អានតួអត្ថបទ
ចិន

ធនាគារ​ពិភពលោក៖គម្រោង​ផ្លូវមួយ ខែ្សក្រវ៉ាត់​មួយ​នឹង​ជួយ​ការខ្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ

ប្រទេស​ដែល​ត្រូវ​ឆ្លងកាត់ ដោយសារ​ ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន នឹង​មាន​បំណុល​កើនឡើងមែនហើយ ប៉ុន្តែ ជាមួយ​គ្នានោះ គម្រោង​វិនិយោគ​របស់​ចិន ក៏​ជា​ការឆ្លើយតប​ផងដែរ ទៅ​នឹង​ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ដ៏ចំបង នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ។ នេះ​បើតាម​ការវាយតម្លៃ​របស់​មន្រ្តី​ធនាគារ​ពិភពលោក ដែល​កំពុង​បើក​ការប្រជុំ​ប្រចាំ​ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍ នេះ នៅ​កោះ បាលី ប្រទេស​ឥណ្ឌូណេស៊ី។ 

កម្មករ​ចិន និង​ស្រីលង្កា នៅក្នុង​ការដ្ឋាន​សាងសង់​កំពង់ផែ​ស្ងួត​នៅ​ Hambantota ប្រទេស​ស្រីលង្កា នៅ​ខែតុលា ឆ្នាំ ២០១០
កម្មករ​ចិន និង​ស្រីលង្កា នៅក្នុង​ការដ្ឋាន​សាងសង់​កំពង់ផែ​ស្ងួត​នៅ​ Hambantota ប្រទេស​ស្រីលង្កា នៅ​ខែតុលា ឆ្នាំ ២០១០ ©Ishara S.KODIKARA / AFP
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ពិភពលោក​ទទួល​ស្គាល់ ថា ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ ដែល​ជា​គម្រោង​វិនិយោគ​មហាសាល​របស់​ចិន​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន ធ្លាក់ខ្លួន ជាប់​បំណុល​កាន់​តែ​ច្រើន។ ក៏​ប៉ុន្តែ ជាមួយ គ្នានេះ គម្រោង​វិនិយោគ​របស់​ចិន តម្លៃ ៦០​ពាន់​លានដុល្លារ ដែល​មាន​ប្រទេស​ចូលរួម ចំនួន ៧០ នៅក្នុង​ពិភពលោក ក៏​នឹងជួយ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​កំពុង​ខ្វះខាត​ច្រើន ជាពិសេស នៅ​តំបន់​អាស៊ី។

និយាយ​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅកោះបាលី ប្រធាន​ផ្នែកម៉ាក្រូ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក លោកស្រី Caroline Freund បាន​វាយតម្លៃថា គម្រោងការ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក ទៅ​ថ្ងៃ​អនាគត។

គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ ត្រូវ​បាន​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ប្រកាស​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣។ គម្រោងការ​របស់​ទីក្រុង​ប៉េកាំង ផ្តោត​ទៅ​លើ​ការកសាងកំពង់ផែ ​ស្ពាន ផ្លូវថ្នល់ ផ្លូវដែក ដើម្បី​តភ្ជាប់ ពី​អាស៊ី ទៅ​តំបន់​អឺរ៉ុប។ សម្រាប់​មន្រ្តីធនាគារ​ពិភពលោក ឱកាស​បាន​មក​ពី​គម្រោងការ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ​មាន​ច្រើនណាស់ តាំង​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស ឬដើម្បី​តភ្ជាប់​រវាង​ប្រទេស និង​ប្រទេស ក្នុង​តំបន់។ រចនាសម្ព័ន្ធ​អន្តរប្រទេស​នេះ​នឹងជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ហើយ​និង​ការអភិវឌ្ឍន៍​តំបន់​ដែល​ធ្លាប់ តែ​នៅ​ដាច់ស្រយាល ពីគេឯង។

ប្រធាន​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ប្រចាំ តំបន់​អាស៊ី​កណ្តាល​យល់ស្រប​ជាមួយ ធនាគារ​ពិភពលោក ដោយ​ថា ដោយមកតែ​ពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​កណ្តាល​នឹង​ទទួល​បាន​អត្ថប្រយោជន៍ច្រើន​ពី​ការដោះដូរ​ពាណិជ្ជកម្ម​អន្តរតំបន់។

សម្រាប់​មជ្ឈមណ្ឌល ការអភិវឌ្ឍន៍​ជាសកល គម្រោងការ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ​របស់ចិន នៅ​តែ​ជា​គ្រោះថ្នាក់ និង​ការប្រឈម​ខ្លាំង សម្រាប់​ប្រទេស​មួយចំនួន ដែល​កំពុង​មាន​វិបត្តិ​ប្រាក់បំណុល។ ឧទាហរណ៍ ប្រទេស​ចំនួន ៨ ដូចជា ប៉ាគីស្ថាន ឡាវ ម៉ុងហ្គោលី ជាដើម ដែល​មាន​ប្រាក់បំណុល​ខ្ពស់​ច្រើន​រួចហើយនោះ។ ប៉ាគីស្ថាន​ដែល​បាន​ចុះហត្ថលេខា​ចូលរួម​ក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ​ជាមួយ ទីក្រុង​ប៉េកាំង នៅ​សប្តាហ៍នេះ កំពុង​រត់រក​ប្រាក់កម្ចី​បន្ទាន់ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF។ ចំណែក​ស្រីលង្កា​វិញ ដែល​មាន​គ្មាន​សមត្ថភាព​សងប្រាក់បំណុល​ទៅ​ឲ្យ​ប្រទេស​ចិន បាន​សុខចិត្ត​ប្រគល់​កំពង់ផែ ទឹកជ្រៅ​មួយ​របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន​កាន់កាប់។ មន្រ្តី​របស់​IFM​បាន​ព្រមាន​ពី​ការកើនឡើង​ប្រាក់បំណុល​របស់​ប្រទេសទន់ខ្សោយ ដែល​គ្មាន​សមត្ថភាព​បង់សង​ម្ចាស់បំណុល ដែល​គ្មាន​អ្នកណា​ក្រៅតែ​ពី​ប្រទេស​ចិន។

នៅ​សប្តាហ៍នេះ របាយការណ៍​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច​បារាំង បាន​កោតសរសើរ​គម្រោងផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន ប៉ុន្តែ ជាមួយគ្នានោះ គេ​បាន​វាយតម្លៃថា នៅក្នុង​គម្រោងដែល​មាន​ការចូលរួម​តិចតួច​បំផុត ប្រមាណ ៣ភាគរយ របស់​ក្រុមហ៊ុន​បរទេស នឹង​ផ្តល់​ប្រយោជន៍៩១ភាគរយ ដល់​ទីក្រុង​ប៉េកាំង។ គេ​បាន​លើក​យក​ករណី​ជាក់ស្តែង នៅ​ប្រទេស​ប៉ាគីស្ថាន ដែល​ថា នៅក្នុង​៤០​ឆ្នាំ​ខាងមុខ ប្រាក់ចំណូល​ដែល​បាន​មក​ពី​ការអភិវឌ្ឍ​នៅ​កំពង់ផែ​Gwadar នឹង​បាន​ទៅលើ​ក្រុមហ៊ុន ចិន ដែល​ប្រើ​សុទ្ធ​តែ​ពលករ​មក​ពី​ស្រុកចិន សម្រាប់​ការដ្ឋាន​សាងសង់​នៅ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ