ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT
អាស៊ី

ជំនួបកំពូល​អឺរ៉ុប និង​អាស៊ី​លើកទី១២ ចាប់​ផ្តើម​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក

media លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប JOHN THYS / AFP

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ដល់​ថ្ងៃ​សុក្រ ទី១៩ តុលា ជំនួបកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១២ ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ជំនួបកំពូល ASEM លើក​ទី១២ ពេល​នេះ​ចូល​រួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មក​ពី ៥១ប្រទេស ក្នុង​នោះ មាន ២១ប្រទេស​អាស៊ី និង ៣០ប្រទេស​អឺរ៉ុប។ កិច្ចសន្ទនា​ផ្តោត​លើ​ប្រធានបទ «អឺរ៉ុប និង​អាស៊ី៖​ដៃគូ​ជា​សកល​ដើម្បី​ប្រឆាំង​ទប់​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​លោក »។ ក្រៅ​ពី​ជំនួបកំពូល ASEM ក៏​គេ​ឃើញ​មាន​ជំនួបទ្វេភាគី និង​ការ​រៀបចំ​វេទិកា​ជា​ច្រើន​ផ្សេង​ទៀត។

ជំនួបកំពូល​អឺរ៉ុប និង​អាស៊ី ASEM លើកទី១២ ចាប់​នៅ​វេលា​ម៉ោង ៧យប់ ម៉ោង​ក្នុង​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ជា​ម៉ោង ១២អធ្រាត្រ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ក៏​ដោយសារ​តែ​អឺរ៉ុប​ត្រូវ​បន្ត​កិច្ចប្រជុំ​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​ប្រទេស​សមាជិក​ដើម្បី​បន្ត​ជជែក​ពី​រឿង​សំខាន់ៗ​មួយ​ចំនួន ពិសេស​សំណុំរឿង Brexit។ ជំនួបកំពូល​ជា​ផ្លូវការ​ចាប់​បើក​ជាមួយ​នឹង​ការ​ជួបជុំ និង​ការ​ជប់លៀង​ដែល​នឹង​រៀបចំ​នៅ​ក្នុង​សារៈមន្ទីរសិល្បៈព្រះរាជទ្រព្យ និង​ប្រវត្តិសាស្រ្ត។ ចំណែក​ការ​ជជែក​ការងារ​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៩ តុលា​ដោយ​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល​ក្រោម​ប្រធានបទ « ‘អឺរ៉ុប និង​អាស៊ី៖​ដៃគូ​ជា​សកល​ដើម្បី​ប្រឆាំង​ទប់​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​លោក »។ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ជំនួបកំពូល​ត្រូវ​បិទបញ្ចប់​ជាមួយ​នឹង​ការ​ថតរូប​ជា​លក្ខណៈ​គ្រួសារ​អាស៊ី អឺរ៉ុប​នៅ​រសៀល​ថ្ងៃ​សុក្រ ទី១៩ តុលា។

ជំនួបកំពូល ASEM លើកទី១២ ពេល​នេះ​មាន​សមាសភាព​អ្នក​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ៥១ប្រទេស គឺ ២១ប្រទេស​អាស៊ី និង​៣០ប្រទេស​អឺរ៉ុប។ ក្នុង​ចំណោម​២១ប្រទេស​អាស៊ី​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ហើយ​ក្នុង​ចំណោម​ ៣០ប្រទេស​អឺរ៉ុប មាន ២៨ប្រទេស​សមាជិក បូក​ប្រទេស​ន័រវែស និង​ប្រទេស​ស្វ៊ីស។ អ្វី​ជា​ការ​សម្គាល់ គឺ​ការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ដង​ផ្លូវ​ជុំវិញ​កន្លែង​រៀបចំ​ជំនួបកំពូល​ដោយ​មាន​ការ​ដាក់​ព្រងាយ​កម្លាំង​ប៉ូលិស និង​ទាហាន​ជា​ច្រើន​រយនាក់ រួម​ទាំង​ការ​បិទផ្លូវ ពិសេស​ច្រកចេញ ចូល​រថភ្លើង​ក្រោម​ដី​ដែល​ស្ថិត​ក្បែរ​កន្លែង​ប្រជុំ។ ការ​ពង្រឹង​សន្តិសុខ​ខ្ពស់ ព្រោះ​មាន​ជំនួបកំពូល​អឺរ៉ុប និង​ជំនួបកំពូល​អឺរ៉ុប អាស៊ី ASEM។

គួរ​រម្លឹក​ជូន​ថា ជំនួបកំពូល ASEM ត្រូវ​បាន​រៀបចំ​រៀងរាល់ ២ឆ្នាំ​ម្តង ហើយ​ការ​រៀបចំ គឺ​ម្តង​នៅ​អាស៊ី និង​ម្តង​នៅ​អឺរ៉ុប។ ជំនួបកំពូល​ឆ្នាំ ២០១៤ បាន​រៀបចំ​នៅ​អ៊ីតាលី ឆ្នាំ ២០១៦ បាន​រៀបចំ​នៅ​ម៉ុងហ្គោលី ហើយ​ឆ្នាំ ២០១៨ នេះ​នៅ​ប្រទេស​បែលហ្ស៊ិក ចំណែក​នៅ​ឆ្នាំ ២០២០ ដល់​វេន​អាស៊ី​ជា​ថ្មី។ ប៉ុន្តែ ប្រទេស​អាស៊ី​មួយ​ណា​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​មិន​ទាន់​ដឹង​ទេ តែ​កម្ពុជា​បាន​ស្នើ​បេក្ខភាព​របស់​ខ្លួន​រួច​ហើយ។

ជំនួប​ទ្វេភាគី​រវាង​លោក​ហ៊ុន សែន និង​សមភាគី​មួយ​ចំនួន

នៅ​ក្រៅ​ក្របខណ្ឌ​នៃ​ជំនួបកំពូល ASEM ក៏​មាន​ជំនួបកំពូល ជំនួប​ទ្វេភាគី និង​វេទិកា​ជា​ច្រើន​ផ្សេង​ទៀត រួម​មាន ជំនួបកំពូល​លើកទី៣ នៃ​អ្នកដឹកនាំ​វ័យក្មេង​អាស៊ី អឺរ៉ុប វេទិកា​សេដ្ឋកិច្ច​អាស៊ី អឺរ៉ុប និង​វេទិកា​សហគ្រាស​អាស៊ី អឺរ៉ុប។ សម្រាប់​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន កម្មវីធី​នៃ​ជំនួបទ្វេភាគី​មាន​រយៈពេល ២ថ្ងៃ​ជាប់​គ្នា​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ តុលា​ជាមួយ​នឹង ៤ភាគី គឺ​ជាមួយ​ក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន អឺរ៉ុប ជាមួយ​លោកស្រី​ហ្វេដេរីកា ម៉ូហ្កេរីនី ប្រមុខ​ការទូត​អឺរ៉ុប សមភាគី​ចិន​លោក​លី ខឺជាំង និង​សមភាគី​រុស្ស៊ី​លោក​ឌីមីទ្រី មេដឺវេដេស្វ។

នៅ​ថ្ងៃ​សុក្រ ទី១៩ តុលា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ជួប​សន្ទនា​ជាមួយ​សមភាគី​ហុងគ្រី ន័រវែស ឆែក និង​អេស្តូនី។ តែ​ជំនួបកំពូល​ដែល​សំខាន់ និង​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង គឺ​ជំនួប​ជាមួយ​លោកស្រី​ហ្វេដេរីកា ម៉ូហ្កេរីនី។ សំខាន់ និង​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​វា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​មួយ​តានតឹង​រវាង​កម្ពុជា និង​សហភាពអឺរ៉ុប។ អឺរ៉ុប​ដែល​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយ​លើក​យក​ហេតុផល​សិទ្ធិមនុស្ស និង​នយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្សប្រឆាំង គឺ​គណបក្ស​សង្រ្គោះជាតិ។

បន្ទាប់​មក និង​អ្វី​ដែល​មិន​គួរ​ភ្លេច​និយាយ​បន្ថែម គឺ​ការ​ជួប​សំណេះសំណាល​រវាង​លោក​នាយករដ្ឋមន្រ្តី​ខ្មែរ និង​សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប​នា​ថ្ងៃ​សុក្រ ទី១៩ តុលា ។ តែ​ទន្ទឹម​នឹង​ជំនួបសំណេះសំណាល​នេះ ក្រុមប្រឆាំង​ក៏​គ្រោង​រៀបចំ​ក្បួនបាតុកម្ម​ក្បែរ​អាគារ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ប្រទេស​បែលហ្ស៊ិក​ពេល​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ