ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ធ្វើទស្សនកិច្ច​ទៅ​អតីតឃ្លាំង​ស្តុកធាតុគីមី​ក្នុងសម័យសង្គ្រាម​វៀតណាម​

media  
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis ត្រូវបានទទួលស្វាគមន៍ដោយមន្រ្តីយោធាវៀតណាមនៅពេលលោកទៅដល់ទីក្រុងហូជីមិញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។ REUTERS/Phil Stewart

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក Jim Mattis នៅថ្ងៃពុធទី១៧​ តុលានេះ​ បានធ្វើដំណើរទៅដល់​ភាគខាងត្បូង​នៃប្រទេសវៀតណាម​ ជាតំបន់​ដែលសហរដ្ឋអាមេរិកធ្លាប់ប្រើសម្រាប់ស្តុកសារធាតុគិមី​ Agent Orange ក្នុង​សម័យសង្គ្រាម​។ ដំណើរ​ទស្សនកិច្ចនេះ​ ត្រូវបាន​គេមើលឃើញថា​ ជាសញ្ញាវិជ្ជមាន​បង្ហាញពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក ​ក្នុងការដោះស្រាយវិបត្តិ​ដែលបន្សល់ទុក​ដោយសារធាតុគីមី ជាមួយនឹង​ប្រទេសវៀតណាម​ រាប់សិបឆ្នាំមកហើយ​។​។

“អាមេរិក​បានសន្យាហើយ​ថានឹងជួយ​...ដូច្នេះហើយ​អាមេរិក​ត្រូវតែ​រក្សាពាក្យសន្យា​របស់ខ្លួន​ដើម្បីដោះស្រាយបញ្ហា​ពីអតីតកាលជាមួយប្រទេសវៀតណាម​"។ នេះ​ជាការថ្លែង​របស់លោក​ Jim Mattis ​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក​ ប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​ នៅក្បែរ​កន្លែងដែលគេធ្លាប់ស្តុកសារធារតុគីមី​ ក្នុងប្រទេសវៀតណាម​។

ទាញចេញ​ពីការលើកឡើង​របស់លោក​ Jim Mattis អង្គការសង្គមស៊ីវិល​មើលឃើញថា​ វាជាការវិវឌ្ឍ​វិជ្ជមានមួយ​ ពីព្រោះថា​វាឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីការប្តេជ្ញាចិត្ត​ របស់​ក្រសួងការពារជាតិ​អាមេរិក ​ក្នុងការដោះស្រាយបញ្ហា​ដែលបន្សល់ទុកដោយសារធាតុគីមី។ ដែលនេះ​ខុសផ្ទុយស្រឡះ​ ពីគ្រាកន្លងមក​ ដែលរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ មិនដែលធ្លាប់បាន​បង្ហាញជំហរ​ជាក់លាក់ណាមួយ​ ក្នុងការទទួលខុសត្រូវ​ចំពោះបញ្ហានេះឡើយ​។

សូមរឭកថា​ ក្នុងចន្លោះ​ឆ្នាំ១៩៦២​ ដល់​ ឆ្នាំ១៩៧១ សហរដ្ឋអាមេរិក​បានបាញ់សារធាតុគីមី Agent Orange ​ចំនួន​៨០ លានលីត្រ ដើម្បីវាយប្រហារ​ទ័ពព្រៃកុម្មុយនិស្ត​វៀតកុង​ នៅភាគខាងត្បូង​នៃប្រទេសវៀតណាម។ ហើយបើតាមរដ្ឋាភិបាលវៀតណាម មានប្រជាជន​វៀតណាម​រហូតដល់ ៣​លាននាក់​ បាន​ទទួលរងគ្រោះថ្នាក់​ដោយសារ​ចំហាយសារធាតុគីមី។ មិនតែប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ​ ​ប្រជាជនវៀតណាម​ចំនួនមួយលាននាក់ កំពុង​រងផលប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ ពីឥទ្ឋិពល​ ដែលនៅតែបន្តមាន ពីសារធាតុគីមី ហើយដែលក្នុងនោះ​ក៏មានកុមារចំនួន​ ១៥ម៉ឺននាក់​ផងដែរ​រងគ្រោះ ដោយពិការភាព​ពីកំណើត​។

គួរជ្រាបផងដែរថា​ មានខេត្តចំនួន៣​ ក្នុងប្រទេសវៀតណាម​ដែលរងគ្រោះ​ដោយសារធាតុគីមី​ បន្សល់ទុក​តាំងពីសម័យសង្គ្រាមវៀតណាម​ បើទោះវា​បានបញ្ចប់ទៅ​អស់រយៈពេលជាង​៤ ទសវត្សរ៍​ទៅហើយក្តី​។ ដោយឡែក បើយោងតាម​មន្រ្តីរដ្ឋាភិបាលអាមេរិក​ មានទឹកប្រាក់​ចំនួនប្រមាណជា​ ៣៩០ ​លានដុល្លារ​ ត្រូវបានអនុម័តនៅក្រោម​រដ្ឋបាល​ លោកបារ៉ាក់អូបាម៉ា គឺដើម្បីបោសម្អាតកន្លែង​ដែលនៅតែមានសារធាតុគីមី​ នៅក្នុង​ប្រទេសវៀតណាម​ នាពេលបច្ចុប្បន្ននេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ