ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម
 
លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ស្កត់ ម៉ូរីសុន និយាយ​ក្នុង​សន្និសីទកាសែត នៅក្រុង​កង់បេរ៉ា ថ្ងៃទី ១៦ តុលា ២០១៨ ©AAP/Mick Tsikas/via REUTERS

នាយក​រដ្ឋមន្រ្តី អូស្ត្រាលី លោក​ស្កត់ ម៉ូរីសុន នៅក្នុង​សន្និសីទ​កាសែត​ថ្ងៃអង្គារ​ទី ១៦ តុលា ២០១៨ ​បាន​ប្រកាស​ពី​គម្រោង​ចង់​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល និងផ្ទេរ​ស្ថានទូត​អូស្ត្រាលី ទៅនៅ​ទីនោះ។ តើ​អូស្ត្រាលី​នឹង​ដើរតាមផ្លូវ​របស់​អាមេរិក ដែល​ទើប​បានផ្ទេរ​ស្ថានទូត​ទៅ​នៅ​ហ្ស៊េរុយសាឡិម កាលពី​ខែ​ឧសភា ឆ្នាំ២០១៨នេះ?

ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី លោក​ស្កត់ ម៉ូរីសុន នៅ​ថ្ងៃ​អង្គារ​នេះ បានរង​ការរិះគន់​ខ្លាំង បន្ទាប់​ពីលោក​បាន ប្រកាស នៅសន្និសីទ កាសែត ថា លោក​គ្រោង​ចង់​ផ្ទេរ​ស្ថានទូត​អូស្ត្រាលី ពីក្រុង​តែលអាវីវ ទៅ​នៅ​ហ្ស៊េរុយសាឡិមនិង​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ ការប្រកាស​យ៉ាងដូច្នេះ នឹង​​ធ្វើ​ឲ្យ​អូស្ត្រាលី ដើរតាម​ផ្លូវតែមួយ​របស់​អាមេរិក ដែល​បាន​ផ្ទេរ​ស្ថានទូត​របស់ខ្លួន ពី​តែលអាវីវ ទៅ នៅ​ទីក្រុងហ្ស៊េរុយសាឡិមដ៏ចម្រូងចម្រាស កាលពី​ខែ​ឧសភា ឆ្នាំ២០១៨។

នៅ​ថ្ងៃ ចន្ទ​ម្សិលមិញ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​សរសេរ​សារ Twitter ថ្លែង​អំណរគុណ​នាយករដ្ឋមន្រ្តី​អូស្ត្រាលី។ នៅក្នុង​សារ​របស់ខ្លួន នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ បានសរសេរ ថា នាយករដ្ឋមន្រ្តី​អូស្ត្រាលី បាន​បញ្ជាក់​ប្រាប់លោក​ថា អូស្ត្រាលី គ្រោង​នឹង​ទទួល​ស្គាល់ ជា​ផ្លូវការ ទីក្រុង​ហ្ស៊េរុយសាឡិម​ថា ជារដ្ឋធានី​អ៊ីស្រាអែល។

នៅក្រោយ​ការចុះផ្សាយ​ព្រោងព្រាត​របស់​កាសែត ទាក់ទង​នឹងសារ​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី អូស្ត្រាលី ស្កត់ ម៉ូរីសុន បាន​បើក​សន្និសីទ​កាសែត​មួយ នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ និង​បាន​ប្រកាស​ដំណឹង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយនេះ។ ដោយ​បង្ហាញ​ជំហរ​ចង់​ទទួល​ស្គាល់ ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី បាន​បិទ កប់ចោល​ទាំងស្រុង ខ្សែបន្ទាត់​នយោបាយ​ការបរទេស ជាង ៧០​ឆ្នាំ របស់​អូស្ត្រាលី ទាក់ទង​នឹង ជម្លោះ​នៅ​តំបន់​ដើមបូព៌ា។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បណ្តាល​ឲ្យ​មាន​រលក​រិះគន់​ខ្លាំង នៅក្នុង​ស្រុក និងក្នុង​តំបន់ ព្រោះ​​មាន​វាន័យ​ស្មើ​នឹង​ការប្តូរ ១៨០ដឺក្រេ នយោបាយ​ការបរទេស​របស់​អូស្ត្រាលី ដែល​រហូតមក បដិសេធ យ៉ាង​ចេញមុខ មិនទទួលស្គាល់​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​អ៊ីស្រាអែល។

នាយករដ្ឋមន្រ្តី​អូស្ត្រាលី មុន គឺ​លោក​ម៉ាល់ខុម ធើនប៊ុល មក​ពី គណបក្ស​តែមួយ​របស់​លោក​ស្កត់ ម៉ូរីសុន ធ្លាប់​មាន​ការប្រយ័ត្នប្រយែង និង​បាន​ដកខ្លួន​ឃ្លាតឆ្ងាយ​ពី​អាមេរិក នៅពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្រេច​ផ្ទេរស្ថានទូត​អាមេរិក​ទៅ​នៅ​ហ្ស៊េរុយសាឡិមនៅពាក់កណ្តាលឆ្នាំនេះ។ អតីត​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ក៏​ដូច​ថ្នាក់ដឹកនាំ​ភាគ​ច្រើន ក្នុង​ពិភពលោក សុទ្ធតែ​មិន​ឯកភាព​ជាមួយ អាមេរិក ព្រោះថា ការទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ​នឹង​មិន​ជួយ​ជំរុញ​ដំណើរ​ការ​ចរចា​សន្តិភាព​រវាង​ភាគី​​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល នោះទេ ផ្ទុយទៅវិញ វា​នឹង​អាច​ទៅ​ដុតកំហឹង​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម ជាពិសេស ប្រជាជន​ប៉ាឡេស្ទីន ដែល​បាន​ទាមទារ រហូតមក ទឹកដី​ហ្ស៊េរុយសាឡិម​ខាងកើត សម្រាប់​ធ្វើ​ជាអនាគត​រដ្ឋធានី​របស់​ខ្លួន។

នៅក្រោយការប្រកាស​របស់​នាយករដ្ឋមន្រ្តី អូស្ត្រាលី មន្រ្តី​ជាន់ខ្ពស់​ប៉ាឡេស្ទីន​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃ​នេះ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ព្រមានឲ្យ អូស្ត្រាលី ពិចារណា​ល្អិតល្អន់ បើសិន​មិន​ចង់​ប្រឈមមុខ​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម​ដែល​ជា​មិត្តគាំទ្រ​ប៉ាឡេស៊ីន។

សូមអាន៖ សម្ព័ន្ធ​អារ៉ាប់៖ ការទទួលស្គាល់​ហ្សេរុយសាឡិម ជារដ្ឋធានី​អ៊ីស្រាអែល ជាការរំលោភបំពាន​ក្រុមប្រទេសអារ៉ាប់

ដើម្បី​ប្រមូល​សំឡេងឆ្នោត​ពី​សហគមន៍​ជ្វីហ្វ នៅ​ក្រុង​ស៊ីដនី

មន្រ្តី​អូស្ត្រាលី ម្នាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា តាមពិតទៅ សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ទទួល​ស្គាល់​ហ្ស៊េរុយសាឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល មានតាំង​ពី​យូរហើយ។ លោក​នាយករដ្ឋមន្រ្តី ស្កត់ ម៉ូរីសុន លើក​និយាយ​ពី​គម្រោងនេះ គឺ​នៅជួន​ចំ​ពេល​ដែល​មន្រ្តី​បក្ស​របស់​លោក ម្នាក់​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត សភាមួយផ្នែក នៅថ្ងៃ​សៅរ៍​ខាងមុខ ដើម្បី ដណ្តើម​អាសនៈ ទំនេរ​ចោល នៅក្រុង​ស៊ីដនី។ សម្រាប់អ្នកវិភាគ លោក​ស្កត់ ម៉ូរីសុន ប្រកាស​ពី​គម្រោង​ចង់ ទទួល​ស្គាល់​យេរូសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល នៅពេលនេះ ក៏ព្រោះតែ​លោក​ចង់ ទាក់ទាញ​សំឡេង​ឆ្នោត ក្នុង​ចំណោម​ប្រជាជន​ជ្វីហ្វ ដែល​រស់នៅ​ទីក្រុង​ស៊ីដនី សម្រាប់​បេក្ខជន​គណបក្ស​របស់​លោក ដែល​កំពុង​មាន​កូដប្រជាប្រិយភាព​ធ្លាក់ចុះ នៅក្នុង​ការស្ទង់មតិ។ បេក្ខជន​ដែល​លោក​នាយករដ្ឋមន្រ្តី អូស្ត្រាលី គាំទ្រ ចង់​ឲ្យ​ឈ្នះឆ្នោត តាមពិត ​គ្មាន​អ្នកណា​ក្រៅតែ​ពី អតីត​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​អ៊ីស្រាអែល។ គេ​វាយតម្លៃថា លោក​ស្កត់ម៉ូរីសុន គាំទ្រ ចង់​បាន​ដាច់ខាត ឲ្យ​បេក្ខជន​របស់លោក​ឈ្នះឆ្នោត នៅ​ស៊ីដនី ព្រោះ​បើមិនដូច្នេះទេ គណបក្ស​កាន់អំណាច​របស់លោក​នឹង​បាត់សំលេង​ភាគច្រើន​នៅ​សភា និង​ដែល​អាច​គំរាមកំហែង​អនាគត​របស់រដ្ឋាភិបាល ដែល​លោក​ទើប​ចូល​ដឹកនាំ​បាន​២ខែនោះ។

ក្រុម​បក្ស​ប្រឆាំង​វិញ បាន​រិះគន់​ខ្លាំងថា ដើម្បី សំលេង​ឆ្នោត ផលប្រយោជន៍​បក្ស របស់ខ្លួន លោក​ស្កត់ម៉ូរីសុន មិន​ខ្លាច​នឹង​និយាយ​អ្វី​ទោះ នោះ​បើទោះបី​សំដី​របស់គាត់​នឹង​ទៅ​បំផ្លាញ​នយោបាយ​ការបរទេស​អូស្ត្រាលី ក៏ដោយ។

សូមអាន៖ ហេតុអ្វី ហ្សេរុយសាឡិម?

ប្រែសំដីមកវិញ ដើម្បី​បញ្ជៀស​ភាពតានតឹង​ជាមួយ​ប្រទេស​អ៊ីស្លាម​ក្នុង​តំបន់

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​សន្និសីទ​កាសែត លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ហាក់​ប្តូរ​ជំហរ​មកវិញ ដោយ​លោក​បាន​និយាយ​ប្រាប់​សភា​អូស្ត្រាលី​នៅថ្ងៃ​អង្គារ​នេះថា គ្រាន់តែ​ជាគម្រោង និង​ថា រដ្ឋាភិបាល​នឹង​ពិភាក្សា​ជាមួយ ថ្នាក់ដឹកនាំ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ជាមុន​សិន មុន​នឹង​សម្រេចចិត្ត​ក្នុង​រឿងនេះ។

លោកស្កត់ ម៉ូរីសុន ហាក់ប្តូរជំហរ​មក​វិញ ដោយសារ​តែ​មាន​ការរិះគន់ខ្លាំង​ក្នុង​ស្រុក និង​នៅក្រោយ​ការចុះផ្សាយ​របស់​កាសែត​ដែល​ថា អូស្ត្រាលី​នឹង​អាច​ប្រឈម​នឹង​ការដាក់​សម្ពាធ ពី​ប្រទេស​ក្នុង​តំបន់ ដែល​អាច​សងសឹក ខាង​ផ្នែកដោះដូរ​ពាណិជ្ជកម្ម បើសិន​អូស្ត្រាលី ប្រកាស​ទទួល​ស្គាល់ ហ្ស៊េរុយសាឡិម ជារដ្ឋធានី​អ៊ីស្រាអែល និង​ផ្ទេរ​ស្ថានទូតទៅនៅ​ទីនោះ​មែន។

ប្រតិកម្ម​ដំបូង​កើតចេញមុន​គេ​ពី​ខាង​ឥណ្ឌូណេស៊ី ជាទី​ដែល​រដ្ឋមន្រ្តីការបរទេស​ប៉ាឡេស្ទីន​កំពុង​បំពេញទស្សនកិច្ច​ផ្លូវការ នៅថ្ងៃ​អង្គារនេះ។ កាសែត​អូស្ត្រាលី នៅថ្ងៃ​នេះ​បាន​ដកស្រង់​សំដី របស់​មន្រ្តី​ជាន់ខ្ពស់ ឥណ្ឌូណេស៊ី​ដែល​ថា បើសិន​អូស្ត្រាលី ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​​ជារដ្ឋធានី​អ៊ីស្រាអែល នោះ ការចរចា ដើម្បី​បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ​ដែល​ត្រូវ​បិទ​បញ្ចប់ នៅ​ចុងឆ្នាំនេះ នឹង​ត្រូវ​នឹង​ផ្អាកទៅវិញ។ នៅ​សភា​ថ្ងៃ​នេះ នាយករដ្ឋមន្រ្តី​អូស្ត្រាលី បាន​និយាយ​ថា លោក​ពិតជា​បាន​ពិភាក្សា​តាម​ទូរស័ព្ទ ជាមួយ​លោកប្រធានាធិបតី ឥណ្ឌូណេស៊ី ពីរឿង​ដោះដូរ​ពាណិជ្ជកម្ម​មែន នៅថ្ងៃ​នេះ។

នាយករដ្ឋមន្រ្តី​អូស្ត្រាលី ហាក់​រារែក​មកវិញ ក្នុង​រឿង ចង់​ទទួល​ស្គាល់ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ព្រោះតែ​លោក​មិន​ចង់ប្រឈម​នឹង​ក្រុម​ប្រទេស អ៊ីស្លាម ដែល​គាំទ្រ​បុព្វហេតុ ប្រជាជន​ប៉ាឡេស្ទីន ជាពិសេស គឺ​ឥណ្ឌូណេស៊ី​តែម្តង ដែល​មាន​ប្រជាជន​៨០ភាគរយ ជាអ្នកកាន់​សាសនា​អ៊ីស្លាម។ អូស្ត្រាលី​មិន​ឲ្យ​មានការថ្នាំងថ្នាក់ចិត្ត ជាមួយ ឥណ្ឌូណេស៊ី ព្រោះថា ក្រៅ​តែ​ពី​រឿងដោះដូរ​ពាណិជ្ជកម្ម ឥណ្ឌូណេស៊ី នៅ​ជា​ប្រទេស​ដៃគូ​សំខាន់​ដែល​ក្រុង​កង់បេរ៉ា ត្រូវការជំនួយ សម្រាប់​ទប់ស្កាត់ លំហូរ​ចូល​ជនអន្តោប្រវេសន៍​តាមទូក ទៅ​ក្នុង ទឹកដី​អូស្ត្រាលី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​ដូណាល់ ត្រាំ​នឹង​បន្ថែម​វិបត្តិ ​ក្រោយ​ការ​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​​ជារដ្ឋធានី​​របស់​អ៊ីស្រាអែល​

    ស្វែងយល់បន្ថែម

  • ពលរដ្ឋ​ប៉ាឡេស្ទីន សម្រុក​ទៅ​ព្រំដែន​ប្រថុយ​ស្លាប់ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​អាមេរិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ពិភពលោក​ផ្ទុះ​ប្រតិកម្ម​ក្រោយ​សេចក្តី​ប្រកាស​របស់​លោក ត្រាំ ស្តីពី​ក្រុង​ហ្ស៊េរុយសាឡិម

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ លោក ត្រាំ គាំទ្រ​ដំណោះស្រាយ​បង្កើត​រដ្ឋពីរ ជាលើក​ទីមួយ

    ស្វែងយល់បន្ថែម

  • អ៊ិស្រាអែល-ប៉ាឡេស្ទីន

    ណេតាន់យ៉ាហ៊ូ ថា​ចង់​បញ្ចូល​ដែនដី​អាណានិគម​ មកជា​របស់​អ៊ីស្រាអែល ​អាមេរិក​បដិសេធ ​ថា​មិន​ធ្លាប់​និយាយគ្នាទេ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ