ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

អាជ្ញាធរ​ចិន៖ ជំរំឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

media  
ប៉ូលិស​ឆែក​អត្តសញ្ញាណ​របស់​បុរស​ម្នាក់ នៅ​ច្រកត្រួតពិនិត្យ ក្នុង​ខេត្តស៊ីនជាំង នៅ​ខែ​មីនា ២០១៧ ©REUTERS/Thomas Peter/File Photo

អាជ្ញាធរ​ចិន ជាថ្មី​ម្តងទៀត បាន​ចេញមុខ​ការពារ​នយោបាយ​ចាប់​ប្រមូលផ្តុំ អ្នកកាន់​សាសនា​អ៊ីស្លាម នៅ​ខេត្ត​ស៊ីនជាំង។ បន្ទាប់​ពី​មន្រ្តី​ទូតចិន ធ្វើ​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ក្នុង​កាសែត​បរទេស ពី​ចំនុច​វិជ្ជមាន​នៃ​ជំរំ​ឃុំខ្លួន នៅ​ស៊ីនជាំង ចៅហ្វាយខេត្ត​ស៊ីនជាំង នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​អះអាង​ថា កម្មវិធី​ប្រមូលផ្តុំ ជនជាតិ​អ៊ីស្លាម បាន​ជួយ​ឲ្យ​តំបន់​មានស្ថិរភាព និង​សន្តិសុខ។ ទីក្រុង​ប៉េកាំង​បាន​រងការរិះគន់​ពី​សហគម​អន្តរជាតិ នៅបន្ទាប់​ពី​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃថា ប្រជាជនអ៊ុយហ្គួរ និង​ជនជាតិ​ភាគតិច​អ៊ីស្លាម​ផ្សេងទៀត​ប្រមាណ ១លាន​នាក់ ត្រូវ​បាន​អាជ្ញាធរ ចាប់ឃុំខ្លួន នៅក្នុង​តំបន់​ស៊ីនជាំង។

 

នៅក្នុង​បទសម្ភាសន៍​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មី ប្រធាន​តំបន់​ស្វយ័ត​ស៊ីនជាំង លោក Shohrat Zakir បាន​និយាយ​ការពារ​កម្មវិធី​បង្កើត​មណ្ឌល​ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ ក្នុង​តំបន់​ស៊ីនជាំង។ សម្រាប់​លោក តំបន់​ស៊ីនជាំង ដែល​ធ្លាប់​រងការវាយប្រហារ​ដោយ​ក្រុម​ភេរវជន នៅពេលនេះ បាន​ស្គាល់​សិ្ថរភាព និង​សន្តិសុខ ក៏ដោយ​មក​ពី​មណ្ឌល​ឃុំខ្លួន នោះដែរ។

នៅ​ប៉ុន្មាន​ខែមុននេះ គណៈកម្មាធិការ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ បានអះអាងថា មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ អ្នក​កាន់​សាសនា​អ៊ីស្លាម​ចំនួន ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំខ្លួន ក្នុង​ជំរំ ជាច្រើន កន្លែង ក្នុង​ខេត្ត​ស៊ីនជាំង។ ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​បដិសេធ ថា គ្មាន​វត្តមាន​ពន្ធនាគារ​ឃុំ ប្រជាជន​អ៊ុយហ្គួរ នោះទេ ប៉ុន្តែ នៅក្រោយ​មាន​រូបភាព​ផ្កាយរណប និង​ឯកសារ​ចុះផ្សាយ​លើ​អ៊ីនធ័រនែត ដែល​បញ្ជាក់​ពី​វត្តមាន​ទីតាំង ឃុំខ្លួន ជនជាតិ​អ៊ុយហ្គួរ ទីក្រុង​ប៉េកាំង នៅ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​ប្តូរ​យុទ្ធសាស្រ្ត​ការពារ​ខ្លួន តាមរយៈ​ការលើកនិយាយ​ពី​ចំនុច​វិជ្ជមាន និងអត្ថប្រយោជន៍​នៃ​ជំរំឃុំខ្លួន ជនជាតិ​អ៊ុយហ្គួរទៅវិញ។

ប្រធាន​តំបន់​ស៊ីនជាំង ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​អ៊ុយហ្គួរ​ដែរនោះបាន​និយាយ​ថា មជ្ឈមណ្ឌល​ទាំង​នោះ ជា​កន្លែង​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រជាជន​អ៊ុយហ្គួរ។ នៅទីនោះ ជនជាតិ​អ៊ុយហ្គួរ​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ចេះ​និយាយ​ភាសា​ចិន រៀនជំនាញ បច្ចេកទេស ជាដើម។ តាម​អាជ្ញាធរ​ចិន ជនជាតិភាគតិច​អ៊ុយហ្គួរ មាន​ការលំបាក​ក្នុង​ការរក​ការងារធ្វើ ដោយសារ​តែ ខ្វះសមត្ថភាព និងជំនាញ។ ដោយសារ​តែ​ភាពក្រីក្រ និង​ការងារធ្ងន់ ពួកគេ​ងាយ​នឹង​ចាញ់បោក ត្រូវ​ក្រុមភេរវនិយម និង​ក្រុមអ៊ីស្លាមជ្រុលនិយម បញ្ចុះបញ្ចូល​ឲ្យ​ធ្វើ​ភេរវកម្ម​ប្រឆាំង​រដ្ឋអំណាចចិន។ ប៉ុន្តែ ជំរំលត់ដំ បាន​ជួយ​ឲ្យ​មនុស្ស​ភាគច្រើន​ដឹងកំហុស និង​យល់ច្បាស់​ពីគ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ក្រុមជ្រុលនិយម។

អតីត​អ្នកធ្លាប់​ជាប់ឃុំ បាននិយាយ​ដែរថា ពួកគេ​ត្រូវ​ប៉ូលិស​ចិន​ចាប់ខ្លួន ដោយសារ​តែពួកគ មាន​ពុកមាត់​វែង ពាក់ក្រណាត់​បាំងមុខ ឬ ក៏​សរសេរ​សារជូនពរ នៅលើ​អ៊ីនធ័រនែត នៅក្នុង​ឱកាស​បុណ្យ​សាសនា​អ៊ីស្លាម។ អតីត​គ្រូបង្រៀន​ម្នាក់​ក្នុង​ជំរំលត់ដំ​នៅ​ខេត្ត​ស៊ីនជាំង នៅ​ខែ​កក្កដា​កន្លងទៅ បាន​និយាយ​ប្រាប់​តុលាការ នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ថា ជំរំនយោបាយ នៅ​ស៊ីនជាំង តាមពិត គឺជា​ពន្ធនាគារ​នៅក្នុង​ព្រៃធំ​ដាច់ឆ្ងាយ​ពីគេឯង។

សម្រាប់​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch វិញ ដោយ​អនុវត្ត​ចាប់ប្រមូលឃុំ​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ស៊ីនជាំង រដ្ឋអំនាច​ចិន​បាន​ចាប់បំបែក​កូន​ពី​ឪពុកម្តាយ ដោយព្រៃផ្សៃ​បំផុត និង​បាន​ធ្វើ​ឲ្យ​កើតមាន វិបត្តិ ក្មេងអនាថា និង​កុមារ​កំព្រា រាប់លាននាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ