី បាន​សាកល្បង​ហៅ​ទៅ​ស្វាមីវិញ នៅ​ប៉ុន្មាន​នាទីក្រោយ​មក​ទៀត តែ​គ្មាន​ចម្លើយ​រហូត។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកស្រី​គិត​ថា លោក ម៉េង ហុងវៃ ជា​ស្វាមី​កំពុងស្ថិត​ក្នុង​គ្រោះ​ថ្នាក់ នៅក្នុងប្រទេស​របស់​ខ្លួន។

​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​​បក្ស

ករណី​លោក ម៉េង ហុងវៃ ក៏​ទំនង​ជា​មិន​ខុស​ពី​ករណី​ឥស្សរជន​បក្ស​កុម្មុយនិស្ត​ជាប់​ចោទ​ពុក​រលួយ​​ផ្សេង​ទៀតដែរ។ ការ​បាត់​ខ្លួន​ឥស្សរជន​នយោបាយ កើត​មានកាន់​តែ​​​ញឹក​ញាប់ឡើងៗ​ តាំង​ពី​លោក​ ស៊ីជីន​ពីង ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២​មក។ លោកស៊ី បាន​​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​អំពើ​ពុករលួយ​ដែល​គេ​មើល​ឃើញ​ថា​​ជាការ​​កម្ចាត់​​អ្នក​ប្រកួត​ប្រជែង​​ក្នុង​បក្ស​ទេ។

លោក ម៉េងហុងវៃ បាន​ឡើង​ធំ​ តាម​ខ្សែ​លោក​ ហ្ស៊ូ យុងកាង មេប៉ូលិស​ដ៏​ធំ​ជាង​គេ​បង្អស់​​របស់​ចិន ក្នុង​សម័យ​ប្រធានាធិបតីអាណត្តិ​មុន ដែលជាប់​សំណាញ់​នៃ​ការ​បោសសម្អាត​ របស់​​លោក​ស៊ីជីនពីងរួច​ទៅ​ហើយ។

ថ្វី​បើលោក​ស៊ី ជីនពីង ជា​អ្នក​រុញ​ច្រាន​​បេក្ខភាព​របស់​លោក ម៉េង ហុងវៃ ឱ្យ​បាន​ក្លាយ​ជា​​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល នៅ​ឆ្នាំ​២០១៦​មែន ប៉ុន្តែ​ក្លិនអាក្រក់ បាន​ជះ​ចំហាយ និងលេច​សញ្ញា​មិន​ល្អ​ ​តាំង​ពី​ខែ​យូរ​ខែមកហើយ។ លោក ម៉េង ហុងវៃ ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​នៅក្នុង​គណៈកម្មការមជ្ឈិមបក្ស​ទទួល​បន្ទុក​​ត្រួត​ត្រា​ក្រសួង​សន្តិសុខ​សាធារណៈ​ ក្រោយ​ពី​មានការ​តែង​តាំង​រដ្ឋមន្ត្រី​ថ្មី​​ក្នុង​ក្រសួ​ង​នេះ​ នៅ​ចុង​ឆ្នាំ​២០១៧។ រដ្ឋមន្ត្រី​ថ្មី​ជា​មនុស្ស​ដែល​ល្បី​ខ្លាំង​ខាង​មហាស្មោះត្រង់​នឹង​លោក​ស៊ីជីនពីង។

ចិន​និង​ស្ថាប័ន​អន្តរជាតិ

អាំង​ទែរប៉ូល ដែល​បាត់​ទំនាក់ទំនង​ឈឹង​ពី​លោក ម៉េង ហុងវៃ តាំង​ពី​ជា​ច្រើន​ថ្ងៃ គ្មាន​ពាក្យ​អ្វី​ក្រៅ​អំពី​ទទួល​ព្រម​យក​ការ​សុំ​លាលែង​ចេញ​ពី​តំណែង​នេះ​ទេ​ ដោយ​ប្រគល់​តួនាទី​ប្រធាន​ស្តីទី​ និង​បណ្តោះ​អាសន្ន​ទៅឱ្យ​លោក​គីម​ជុងយ៉ាង ជាតិកូរ៉េខាង​ត្បូង​ ជា​អនុប្រធានអាំងទែរប៉ូល​ស្រាប់ ក្នុង​ពេល​រង់ចាំ​ជ្រើសរើស​ប្រធាន​ថ្មី។ ការ​ជ្រើសរើស​ប្រធានអាំងទែរប៉ូលថ្មី​សម្រាប់​រយៈ​ពេល​២​ឆ្នាំ​ ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុ​ង​មហាសន្និបាត​ របស់​អង្គការ ពី​ថ្ងៃទី​១៨-២១វិច្ឆិកា នៅ​ទីក្រុង​ឌូបៃ។

លោក​ ម៉េង ហុងវៃ ជា​ជនជាតិ​ចិន​ដំបូង​គេ​បង្អស់​ដែល​បាន​ឡើង​កាន់​តួនាទី​ ជា​ប្រធាន​គ្រប់គ្រង​​ស្ថាប័ន​អន្តរជាតិ​​ទទួល​បន្ទុក​សម្របសម្រួលការងារក្នុង​ចំនួន​១៩២​ប្រទេស។ នៅ​ពេល​ជាប់​ឆ្នោត​កាលពី​ខែ​វិច្ឆិកា ២០១៦ សម្រាប់​អាណត្តិ​៤​ឆ្នាំ រដ្ឋ​ជា​សមាជិក​នាំ​គ្នា​បិទ​មាត់​ស្ងាត់​ឈឹង ឯ​អង្គការ​ការពារ​សិទ្ធិជា​មូលដ្ឋាន​ជា​​ច្រើន​​ ដូច​យ៉ាង​Amnesty International ​បាន​ទទួល​ស្វាគមន៍​លោក ម៉េង ក្នុង​ក្រសែភ្នែក​សង្ស័យ​​ខ្លាំង ព្រោះ​យល់​ថា​អតីតរអនុរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​(សន្តិសុខ​) ធ្លាប់​ចាប់​ជនជាតិ​ភាគ​តិច សកម្មជន​ប្រឆាំង យក​ទៅ​ឃុំឃាំង​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ។

​មាន​រូប​ភាព​មិន​ល្អ​ស្រាប់​ទៅ​ហើយ​ផង ឥលូវ​មក​បន្ថែមមួយ​រឿង​ទៀត !​ នៅ​ថ្ងៃ​នេះ​ជា​លើក​ទី​មួយ ​យុទ្ធនាការ​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោក ស៊ី ជីនពីង បាន​ផ្លាត​មក​ដល់​មេកើយ​ស្ថាប័ន​អន្តរជាតិ​ទៀត។ ការនេះ​អាច​​ធ្វើ​ឱ្យ​ស្ថាប័ន​អន្តរជាតិ កាន់​តែ​រាថយ​ ឬ​ត្រូវ​ពិចារណា​ម្តង​ជា​ពីរ​ដង មុន​នឹង​ជ្រើសរើ​ស​យក​ជនជាតិ​ចិន​មក​ធ្វើ​ជា​មេកើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន-អាំងទែរប៉ូល

    តើ​​អ្នកណា​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​ប្រធាន​ប៉ូលិសអាំងទែរប៉ូល​​ជនជាតិចិន​លោក​ម៉េង ហុងវៃ?

    ស្វែងយល់បន្ថែម

  • កាសែត​ហុងកុង៖ អាជ្ញាធរ​ចិន​បាន​ចាប់ក្រៀក​ប្រធាន​ប៉ូលិស​អាំងទែរប៉ូលតាំង​ពី​ចុះ​ពីលើ​យន្តហោះ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ