អានតួអត្ថបទ
អង្កការ​សហប្រជាជាតិ

អ.ស.ប ​រងការរិះគន់ នៅក្រោយ​ហ្វីលីពីន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស

អង្គការ​សហប្រជាជាតិ បាន​រង​ការរិះគន់ ខ្លាំងៗ​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស នៅ អឺរ៉ុប និង​នៅ​អាមេរិកខាងជើង នៅ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ដែល​មួយចំនួន​មក​ពី​ប្រទេស​ដែល​មាន​ការរំលោភ​សិទ្ធិមនុស្ស។ ហ្វីលីពីន អេរីត្រេ បារ៉ែន ជាដើម ដែល​រងការចោទប្រកាន់​ថា ជា​ប្រទេស​ដែល​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ត្រូវ​បាន​អង្គសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​សុក្រ​ម្សិលមិញ បោះឆ្នោត ជ្រើសតាំង​ឲ្យ​ធ្វើ​ជាសមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​មានទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ 

ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ថ្ងៃទី ១៨ កញ្ញា ២០១៨
ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ថ្ងៃទី ១៨ កញ្ញា ២០១៨ © REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​បោះឆ្នោត ជ្រើសរើស​ប្រទេស​សមាជិក​ថ្មី​សម្រាប់​អាសនៈ មួយភាគបី នៃ​អាសនៈ​សរុប ៤៧​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ ភ្លាមៗ នៅក្រោយ​ការបោះឆ្នោត​ដែល​មាន​សំលេង គាំទ្រ ភាគច្រើន ពី​មហាសន្និបាត ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​រងការរិះគន់ វាយប្រហារ​ពី​អង្គការ​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ទាំងនៅ​អឺរ៉ុប និង​នៅ​អាមេរិកខាងជើង។ រិះគន់​ព្រោះថា នៅក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន​១៨ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អាណត្តិ​បីឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រទេសចំនួន​៦ ដូចជា​ហ្វីលីពីន បារ៉ែន បង់ក្លាដែស សូមាលី កាមឺរូន អេរីត្រេ ដែល​កំពុង​រង​ការចោទ​ប្រកាន់​ថា កំពុង​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃ​សុក្រ ក្រុមអង្គការ​នៅ​អឺរ៉ុប អាមេរិក និង​កាណាដា បាន​វាយតម្លៃថា បើសិន​គេ​មើល​ទៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស ប្រទេស​ទាំង​៦​ខាង​លើ មិនសក្តិសម​នឹង​ទទួល​បាន​អាសនៈ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នោះទេ។ លោក​Louis Charbonneau អ្នកតំណាង​របស់​អង្គការ​Human Rights Watch នៅ​អង្គការ​សហប្រជាជាតិ បាន​ចាត់ទុក​ការបោះឆ្នោត​របស់​មហាសន្និបាត អង្គការ​សហប្រជាជាតិ ថា កាសើចចំអក ដល់​អត្ថន័យ​នៃ​ការបោះឆ្នោត និង​ជារឿង​គួរ​ឲ្យ​អស់សំណើច ដោយសារ​តែ​គ្មាន​ការប្រកួតប្រជែង។

ជា​លើក​ទី១ ក្នុង​ប្រវត្តិសាស្រ្ត​បោះឆ្នោត របស់​ខ្លួន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ បាន​អនុញ្ញាត ឲ្យ​តំបន់​នីមួយៗ ក្នុង​ចំណោម​តំបន់​ទាំង​៥ នៅ​ក្នុង​ពិភពលោក ជ្រើសរើស​ប្រទេស ក្នុង​តំបន់​របស់ខ្លួន ទៅ​តាម​កូតា ដែល​ត្រូវការ សម្រាប់​អាសនៈ មួយភាគ​បី​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ អ្វី​ដែល​ចំលែក លើកនេះ គឺ ក្រុមប្រទេស​នៅក្នុង​តំបន់​នីមួយ បាន​យល់ព្រមព្រៀង​គ្នា​ជាមុន ដាក់​បេក្ខជន ឲ្យ​គ្រប់​ទៅតាម​កូតា​ចង់បាន គឺ ចំនួន​១៨អាសនៈ ពោល​គឺ​គ្មាន​ការប្រកួតប្រជែង រវាង​ប្រទេស ដូចមុនៗ​នោះទេ។

នៅក្រោយ​ការបោះឆ្នោត​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋអាមេរិក​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី នីកគី ហាឡេ បាន​និយាយ​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សបញ្ជាក់​កាន់តែច្បាស់​​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាមេរិក​ដកខ្លួន​ចេញ ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សប្រជាជាតិ។ កាលពី​ខែ​មិថុនា ឆ្នាំនេះ អាមេរិក​បាន​ប្រកាស​ដកខ្លួន ចេញពី​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​អាមេរិក​ចោទប្រកាន់​ថា ជា​ស្ថាប័ន​ពុតត្បុត និង​លំអៀង។ ការចោទប្រកាន់​របស់​ភាគី​អាមេរិក កើតឡើង នៅក្រោយ​ការរិះគន់ អ៊ីស្រាអែល សម្ព័ន្ធមិត្ត​របស់​អាមេរិក ក្នុង​រឿងរំលោភ​សិទ្ធិមនុស្ស​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។

សម្រាប់​អ្នកតំណាង​អាមេរិក ប្រទេស​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ ការខ្វះខាត​បទដ្ឋាន នឹង​បន្ត​ធ្វើ​ឲ្យ​ខូចមុខមាត់ កេរ្តិ៍​របស់​អង្គការ​សហប្រជាជាតិ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ