ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

ពួកតាលីបង់​អះអាងថា បានជួប​ពិភាក្សា ជាមួយ​បេសកជន​ពិសេស​របស់​អាមេរិក

media ក្រុមតាលីបង់​ធ្លាប់​អបអរ​ថ្ងៃ​បទឈប់​បាញ់​នៅ​អាហ្វហ្កានីស្ថាន ថ្ងៃទី ១៦​មិថុនា ២០១៨ (រូប​បណ្ណាសារ) Parwiz/REUTERS

ក្រុមឧទ្ទាម​តាលីបង់ នៅ​ប្រទេស​អាហ្វាហ្កានីស្ថាន បាន​បញ្ជាក់ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ​ថា ខ្លួន​បានជួប​ចរចា​ជាមួយ ប្រេសិត​អាមេរិក ទទួល​បន្ទុក​បិទបញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន។ នេះ​ជាលើកទី១ ក្នុងប្រវត្តិ​សង្រ្គាម​១៧​ឆ្នាំ នៅ​អាហ្វាហ្កានីស្ថាន ដែល​ដំណឹង​ស្តី​ពី​ជំនួប​មន្រ្តី​អាមេរិកាំង​ជាមួយ​ក្រុម​តាលីបង់ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ។

 

នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ញើ​ទៅកាន់​អ្នកកាសែត នៅ​ថ្ងៃ​សៅរ៍ ក្រុមតាលីបង់ បាន​អះអាង ថា ជំនួប​ជាមួយ​ប្រេសិត​អាមេរិក​ធ្វើឡើង កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ដូហា ប្រទេស​កាតា។ តាម​អ្នកនាំពាក្យ​តាលីបង់ ភាគី​ទាំងពីរ​បាន​ជួបនិយាយ​គ្នា ពីរឿង​បិទបញ្ចប់​ជម្លោះប្រដាប់អាវុធ​នៅ​អាហ្វហា្កនីស្ថាន។

តាំង​ពី​អាមេរិក​ធ្វើសង្រ្គាម បណ្តេញ​ក្រុមតាលីបង់​ចេញពី​អំណាច នៅ​ឆ្នាំ ២០០១ នេះ​ជា​លើកទី១ ដែល​ជំនួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ។ កាលពី​ខែ​មិថុនា​កន្លងទៅ កាសែត​អាមេរិក​ធ្លាប់​បាន​ចុះផ្សាយ​ពី​ជំនួប​រវាង​មន្រ្តីជាន់ខ្ពស់​អាមេរិក​ជាមួយ​ក្រុមតាលីបង់ នៅ​ប្រទេស​កាតា នៅក្រោយ​បទឈប់​បាញ់​មិនធ្លាប់​មាន រវាង​កងទ័ព​ និង​ក្រុមតាលីបង់។ ប៉ុន្តែ រហូតមក​ភាគី​ទាំងពីរ​មិន​បាន​បញ្ជាក់​ដំណឹងចុះផ្សាយ​របស់​កាសែត​នោះទេ។

យ៉ាងណាក៏ដោយ ដំណឹង​ជួប​ចរចា រវាង​ក្រុម​តាលីបង់ និង​បេសកជន​អាមេរិក លោក​Zalmay Khalilzad នៅ​ថ្ងៃ​សុក្រ​សប្តាហ៍ ត្រូវ​បាន​ប្រកាសដោយ​ក្រុមតាលីបង់ ចំណែក ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​កាប៊ូល បាន​បដិសេធ មិន​បាន​អត្ថាធិប្បាយ​លើ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​តាលីបង់​នោះទេ។

សម្រាប់​អ្នកវិភាគ ការចេញ​សេចក្តីថ្លែងការណ៍​លើកឡើង​ពី​ជំនួប​ចរចា​ជាមួយ​ប្រេសិត​អាមេរិក គឺ​ជា​យុទ្ធសាស្រ្ត​ធ្វើ​យុទ្ធនាការ ឃោសនា​របស់​ក្រុម​តាលីបង់។ ក្រុមតាលីបង់​ចង់​បញ្ជាក់​ជ័យជំនះ​របស់ពួកគេ ព្រោះថា តាំង​ពី​ដើមរៀងមក ក្នុង​រឿង​ចរចា​បិទបញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ក្រុម​តាលីបង់ ដែល​អាមេរិក​ធ្វើ​សង្រ្គាម​បណ្តេញ​ចេញពី​អំណាច នៅអាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០០១ បាន​ទាមទារ​ដាច់ខាត ឲ្យ​មាន​ការចរចា​ដោយ​ផ្ទាល់​ជាមួយ អាមេរិក ដោយ​មិនចាំបាច់​ឆ្លងកាត់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

កន្លងមក អាមេរិក​បាន​បដិសេធ​មិន​ចរចា​ផ្ទាល់​ជាមួយ​ក្រុមតាលីបង់ ប៉ុន្តែ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ប្តូរ​ចក្ខុវិស័យ ដើម្បី​បិទបញ្ចប់​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន រហូត​ដល់​មាន​ដំណឹង​ស្តីពីការជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុមតាលីបង់។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​សៅរ៍ ក្រុមតាលីបង់​ដែលបាន​អះអាងដែរថា  ក្រុមគេ​បាន​បញ្ជាក់​ច្បាស់ ទៅ​ភាគី​អាមេរិក​ថា វត្តមាន​ទ័ព​បរទេស គឺ​ជា​ឧបសគ្គ​ធំបំផុត នៃដំណើរ​ឆ្ពោះ​ទៅកសាង​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។ សេចក្តីថ្លែងការណ៍​របស់​ក្រុមតាលីបង់​បញ្ជាក់​ពី​ជំនួប​ជាមួយ​ប្រេសិត​អាមេរិក ធ្វើឡើង នៅ​កាលៈទេសៈ​ដែលលោក​ប្រេសិត​កំពុង​មមាញឹក​ការទូត ស្វះស្វែង​រក​ការសហការ​ពី​ប្រទេស​ជិតខាងក្នុង​តំបន់​ដូចជា​ប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​តាលីបង់ ចូល​តុចរចា។ ក្រុមតាលីបង់ ដែល​បាន​វាយប្រហារ​មិន​ឈប់​លើ​ទីតាំង​ប៉ូលិស កងកម្លាំង​សន្តិសុខ​អាហ្វាហ្កានីស្ថាន បាន​ប្រកាស​រួចហើយថា នឹង​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ការបោះឆ្នោត​សភា នាពេល​ខាងមុខ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ